ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនឹងរៀបចំសិក្ខាសាលា«TechCam H2.0 សំរាប់យុវជនមកពីប្រទេសកម្ពុជា ភូមា ទ្បាវ ថៃ និងវៀតណាម»។ សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ វេលាម៉ោង ៩ ព្រឹក នៅ Raintree Cambodia (អាគារលេខ ២៩៩ ផ្លូវព្រះអង្គឌួង ខណ្ឌដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងសិក្ខាសាលានោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Willim Heidt នឹងថ្លែង សុន្ទរកថាស្តីពី « TechCam Cambodia H2.0 » ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់ទន្លេមេគង្គក្រោម ហើយក៏មានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផាល្លែត ក៏ចូលរួមផងដែរ។
TechCam គឺជាសិក្ខាសាលាស្តីពីបច្ចេកទេសមានរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមពីអ្នកឯកទេសផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេស និងមកពីក្រៅប្រទេស ដើម្បីបង្រៀនសមាជិកចំនួន ៥០ នាក់ នៃគំរោងស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុជនវ័យក្មេង នៅអាស៊ីអាគ្នេយ៍ ដោយលោកប្រធានាធិបតី អូបាម៉ា។
ការរៀបចំឱ្យមានសិក្ខាសាលានេះគឺដើម្បីឱ្យក្រុមយុវជន មកពីប្រទេសទាំងនោះបានយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់ ដោះស្រាយបញ្ហាប្រឈមផ្នែកទឹក នៅក្នុងតំបន់ទន្លេមេគង្គក្រោមហើយ ជាងនេះទៅទៀតនោះគឺដើម្បីជំរុញការសិក្សានិងអាជីពផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
TechCam គឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមានការចូលរួមធ្វើការងារនិងការផ្តល់អំណាចឱ្យអ្នកចូលរួម តាមរយៈការបណ្តុះបណ្តាល ពួកគេលើវិធីប្រើមធ្យោបាយបច្ចេកវិទ្យាដែលចំណាយអស់សោហ៊ុយតិច ងាយយកទៅអនុវត្ត និងមានប្រសិទ្ធភាពខ្ពស់។
សូមជំរាបថាកន្លងមក TechCam ចំនួន ៤០ ត្រូវបានធ្វើនៅទូទាំងសាកលលោក ដោយក្នុងនោះ TechCam ចំនួន ពីរ ត្រូវបានធ្វើកន្លងមកនៅកម្ពុជា។ ទីមួយ ស្តីពី ការកសាងសមត្ថភាព និងការផ្តល់អំណាចដល់យុវជន ដែលត្រូវបានធ្វើកាលពីខែមីនា ឆ្នាំ២០១៣ និងទីពីរ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានធ្វើកាលពីខែកញ្ញា ឆ្នាំ២០១៣៕