ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ដ្រីជាថ្មីម្ដងទៀតបានអំពាវនាវ ឱ្យពលរដ្ឋ ជាពិសេសគឺកម្មករ ដែលបម្រើ ការងារនៅតំបន់ផ្សេងៗគ្នា ទៅចុះឈ្មោះបោះឆ្នោត នៅទីកន្លែងដែលខ្លួនស្នាក់នៅ ឬស្រុកកំណើតរបស់ខ្លួនដែលសម្ដេចថា ជាការបំពេញសិទ្ធិជាពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះ។
ក្នុងពិធីនេះសម្ដេចទទូច ថា ពលរដ្ឋគ្រប់រូបដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ទៅចូលរួមចុះឈ្មោះបោះឆ្នោត ហើយពលរដ្ឋចំណាកស្រុក រួមទាំងកម្មករ ផងដែរ អាចចុះឈ្មោះបោះឆ្នោត នៅនឹងកន្លែងដែលខ្លួនស្នាក់នៅ ហើយបើចង់ទៅចុះឈ្មោះបោះឆ្នោត នៅស្រុកកំណើតរបស់ខ្លួន ក៏បានព្រោះលោកថា នេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ។
សម្ដេច ហ៊ុន សែន ៖«ទោះបីថា យើងមានការ រវល់ ប៉ុន្ដែសូមកុំបោះបង់សិទ្ធិរបស់យើងតាម រយៈការចុះឈ្មោះបោះឆ្នោត គណៈកម្មាការជាតិរៀបចំការបោះឆ្នោត បណ្ដាបក្សនយោបាយ ទាំងអស់ សុទ្ធតែអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត ចំនុចរួមនៃបណ្ដាបក្សនយោបាយ ទោះបីមានចំនុចខុសៗគ្នា នៃកម្មវិធីនយោបាយរបស់ខ្លួន ក៏ប៉ុន្ដែចំនុចរួម បក្សនយោបាយទាំងអស់នៅកម្ពុជា គឺស្ថិតនៅត្រង់ថា អំពាវនាវប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ហើយចុះនៅកន្លែងណា វាអាស្រ័យលើបំណងប្រាថ្នារបស់អ្នកចុះឈ្មោះ»។
យ៉ាងណា ក៏ដោយ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ នៅកម្ពុជា មិនសង្ឃឹមថាកម្មករ បានទៅចុះឈ្មោះបោះឆ្នោត ច្រើនទេដោយសារតែនីតិវិធីនៃ ការចុះឈ្មោះបោះឆ្នោត នៅភ្នំពេញក្ដី ឬនៅទីកន្លែងផ្សេងទៀតមាន ការលំបាក ព្រោះ មន្ត្រីចុះឈ្មោះបោះឆ្នោត ទាមទារ លក្ខខណ្ឌច្រើន។
លោក អាត់ ធន់ ៖«ខ្ញុំឃើញថា ដូចជាមិនមានបានច្រើនទេ បើសិនជារដ្ឋាភិបាលមិនផ្ដល់ពេលអោយខាងកម្មករ បានទៅចុះឈ្មោះ ហើយបើសិនជាចុះឈ្មោះហើយ ក៏មិនអាចបានទៅបោះដែរ ព្រោះគាត់គេមិនអនុញ្ញាតច្បាប់ឱ្យគាត់ផងហ្នឹង»។
ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូរទ័រ ជាលើកដំបូងនៅឆ្នាំនេះ ធ្វើឡើងរយៈពេល៣ខែ គឺ ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកា។
បើតាមលោក ហង្ស ពុទ្ធា មន្ដ្រីនាំពាក្យគ.ជ.ប បានឱ្យវិទ្យុស្ដ្រីFM102 ដឹងនៅថ្ងៃទី២២កញ្ញានេះថា ចាប់តាំងពីថ្ងៃចុះឈ្មោះបោះឆ្នោតថ្ងៃទី១កញ្ញា មកដល់ថ្ងៃទី២១កញ្ញនេះ ចំនួនអ្នកចុះឈ្មោះបោះឆ្នោត មានជិត៣លាននាក់ហើយ។
លោក ហង្ស ពុទ្ធា ៖«បាទ៎គិតមកដល់ថ្ងៃទី ២១ខែកញ្ញា អ្នកចុះឈ្មោះ បានកើនឡើងដល់២លាន៩សែន៣ម៉ឺន៧ពាន់៧រយ៦១នាក់ ហើយបើគិតពីភាគរយ នៃការគ្រោងទុកនោះគឺបាន៣០ចុច៤០ភាគរយហើយ»។
ការចុះឈ្មោះបោះឆ្នោតឆ្នាំនេះទៀត ធ្វើឡើងដោយមានអ្នកជំនាញបច្ចេកទេស កុំព្យូទ័រ ពី អ្នកជំនាញមកពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ អ្នកសង្កេតការណ៍មួយចំនួនគិតថា ការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដោយមានផ្ដិតស្នាមមេដៃ និងថតមុខអ្នកចុះឈ្មោះបោះឆ្នោត គឺជា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតមានប្រសិទ្ធិភាព ដោយមិនអាចមានឈ្មោះស្ទួន ឈ្មោះខ្មោច និងអ្នកបោះឆ្នោតបន្លំទៀតឡើយ៕