loader

អ្នកវិភាគ​៖​ មន្ត្រីជាន់ខ្ពស់​ CPP​ សម្រុក​ទិញ​ស្រូវ​ពី​កសិករ​ គឺជា​ល្បែង​នយោបាយ​ លេង​មុន​ការ​បោះ​ឆ្នោត​

ភ្នំពេញ៖ មន្ត្រី​រាជរដ្ឋាភិបាល​ ពាណិជ្ជករ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​ចាប់ផ្តើម​សម្រុក​ជួយ​ ទិញ​អង្ករ​ និង​ស្រូវ​ពី​កសិករ​ យ៉ាង​ផុសផុល​។​យុទ្ធនាការ​នេះ​ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ក្រុមហ៊ុន​ឯកជន​ចូលរួម​ជា​ ចលនា​មួយ​ជួយ​ទិញ​ស្រូវ​ប្រជា​កសិករ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ជួយ​លើកកម្ពស់​តំលៃ​ស្រូវ​ខ្មែរ​ ក៏​ដូច​ជា​ជួយ​ដល់​កសិករ​ខ្មែរ​ ដែល​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​។​

ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។
ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។

​តែ​បែប​នេះ​ក្ដី​សកម្មភាព​នេះ​ ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ជា​ការ​ធ្វើ​ប្រជា​ភិ​ថុ​ត​ ដើម្បី​ទាញ​ប្រជាប្រិយភាព​ មុន​ពេល​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់​ តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ធនាគារ​អភិវឌ្ឍ​ជនបទ​ លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ ម៉ៅ​ ហាវ​ណ្ណា​ល់​ រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​ រួម​ទាំង​មន្ត្រី​ក្រុមការងារ​គណបក្ស​ប្រជា​ជ​កម្ពុជា​ និង​ឧកញ៉ា​មូ​យ​ចំនួន​ បាន​ទិញ​អង្ករ​សែន​ក្រអូប​ ប្រមាណ​មួយ​រយ​តោន​តែ​ក្នុង​ក្នុង​រយៈ​៣​ថ្ងៃ​មកនេះ​។​

​នៅ​ពេល​នេះ​គឺ​នៅ​ថ្ងៃ​ទី​ ២១​កញ្ញា​ នេះ​ គេ​ឃើញ​មាន​មន្ត្រី​ធំៗ​ រួម​មាន​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ លោក​ វេ​ង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​  លោក​ ជៀម​ យា​ប​ លោក​ចៅក្រម​ កោ​វ​ណ្ឌី​ និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ ព្រមទាំង​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ មន្ត្រីជាន់ខ្ពស់​នគរបាល​ ជាដើម​ បាន​ប្រកាស​ទិញ​អង្ករ​ជា​បន្តបន្ទាប់​ ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​។​

​យុទ្ធនាការ​នេះ​នាំ​ឱ្យ​មានការ​ចោទសួរ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​គិត​ថា​ ជា​រឿង​ចៃដន្យ​ គេ​ទាញ​យក​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ មក​ធ្វើ​ជា​ល្បែង​ នយោបាយ​ ដើម្បី​ទាក់ទាញ​ សន្លឹក​ឆ្នោត​ពី​កសិករ​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ ការ​ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​នាំ​គ្នា​សម្រុក​ជួយ​ទិញ​អង្ករ​ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ដើម្បី​ ជួយ​សម្រាល​បន្ទុក​ដល់​រដ្ឋាភិបាល​ដែល​បាន​បញ្ចេញ​ថវិកា​ជិត​៣០​លាន​ដុល្លារ​ ទិញ​ស្រូវ​យក​ទៅ​ស្តុក​ទុក​។​

​បែប​នេះ​ក្តី​លោក​ថា​ វិធានការ​នេះ​ មិន​អាច​បញ្ចប់​នូវ​ឬ​ស​គល់​នៃ​បញ្ហា​នានា​ ដូច​ជា​បញ្ហា​គ្មាន​ទីផ្សារ​បាន​នោះ​ទេ​។​

​ទោះបីជា​ មន្ត្រី​ទាំងនោះ​អះអាង​ ពី​ការ​ទិញ​អង្ករ​ គឺជា​ការ​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​កសិករ​ និង​លើកកម្ពស់​អង្ករ​ខ្មែរ​ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ក៏​ដោយ​ ក៏​មតិ​មួយ​ចំនួន​ មិន​យល់​ស្រប​ឡើយ​។​ សាធារណៈជន​មួយ​ចំនួន​មើលឃើញ​ថា​ ការ​សម្រុក​ទិញ​អង្ករ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំងនោះ​ គឺជា​ការ​ធ្វើ​ប្រជា​ពិ​ថុ​ត​ ដើម្បី​ស្តារ​ប្រជាប្រិយភាព​ របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។​

​សម្រាប់​លោក​ ចាន់​ វិបុល​ បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​នេះ​ ព្រោះ​ខណៈ​នេះ​គឺ​ ជិត​ដល់​ការ​បោះ​ឆ្នោត​។​

​ខណៈ​នេះ​ដែរ​លោក​មើលឃើញ​ផង​ដែរ​ថា​ ការ​ចូលរួម​ទិញ​អង្ករ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​  គឺជា​ការ​បង្ហាញ​ពី​ភាព​អសមត្ថភាព​ របស់​រដ្ឋាភិបាល​  និង​មន្ត្រី​មួយ​ចំនួន​ ដែល​មាន​តួនាទី​ ដោះស្រាយ​ និង​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម​ របស់​ប្រជាពលរដ្ឋ​ លក់​បាន​ក្នុង​តម្លៃ​សមរម្យ​មួយ​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ ប្រាប់​វិទ្យុ​ស្ត្រី​ឱ្យ​ដឹង​ថា​ ការ​ចូលរួម​ទិញ​អង្ករ​របស់​មន្ត្រី​រដ្ឋាភិបាល​ គឺ​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា​ និង​ចូលរួម​កាត់​បន្ថយ​ភាព​លំបាក​របស់​កសិករ​ខ្មែរ​ មិន​ដូច​ការ​ចោទប្រកាន់​ឡើយ​។​

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​សរសេរ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ដោយ​អំពាវនាវ​ឱ្យ​ មន្ត្រី​ធំៗ​ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ មួយ​ចំនួន​ ដែល​បាន​នាំ​គ្នា​ សម្រុក​ចុះ​ទៅ​ទិញ​ស្រូវ​-​អង្ករ​ ពី​ប្រជា​កសិក​ សូម​យក​ទៅ​សង្គ្រោះ​ដល់​ក្មេងៗ​ នៅ​មណ្ឌល​កំព្រា​ផ្សេង​ និង​វត្ត​អារាម​នៅ​ជនបទ​ ព្រោះ​ពួក​គេ​មានការ​ខ្វះខាត​។​

​ទាក់ទិន​នឹង​បញ្ហា​ស្រូវ​ចុះថោក​នេះ​ កាលពី​ថ្ងៃ​ទី​១៨​ កញ្ញា​ កសិករ​ប្រមាណ​២០០០​នាក់​នៅ​ស្រុក​សង្កែ​ បាន​ចាក់​ស្រូវ​ចោល​លើ​ផ្លូវជាតិ​៥​ ដើម្បី​បង្ហាញ​ទៅ​ដល់​រដ្ឋាភិបាល​ឱ្យ​យកចិត្តទុកដាក់​ និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x