en     km
en     km

សង្គម​ស៊ី​វិល​៖​ បទ​បរិហា​កេរ្តិ៍​ កាន់តែ​ច្រើន​ប្ដឹង​ទៅ​តុលាការ​ គឺ​អ្នក​រិះគន់​កាន់តែ​ងាយ​ជាប់គុក​ដូច​លោក​ នី​ ចរិយា​

Share

កាលពី​ថ្ងៃ​ទី​២២​ កញ្ញា​ អង្គការ​ និង​សមាគម​ ចំនួន​៣៥​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​លោក​ នី​ចរិយា​ អគ្គលេខាធិការ​រង​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​មានទោស​៦​ខែ​តាម​បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ ករណី​បរិហារកេរ្តិ៍​។​

លោក នី ចរិយា
លោក នី ចរិយា

​ករណី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ រដ្ឋាភិបាល​ ប្រើប្រាស់​បទ​បរិហា​កេរ្តិ៍​ និង​បទបញ្ញត្តិ​ផ្សេងៗ​នៃ​ក្រមព្រហ្មទណ្ឌ​ កាន់តែ​ច្រើន​ ដើម្បី​ផ្តន្ទាទោស​ លើ​អ្នក​និយាយ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ គឺ​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ធ្ងន់ធ្ងរ​ដល់​ រិះគន់​ ដើម្បី​អភិវឌ្ឍន៍​។​ តែ​បែប​នេះ​ក្ដី​ មន្ត្រី​បក្ស​កាន់​អំណាច​ មិន​គាំទ្រ​ ការ​ចោទប្រកាន់​ លើ​រដ្ឋាភិបាល​នោះ​ទេ​។​ កញ្ញា​ ឆេ​ង​ ណា​តា​រាយការណ៍​៖

 

​តាម​សេចក្ដីថ្លែងការណ៍​របស់​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ការ​ប្រើប្រាស់​បទ​បរិហា​កេរ្តិ៍​ ដើម្បី​ផ្តន្ទាទោស​លើ​អ្នក​និយាយ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ គឺ​ មិន​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហើយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ខាង​បញ្ចេញមតិ​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ បាន​លើក​ឡើង​បន្ត​ថា​ ការ​កាត់ទោស​លោក​ នី​ ចរិយា​ ដោយ​ចោទ​ពី​បទ​បរិហា​កេរ្តិ៍​ គឺ​ធ្វើ​ឡើង​ក្នុង​បរិបទ​ ដែល​មានការ​បង្ក្រាប​ខ្លាំង​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​លើ​សំឡេង​ឯករាជ្យ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា​ការ​កត់​ទោស​ អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​សមាគម​អា​ដ​ហុ​ក​រូប​នេះ​ គឺជា​ការ​បង្ហាញ​នូវ​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ ព្រហ្មទណ្ឌ​ និង​តុលាការ​ជា​ឧបករណ៍​ ដើម្បី​រឹតត្បិត​ ទៅ​លើ​លំហ​លទ្ធិប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​ នៅ​មុន​ការ​បោះ​ឆ្នោត​ ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​។​

​ក្រុម​សង្គម​ស៊ី​វិល​បន្ថែម​ថា​ ការ​អធិប្បាយ​របស់​លោក​ នី​ ចរិយា​ ពិតជា​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​ទាមទារ​ឱ្យ​មានការ​អធ្យាស្រ័យ​ខ្ពស់​ ចំពោះ​សុន្ទរកថា​បែប​នយោបាយ​។​

លោក កុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល
លោក កុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​ អង្គការ​ខម​ហ្វ្រែ​ល​ ដែល​ចូលរួម​ចេញ​សេចក្ដីថ្លែងការណ៍​នេះ​មាន​ប្រសាសន៍​ថា​ ជម្លោះ​រវាង​អ្នកមាន​អំណាច​ និង​អ្នកតូច​តាច​នឹង​កាន់​រីក​ធំ​ ដោយសារ​តែ​ប្រជាពលរដ្ឋ​យល់​ថា​ អ្នក​ដែល​ខំប្រឹង​ជួយ​ពួក​គាត់​ មិន​មាន​ឥទ្ធិពល​ទៅ​លើ​អាជ្ញាធរ​ ហើយ​ពេល​ខ្លះ​ ត្រូវ​ប្រឈម​មុខ​ច្បាប់​ដូច​ករណី​លោក​ នី​ ចរិយា​។​ លោ​កថា​បញ្ហា​នេះ​ក៏​អាច​កើត​មាន​ព្រឹត្តិការណ៍​ស្មាន​មិន​ដល់​ណាមួយ​កើតឡើង​ផង​ដែរ​។​

