ក្រុងបាងកក៖ អាជ្ញាធរថៃនិយាយថា យ៉ាងតិចណាស់មានមន្ត្រីប៉ូលីសបីនាក់បានស្លាប់នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា នេះ ដោយការផ្ទុះគ្រាប់ បែកមួយគ្រាប់ ដែលគេបានកប់នៅក្រោមដីលើផ្លូវជាតិមួយខ្សែនៅភាគខាងត្បូងប្រទេសថៃ។ ហេតុការណ៍ផ្ទុះគ្រាប់បែកករណីថ្មីមួយទៀតនេះ កើត ឡើងខណៈការចរចារកសន្តិភាពកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ នៅតំបន់ដែលសម្បូរទៅដោយកុបកម្មញាំញីឥតស្រាក ស្រាន្តមួយនេះ។
ភាគខាងត្បូងនៃប្រទេសថៃ គឺសម្បូរទៅដោយពួកមូស្លីមរស់នៅ ហើយតំបន់នេះនៅជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ី។ តំបន់នេះត្រូវបានគេមើល ឃើញថា មានកើតហេតុការណ៍បំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារជាញឹកញាប់ ចាប់តាំងមានសញ្ញាណថ្មីបំផុតនៃការបះបោរចង់ផ្តាច់ទឹកដីបានផ្ទុះឡើងកាលពីឆ្នាំ ២០០៤ ។
មន្ត្រីប៉លិសបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប៉ូលិសបីនាក់ដែលបានស្លាប់នេះ ពួកគេមានអាយុជាង ២០ ឆ្នាំ។ ពួកគេស្លាប់បន្ទាប់ពីគ្រាប់បែកមួយបានវាយប្រហាររថយន្តរបស់ពួកគេដែលកំពុងធ្វើដំណើរទៅប្រមូលការណ៍សម្ងាត់ នៅក្នុងខេត្តយ៉ាឡា។
របបយោធាដែលកំពុងកាន់អំណាចនៅប្រទេសថៃនិយាយថា ខ្លួនបានព្យាយាមដើម្បីចាប់ផ្ដើមការជជែកពិភាក្សារកសន្តិភាពជាមួយពួកសកម្ម ប្រយុទ្ធមូស្លីម ចាប់តាំងពីខ្លួនបានកាន់អំណាចកាលពីឆ្នាំ ២០១៤មកម្ល៉េះ ប៉ុន្តែការចរចានោះបានបរាជ័យ ហើយការវាយប្រហារបានកើតឡើងជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃនោះ៕ប្រភព៖CNA