ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីអង់គ្លេសដែលទើបជ្រើសតាំងថ្មី លោកស្រី Theresa May បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃនេះ ដោយលោកស្រីសន្យាថា ប្រទេសអង់គ្លេសនឹងប្រើប្រាស់រាប់ពាន់លានផោនក្នុងជំនួយមនុស្សធម៌ ដើម្បីទប់ស្កាត់អំពើភេរវកម្មនិងការបញ្ឈប់ លំហូរជនភៀសខ្លួនមកកាន់ទ្វីបអឺរ៉ុប។
លោកស្រី បានបញ្ជាក់ទៀតថា នឹងបញ្ចូនកងទ័ពអង់គ្លេសក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិទៅកាន់ប្រទេសសូម៉ាលី ដើម្បីជួយកងប្រដាប់អាវុធ របស់ប្រទេសនេះប្រយុទ្ធប្រឆាំងជាមួយពួកសកម្មប្រយុទ្ធ al-Shabaab។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អង់គ្លេសបានបញ្ជូនកងទ័ពរបស់ខ្លួនចំនួន១០០នាក់ ទៅកាន់ទ្វីបអាហ្វ្រិក ក្នុងក្របខណ្ឌរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីជួយប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធ al-Shabaab។
ថ្លែងនៅចំពោះប្រតិភូ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រីនាយកអង់គ្លេស ក៏បានសន្យាផ្ដល់ជំនួយសម្រាប់ជនភៀសខ្លួន ដែលហូរចូលទ្វីបអឺរ៉ុប ប៉ុន្ដែលោកស្រីអះអាងថា អង់គ្លេសកំពុងតែរកវិធីទប់ស្កាត់ជនភៀសខ្លួនទាំងនោះ គឺ ប្រយោជន៍អោយពួកគេរស់នៅក្នុងតំបន់នៃទឹកដីរបស់ខ្លួនដែលអាចរស់នៅបាន៕ប្រភព:BBC