ភ្នំពេញ៖ មេធាវីការពារក្តីឲ្យលោក នី ចរិយា ប្រកាសថានឹងប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសកូនក្តីរបស់លោក ៦ខែ ប្រាក់ចំនួន ៦ លានរៀល ដោយអយុត្តិធម៌។ លោក ធូ វិរៈ រាយការណ៍៖
សាលក្រមនេះ ធ្វើឡើងដោយលោក ឃី ឆៃ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើង បន្ទាប់ពី តុលាការ បានបើកជំនុំជម្រះក្ដីរយៈពេលមួយព្រឹក នៅព្រឹក ថ្ងៃព្រហស្បត្តិទី ២២ កញ្ញានេះ ដែលធ្វើឡើងដោយសារមានពាក្យបណ្ដឹង របស់មន្ត្រីតុលាការ២រូបនៅខេត្ត សៀមរាប ប្ដឹង អតីតមន្ត្រីសមាគម អាដហុក លោក នី ចរិយា ដូចបទចោទខាងលើនេះកាលពីចុងឆ្នាំ២០១៥។
ជុំវិញការប្រកាសសាលក្រមនេះ មេធាវីការពារក្តីឲ្យ លោក នី ចរិយា គឺ លោក សំ សុគង់ យល់ថាការសម្រេចផ្តន្ទាទោស លើកូនក្ដីលោកគឺជារឿងអយុត្តិធម៌។ លោកមេធាវី បានបញ្ជាក់ថា ក្រុមមេធាវីនឹងប្តឹងទៅសាលាឧទ្ធរណ៍។
លោក សំ សុគង់៖«ជំហររបស់កូនក្តីក៏ដូចមេធាវី នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចក្នុងសាលក្រមនៅព្រឹកនេះទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ ពិនិត្យអំពីនីតិវិធីក៏ដូចកាត់សេចក្តីឡើងវិញ»។
ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ និងសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ នី ចរិយា ដោយយោងតាមមាត្រា ៣០៥ មាត្រា ៣១១ មាត្រា ៣១២ និងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី ២២ កញ្ញា ២០១៦។
លោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានប្តឹងលោក នី ចរិយា ពីបទបរិហារកេរ្ដិ៍ ពាក់ព័ន្ធលើ អតីតមន្ត្រីសមាគម អាដហុក បន្ទាប់ពី លោក នី ចរិយា បានធ្វើសន្និសិទសារព័ត៌មាន ចំនួនពីរលើក ដោយផ្ដោតអំពីរឿងតុលាការខេត្តសៀមរាប ចាប់ឃុំខ្លួនអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ២នាក់គឺលោក វ៉ែន វ៉ន និង លោក អឿន សុខ ថាធ្វើឡើងខុសនីតិវិធី។
ករណីនោះគឺ ទាក់ទងនឹងទៅជម្លោះដីធ្លីរបស់ពលរដ្ឋ នៅក្នុងភូមិជប់រំដេង ជាមួយសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម (Community Takhmao Development Agriculture & Industrial )។
បច្ចុប្បន្ននេះ តុលាការខេត្តសៀមរាប បានដោះលែងអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ២នាក់នោះហើយ។ ចំណែកដីដែលមានជម្លោះជាមួយសហគមន៍ តាខ្មៅនោះ សាលាខេត្តសៀមរាប ក៏សម្រេចកាត់ដីឲ្យប្រជាពលរដ្ឋភូមិជប់រំដេង ទទួលសិទ្ធិកាន់កាប់លើដីជម្លោះនោះវិញ ដោយទទួលបានដីដាំដំណាំកសិកម្មជាធម្មតា។
លោក នី ចរិយា ដែលកំពុងជាប់ឃុំខ្លួននៅ ពន្ធនាគារ ស្នងការនគរបាលរាជធានីភ្នំពេញ លោក បានលាលែងពីបុគ្គលិករបស់សមាគម អាដហុក ហើយបច្ចុប្បន្នលោក ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទទួលបន្ទុក សវនកម្ម បញ្ជីឈ្មោះបោះឆ្នោត។
សូមជម្រាបដែរថា ក្រៅពីត្រូវបានប្ដឹង ពីមន្ដ្រីតុលាការខេត្តសៀមរាប លោកក៏នៅមានការចោទប្រកាន់ និងឃុំខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ផងដែរ៕