ភ្នំពេញ៖ តាមអ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រីFM102 បានរាយការណ៍អោយដឹងថា នៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០១៦ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកជំនុំជម្រះក្ដីលើសំណុំរឿង លោក នី ចរិយា ដែលមន្ដ្រីតុលាការ ខេត្តសៀមរាប ២រូបប្ដឹងលោកពីបទបរិហារកេរ្តិ៍។
កន្លងមកលោក នី ចរិយា ត្រូវបាន លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់លោក នី ចរិយា ថា បានបរិហារកេរ្ដិ៍ ពួកលោក ពាក់ព័ន្ធនឹងជម្លោះដីធ្លីរបស់ពលរដ្ឋនៅខេត្តសៀមរាប ជាមួយក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិ ថា ក្រុមហ៊ុនបានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការ ជុំនុំជម្រះពេញអង្គ តាមពាក្យបណ្ដឹងរបស់មន្ដ្រីតុលាការ ពីររូបនេះ ដែលប្ដឹង លោក នី ចរិយា ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ។ ក្នុងពេលបើកសវនាការជំនុំជម្រះ លោក នី ចរិយា បានសម្រេចប្ដឹងទាស់ភ្លាមៗ ទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្ដូរចៅក្រម ដែលលោកសំអាងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជុំនុំជម្រះ ដោយមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណីចូលរួម។
បន្ថែមលើនេះ លោក នី ចរិយា បានបញ្ជាក់ថា អ្វីដែលមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងរូបលោក គឺ លោកមិនអាចទទួលយកបានឡើយ។
លោក នី ចរិយា ដែលកំពុងជាប់ឃុំខ្លួននៅ ពន្ធនាគារ ស្នងការនគរបាលរាជធានីភ្នំពេញ លោក បានលាលែងពី បុគ្គលិករបស់ សមាគម អាដហុក ហើយបច្ចុប្បន្នលោក ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទទួលបន្ទុក សវនកម្មបញ្ជីឈ្មោះបោះឆ្នោត។
សូមជម្រាបដែរថា ក្រៅពីរងការចោទប្រកាន់ពីមន្ដ្រីតុលាការខេត្តសៀមរាប លោកក៏នូវមានការចោទប្រកាន់ និងឃុំខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ផងដែរ៕