​លោក​ គល់​ បញ្ញា​៖​ «​ហើយ​វា​មានការ​អាច​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​ ហើយ​ទៅ​ប្រជាពលរដ្ឋ​ ឬ​ក៏​ទៅ​អ្នក​ផ្សេងៗ​ទៀត​ ដែល​យើង​ពិបាក​ប៉ាន់​ប្រមាណ​អំពី​ផល​ប៉ះពាល់​ ដែល​អាច​កើត​នៅ​ពេល​ខាង​មុខ​ ព្រោះថា​ប្រជាពលរដ្ឋ​ អត់​មាន​លទ្ធិ​ភាព​ក្នុង​ការ​ប្រើ​មធ្យោបាយ​ ប្រើ​យន្តការ​នានា​ ដើម្បី​ជះ​ឥទ្ធិពល​ វា​អាច​ចេញ​ទៅ​ជា​ ការ​ផ្សេងៗ​ទៀត​ ដែល​យើង​មិន​អាច​គិត​ទុក​មុន​បាន​ អាហ្នឹង​គឺ​កង្វល់​របស់​យើង​ ហើយ​អង្គការសិទ្ធិមនុស្ស​ ដែល​តស៊ូ​មតិ​ នេះ​យើង​ខំប្រឹង​ធ្វើការ​ងារ​ដែល​ជះ​ឥទ្ធិពល​ ធ្វើ​ឱ្យ​វា​ការ​សម្រេចចិត្ត​ ធ្វើ​កិច្ច​ងារ​របស់​អាជ្ញាធរ​ ធ្វើ​ការងារ​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ »​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​
​គណបក្សកាន់អំណាច​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២៣​កញ្ញា​ នេះ​ថា​ ប្រសិនបើ​គ្រាន់តែ​ការ​និយាយ​រិះគន់​ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ គឺ​ស្រប​ទៅ​តាម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​កុំឱ្យ​តែ​ការ​រិះគន់​នោះ​ ប៉ះពាល់​ទៅ​លើ​សិទ្ធិ​ និង​កិត្តិយស​អ្នក​ដទៃ​ ដែល​វា​ផ្ទុយ​នឹង​ច្បាប់​។​

​លោក​បន្ថែម​ថា​៖​ «​ក៏​ប៉ុន្តែ​អានេះ​រិះគន់​មូល​បង្កាច់​គេ​ វា​សិទ្ធិ​អី​ទៅ​បញ្ចេញមតិ​ អាហ្នឹង​មិនមែន​បញ្ចេញមតិ​ទេ​ កាលណា​ និយាយ​រិះគន់​ និយាយ​មូល​បង្កាច់​គេ​ អាហ្នឹង​វា​ចូល​ក្នុង​បទល្មើស​ច្បាប់​ហើយ​។​ អ​ញ្ចឹ​ង​ច្បាប់​គេ​ត្រូវ​រក​ហើយ​ ព្រោះ​ច្បាប់រដ្ឋធម្មនុញ្ញ​គេ​តែង​ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញមតិ​ តែ​កុំឱ្យ​បញ្ចេញមតិ​ប៉ះ​សេរីភាព​ សេចក្តី​ថ្លៃថ្នូ​ កិត្តិយស​អ្នក​ដទៃ​..»​។​

​យ៉ាងណា​ក៏​ដោយ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ បាន​អំពាវនាវ​ ដល់​តុលាការ​កម្ពុជា​បំពេញ​តួនាទី​ ប្រកបដោយ​ឯករាជ្យ​ភាព​ពិតប្រាកដ​ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​នានា​ ដើម្បី​វាយប្រហារ​លើ​សង្គម​ស៊ី​វិល​ និង​សំឡេង​ឯករាជ្យ​ផ្សេងៗ​ទៀត​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ កាល​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត់​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ ដោយ​ទារ​សំណង​ជម្ងឺ​១០​ម៉ឺន​ដុល្លារ​ផង​ដែរ​៕​

Share

Image
Image
Image