ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក នី ចរិយា អោយជាប់ពន្ធនាគារ រយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ និងប្តឹងបរិហាបង្កាច់កេរ្តិ៍ ផ្សព្វផ្សាយនូវការអត្ថាធិប្បាយធ្វើការដាក់សម្ពាធលើយុត្តាធិការ។
តាមអ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រីFM102 បានរាយការណ៍អោយដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលដីការផ្ដន្ទាទោស លោក នី ចរិយា មានស្ថានទម្ងន់ទោសដូចនេះ គឺធ្វើឡើងបន្ទាប់ពីលោក នី ចរិយា ត្រូវបាននាំខ្លួនមកកាន់សវនាការ ជំនុំជម្រះក្ដីរយៈពេលពេញមួយព្រឹកនៅថ្ងៃព្រហស្បត្តិ៍ ទី២២កញ្ញានេះ។
យ៉ាងណាក៏ដោយមេធាវីរបស់ លោក នី ចរិយា ថានឹងប្ដឹងទាស់ចំពោះករណីនេះ ទៅសាលាឧទ្ធរណ៍។
តាមអ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រីFM102 សវនាការជំនុំជម្រះនៅថ្ងៃនេះមិនមានវត្តមាន ដើមបណ្តឹងចូលរួមនោះទេ គឺមានតែតំណាងមេធាវីតែប៉ុណ្នោះ។
កន្លងមកលោក នី ចរិយា ត្រូវបាន លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់លោក នី ចរិយា ថា បានបរិហារកេរ្ដិ៍ ពួកលោក ពាក់ព័ន្ធនឹងជម្លោះដីធ្លីរបស់ពលរដ្ឋនៅខេត្តសៀមរាប ជាមួយសមាគម តាខ្មៅ អភិវឌ្ឍន៍ កសិកម្ម និង ឧស្សាហកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិ ថា ក្រុមហ៊ុនបានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការ ជុំនុំជម្រះពេញអង្គ តាមពាក្យបណ្ដឹងរបស់មន្ដ្រីតុលាការ ពីររូបនេះ ដែលប្ដឹង លោក នី ចរិយា ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ។ ក្នុងពេលបើកសវនាការជំនុំជម្រះ លោក នី ចរិយា បានសម្រេចប្ដឹងទាស់ភ្លាមៗ ទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្ដូរចៅក្រម ដែលលោកសំអាងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជុំនុំជម្រះ ដោយមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណីចូលរួម។
បន្ថែមលើនេះ លោក នី ចរិយា បានបញ្ជាក់ថា អ្វីដែលមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងរូបលោក គឺ លោកមិនអាចទទួលយកបានឡើយ។
លោក នី ចរិយា ដែលកំពុងជាប់ឃុំខ្លួននៅ ពន្ធនាគារ ស្នងការនគរបាលរាជធានីភ្នំពេញ លោក បានលាលែងពី បុគ្គលិករបស់ សមាគម អាដហុក ហើយបច្ចុប្បន្នលោក ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទទួលបន្ទុក សវនកម្មបញ្ជីឈ្មោះបោះឆ្នោត។
សូមជម្រាបដែរថា ក្រៅពីរងការចោទប្រកាន់ពីមន្ដ្រីតុលាការខេត្តសៀមរាប លោកក៏នូវមានការចោទប្រកាន់ និងឃុំខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ផងដែរ៕