ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ បានសម្រេច ចោទប្រកាន់លោកស្រី ថាក់ ឡានី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម( Telegram)នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៦នេះថាតុលាកាបាន ចោទប្រកាន់លោកស្រី ថាក់ ឡានី ជាផ្លូវការហើយ ។ លោកបន្តថា មេធាវីសម្តេចតេជោ ហ៊ុន សែន គឺ លោក គី តិច ជាដើមបណ្ដឹង ដែលបានប្តឹងអ្នកស្រី ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ប៉ុន្តែ លោក ពុំបានបញ្ជាក់អំពីកាលបរិច្ឆេទជំនុំជម្រះនៅពេលណានៅឡើយទេ។
លោក លី សុផាណា៖« អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេច បញ្ជូនសំណុំរឿងដែលសម្តេចតេជោ ហ៊ុន សែន ប្តឹងពីឈ្មោះ ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ »។
ពាក្យបណ្ដឹងនេះចោទប្រកាន់លើលោកស្រី ថាក់ ឡានី ពីបទ បរិហាកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ការសម្រេចបញ្ជូនសំណុំរឿងរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពី ព្រឹទ្ធសភាចំនួន ៤៦ មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំកន្លងមក បានបោះឆ្នោត លើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធី។
កាលពីដើមខែសីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី និងលោក សម សម រង្ស៊ី ដោយទាមទារសំណងចំនួន ១០០រៀល ករណីលោកស្រី និងប្រធានគណបក្សសង្គ្រោះជាតិ បានចោទសម្តេចថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី៕