នៅព្រឹកមិញនេះ អ្នកទេសចរណ៍ជាតិ និងអន្ដរជាតិបានមូរមីគ្នា ទៅមើលភាពអស្ចារ្យនៃព្រះអាទិត្យរះចុងកំពូលកណ្ដាល ប្រាសាទអង្គរវត្ត ជាអច្ឆិរយៈកើតមាន២ដងក្នុងមួយឆ្នាំ ។
តាមរូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អ្នកដែលបានទៅអង្កេតការណ៍ អំពីអច្ឆិរយៈនៃព្រះអាទិត្យនេះ ឃើញថា ព្រះអាទិត្យចាប់ផ្ដើមរះនៅម៉ោង៦ព្រឹក ចាំងពន្លឺព្រិចៗ មកលើបរិវេណប្រាសាទអង្គរវត្ត ដោយព្រះអាទិត្យសំកាំង ចំកំពូលកណ្ដាលនៃប្រាសាទ ធ្វើអោយអ្នកទេសចរណ៍គយគន់មិនដាក់ភ្នែក។
តាមសេចក្ដីរាយការណ៍ពីខេត្តសៀមរាប និងគេហទំព័រក្នុងស្រុកមួយ អ្នកទេសចរណ៍ជាតិ និងអន្ដរជាតិប្រមាណជា១ម៉ឺន៥ពាន់នាក់ បានទៅថតផ្ដិតយករូបភាព និងគយគន់ភាពអស្ចារ្យដែលព្រះអាទិត្យបានដើរគោចរណ៍ ចំកំពូលប្រាសាទអង្គរវត្ត។
EQUINOX គឺជាភាសាបរទេសមួយដែលគេនិយាយពីដំណើរគោចរណ៍នៃព្រះអាទិត្យរះចំ ចំនុចកណ្ដាលនៃប្រាសាទអង្គរវត្ត ហើយបាតុភូតដ៏អស្ចារ្យនេះ ត្រូវបានអ្នកវិទ្យាសាស្ដ្រអះអាងថា មានកើតឡើងពីរដងក្នុងមួយឆ្នាំ គឺ កើតឡើង ក្នុងខែមីនា និងខែកញ្ញា៕