ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល ពាណិជ្ជករនិងក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមសម្រុកជួយ ទិញអង្ករ និងស្រូវពីកសិករ យ៉ាងផុសផុល។យុទ្ធនាការនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនចូលរួមជា ចលនាមួយជួយទិញស្រូវប្រជាកសិករឱ្យបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ ដែលកំពុងធ្លាក់ថ្លៃយ៉ាងគំហុក។
តែបែបនេះក្ដីសកម្មភាពនេះ ត្រូវបានអ្នកវិភាគមើលឃើញជាការធ្វើប្រជាភិថុត ដើម្បីទាញប្រជាប្រិយភាព មុនពេលបោះឆ្នោតខិតជិតចូលមកដល់ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
បើយោងតាមទំព័រហ្វេសប៊ុក របស់ធនាគារអភិវឌ្ឍជនបទ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល រួមទាំងមន្ត្រីក្រុមការងារគណបក្សប្រជាជកម្ពុជា និងឧកញ៉ាមូយចំនួន បានទិញអង្ករសែនក្រអូប ប្រមាណមួយរយតោនតែក្នុងក្នុងរយៈ៣ថ្ងៃមកនេះ។
នៅពេលនេះគឺនៅថ្ងៃទី ២១កញ្ញា នេះ គេឃើញមានមន្ត្រីធំៗ រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ជៀម យាប លោកចៅក្រម កោវណ្ឌី និងមន្ត្រីរដ្ឋាភិបាលជាច្រើនទៀត ព្រមទាំងកញ្ញា ធី សុវណ្ណថា និង មន្ត្រីជាន់ខ្ពស់នគរបាល ជាដើម បានប្រកាសទិញអង្ករជាបន្តបន្ទាប់ ទៅតាមលទ្ធភាពរបស់ខ្លួន។
យុទ្ធនាការនេះនាំឱ្យមានការចោទសួរពីមជ្ឈដ្ឋានមួយចំនួនដែលគិតថា ជារឿងចៃដន្យ គេទាញយកតម្លៃស្រូវធ្លាក់ថ្លៃ មកធ្វើជាល្បែង នយោបាយ ដើម្បីទាក់ទាញ សន្លឹកឆ្នោតពីកសិករ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ការដែលមន្ត្រីរដ្ឋាភិបាលទាំងនោះនាំគ្នាសម្រុកជួយទិញអង្ករ គឺគ្រាន់តែជាផ្នែកមួយដើម្បី ជួយសម្រាលបន្ទុកដល់រដ្ឋាភិបាលដែលបានបញ្ចេញថវិកាជិត៣០លានដុល្លារ ទិញស្រូវយកទៅស្តុកទុក។
បែបនេះក្តីលោកថា វិធានការនេះ មិនអាចបញ្ចប់នូវឬសគល់នៃបញ្ហានានា ដូចជាបញ្ហាគ្មានទីផ្សារបាននោះទេ។
ទោះបីជា មន្ត្រីទាំងនោះអះអាង ពីការទិញអង្ករ គឺជាការរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់កសិករ និងលើកកម្ពស់អង្ករខ្មែរ ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយ ក៏ដោយ ក៏មតិមួយចំនួន មិនយល់ស្របឡើយ។ សាធារណៈជនមួយចំនួនមើលឃើញថា ការសម្រុកទិញអង្កររបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងនោះ គឺជាការធ្វើប្រជាពិថុត ដើម្បីស្តារប្រជាប្រិយភាព របស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
សម្រាប់លោក ចាន់ វិបុល បានឯកភាពចំពោះការលើកឡើងនេះ ព្រោះខណៈនេះគឺ ជិតដល់ការបោះឆ្នោត។
ខណៈនេះដែរលោកមើលឃើញផងដែរថា ការចូលរួមទិញអង្ករពីសំណាក់មន្ត្រីរដ្ឋាភិបាល គឺជាការបង្ហាញពីភាពអសមត្ថភាព របស់រដ្ឋាភិបាល និងមន្ត្រីមួយចំនួន ដែលមានតួនាទី ដោះស្រាយ និងជំរុញឱ្យផលិតផលកសិកម្ម របស់ប្រជាពលរដ្ឋ លក់បានក្នុងតម្លៃសមរម្យមួយ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វិទ្យុស្ត្រីឱ្យដឹងថា ការចូលរួមទិញអង្កររបស់មន្ត្រីរដ្ឋាភិបាល គឺបង្ហាញពីភាពសាមគ្គីគ្នា និងចូលរួមកាត់បន្ថយភាពលំបាករបស់កសិករខ្មែរ មិនដូចការចោទប្រកាន់ឡើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេររលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះដោយអំពាវនាវឱ្យ មន្ត្រីធំៗ និងម្ចាស់ក្រុមហ៊ុនឯកជន មួយចំនួន ដែលបាននាំគ្នា សម្រុកចុះទៅទិញស្រូវ-អង្ករ ពីប្រជាកសិក សូមយកទៅសង្គ្រោះដល់ក្មេងៗ នៅមណ្ឌលកំព្រាផ្សេង និងវត្តអារាមនៅជនបទ ព្រោះពួកគេមានការខ្វះខាត។
ទាក់ទិននឹងបញ្ហាស្រូវចុះថោកនេះ កាលពីថ្ងៃទី១៨ កញ្ញា កសិករប្រមាណ២០០០នាក់នៅស្រុកសង្កែ បានចាក់ស្រូវចោលលើផ្លូវជាតិ៥ ដើម្បីបង្ហាញទៅដល់រដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាដែលពួកគេកំពុងជួបប្រទះ៕