ភ្នំពេញ៖ ក្រុមគណៈកម្មការបុណ្យខួបគំរប់១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាព ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០ កក្ដដា ២០១៦ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថាពិធីបុណ្យខួបនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦។
គណៈកម្មការបុណ្យក៏បានអំពាវនាវដល់អ្នកដែលមានកន្លែង សម្រាប់ជួលសូមផ្ដល់ដំណឹងដល់គណៈកម្មការបុណ្យផង ព្រោះមកដល់ពេលនេះគណៈកម្មការបុណ្យស្នើសុំកន្លែងមួយចំនួនប៉ុន្ដែត្រូវបានបដិសេធ។ លោក លៀ ស៊ីណា រាយការណ៍៖
សមាជិកគណកម្មការបុណ្យខួបគំរប់ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី មួយរូបគឺលោក សៅ កុសល់ បានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ២៣ កញ្ញា ដោយបញ្ជាក់ថា ក្រុមគណៈកម្មការបុណ្យខួបគំរប់ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី រហូតមកដល់ថ្ងៃនេះគឺមិនទាន់រកកន្លែងសម្រាប់ប្រារព្ធពិធីនេះបាននៅឡើយទេ។
ជាមួយសេចក្ដីប្រកាស់នេះលោក សៅ កុសល់ ក៏បានអំពាវនាវដល់សាធារណៈជន ដែលមានកន្លែងសម្រាប់ជួលសូមផ្ដល់ដំណឹងមកគណៈកម្មការបុណ្យ របស់លោកបណ្ឌិត កែម ឡី គឺយ៉ាងណាឲ្យបានមុនថ្ងៃប្រារព្ធពីធី មួយសប្ដាហ៍ដើម្បីងាយស្រួលក្នុងការរៀបចំផ្ដល់ដំណឹងជូនសាធារណៈជន ។
លោក សៅ កុសល់៖«ខ្ញុំសូមអរគុណវិទ្យុស្ដ្រី ឈ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវដល់បងប្អូនរួមជាតិ ដែលឃើញការលំបាករបស់គណៈកម្មការបុណ្យក្នុងការរកទីតាំងធ្វើបុណ្យសូមផ្ដល់ព័ត៌មានឲ្យបានមុនបុណ្យមួយសប្ដាហ៍មកដើម្បី យើងប្រកាសជូនដល់សាធារណៈជនឲ្យបានដឹង ហើយក៏សំណូមពរដល់បងប្អូនជនរួមជាតិ បន្ដគាំទ្រស្វែងរកយុត្ដិធម៌ជូនគាត់»។
លោក សៅ កុសល់ បានឲ្យដឹងបន្ថែមថា គណៈកម្មការបុណ្យនៅពេលនេះមិនបានជូនដំណឹង ទៅកាន់សាលារាជធានីភ្នំពេញនៅឡើទេ ជុំវិញគម្រោងប្រារព្ធពិធីបុណ្យខួបគំរប់ ១០០ ថ្ងៃដោយរងចាំផុតពិធីបុណ្យភ្ជុំបិណ្ឌសិន។
សូមជម្រាបថា បើយោងតាមសេចក្ដីប្រកាស់ព័ត៌មានដែលផ្សព្វផ្សាយបញ្ជាក់ថា កម្មវិធីបុណ្យនឹងប្រារព្ធធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានតាំងពីពណ៌រូបថត ការចាក់ផ្សាយឡើងវិញនូវបទវិភាគបញ្ហាសង្គមផ្សេងៗ និងដង្ហែរូបសំណាក់របស់លោកបណ្ឌិត កែម ឡី ទៅដំកល់នៅបូជនីយដ្ឋាននៃសពនៅខេត្ដតាកែវ។
ជាងនេះក្រុមគណៈកម្មការបុណ្យ ក៏បានអំពាវនាវដល់សាធារណៈជនដែលមានឯកសារ ជុំវិញបទវិភាគរបស់លោកបណ្ឌិត កែម ឡី កន្លងមក ហើយចង់ចូលរួមរក្សាទុកជាឯកសារ សូមផ្ញើទៅកាន់ក្រុមគណៈកម្មការបុណ្យតាមបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការរបស់លោក បណ្ឌិត កែម ឡី ។
គួររម្លឹកថាលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់លោកនៅកណ្ដាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦ ៕