en     km
en     km

មន្ត្រី​គ​.​ជ​.​ប​៖​ករណី​កងទ័ព​ត្រូវ​គេ​ដឹក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ស្ថិត​ក្នុង​បណ្ដឹង​មួយ​ដ៏​សំខាន់​

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ថា​គ​.​ជ​.​ប​ បាន​ទទួល​ពាក្យបណ្ដឹង​ ចំនួន​ជាង​២០​ពាក្យបណ្ដឹង​ ដោយ​បណ្ដឹង​មួយ​គឺ​ករណី​កងទ័ព​ត្រូវ​គេ​ដឹក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ថិត​ក្នុង​បណ្ដឹង​មួយ​ដ៏​សំខាន់​។​

អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​របស់​ស្ថា​ប័​នេះ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២២​ កញ្ញា​ នេះ​ថា​ ចាប់ពី​ដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ រហូត​មក​ត្រឹម​ថ្ងៃ​ទី​ ២២​ កញ្ញា ​នេះ​ គឺ​ គ​.​ជ​.​ប​ បាន​ទទួល​ពាក្យបណ្ដឹង​ ជាង​២០​ពាក្យបណ្ដឹង​ និង​មាន​អ្នកចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​ ៣​ លាន​នាក់​។​

​លោក​បញ្ជាក់​ថា​ ពាក្យបណ្ដឹង​មួយ​ចំនួន​ ត្រូវ​បាន​ដោះស្រាយ​នៅ​នឹង​កន្លែង​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​ពាក្យបណ្ដឹង​ គ​.​ជ​.​ប​ បាន​ទទួល​ហើយ​ ហើយ​ជា​ទូទៅ​ពាក្យបណ្ដឹង​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​មួយ​ចំនួន​រួចរាល់​ហើយ​ ហើយ​មិន​មានការ​ស្រុះស្រួល​ មក​ គ​.​ជ​.​ប​ ហើយ​សម្រាប់​ គ​.​ជ​.​ប​ ក៏​បាន​ដោះស្រាយ​ដែរ​ »​។​

​អ្នកនាំពាក្យ​រូប​នេះ​ បានបញ្ជាក់​ប​បន្ថែម​ថា​ ក្នុង​ចំណោម​ពាក្យបណ្ដឹង​ជាង​២០​ មាន​ពាក្យបណ្ដឹង​ខ្លះ​ដែល​ គ​.​ជ​.​ប​ កំពុង​បញ្ជូន​មន្ដ្រី​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដូច​ជា​ ករណី​ការ​ដឹកនាំ​ទ័ព​ទៅ​ចុះ​ឈ្មោះជាដើម​។​

​លោក​ ហង្ស​ ពុទ្ធា​ ៖«​ជា​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ថា​ មាន​ទាហាន​ត្រូវ​គេ​ដឹក​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​និង​មានការ​រំខាន​ ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាដើម​»​។​

​បើ​តាម​លោក​ ហង្ស​ ពុទ្ធា​ ចាប់តាំងពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​ ០១​កញ្ញា​ មក​ដល់​ថ្ងៃ​ទី​ ២១​កញ្ញា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​២​លាន​៩​សែន​៣​ម៉ឺន​៧​ពាន់​៧​រយ​៦១​នាក់​ ដែល​ជិត​នឹង​៣​លាន​នាក់​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ទៀត​ ធ្វើ​ឡើង​ដោយ​មាន​អ្នកជំនាញ​បច្ចេកទេស​ កុំព្យូទ័រ​ អ្នកជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​គិត​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​មាន​ផ្ដិត​ស្នាម​មេដៃ​ និង​ថត​មុខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ប្រសិទ្ធិ​ភាព​ ដោយ​មិន​អាច​មានឈ្មោះ​ស្ទួន​ ឈ្មោះ​ខ្មោច​ និង​អ្នកបោះឆ្នោត​បន្លំ​ទៀត​ឡើយ​៕

Share

Image
Image
Image