ញូវយ៉ក៖ អាជ្ញាធរអាមេរិកបានចោទប្រកាន់ជនសង្ស័យម្នាក់ លើករណីបំផ្ទុះគ្រាប់បែកនៅបុរីញូវយ៉ក គឺលោក អាមេត ខាន រ៉ូហាមី(Ahmad Khan Rahami) កាលពីថ្ងៃអង្គារ ទី២០ កញ្ញា ពីបទប្រើប្រាស់អាវុធធ្វើឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបទចោទ ៣ ករណីផ្សេងទៀតលើការវាយប្រហារក្នុងតំបន់ មែនហាត តាន(Manhattan) និង ញូ ជើស៊ី(New Jersey) ។
ការចោទប្រកាន់នេះ ត្រូវបានប្តឹងទៅតុលាការក្នុងតំបន់ មេនហាតតាន ដោយមេធាវីសហរដ្ឋអាមេរិក លោក ព្រេត បារ៉ារ៉ា(Preet Bharara) បានចោទប្រកាន់បទល្មើសមួយចំនួន រួមមានការបំផ្ទុះគ្រាប់បែក ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណ និងការប៉ុនប៉ងប្រើប្រាស់ឧបករណ៍បំផ្លិច បំផ្លាញ តាមមាត្រា ១៤ នៃដីកាបណ្តោះអាសន្ន។
កាលពីថ្ងៃសៅរ៍គ្រាប់បែកមួយគ្រាប់ត្រូវបានគេបំផ្ទុះនៅតំបន់ Manhattan ដោយបង្កឱ្យមនុស្ស ២៩ នាក់រងរបួស។ នៅថ្ងៃដដែលនោះ ក៏មានការបំផ្ទុះគ្រាប់បែកមួយផ្សេងទៀតដែល បានផ្ទុះនៅលើឆ្នេរសមុទ្រក្នុងរដ្ឋ New Jersey តែមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
តាមមាត្រា១៤ នៃដីកាបណ្តោះអាសន្ននេះបានរៀបរាប់ថា តុលាការបានរកឃើញវីដេអូមួយពីទូរស័ព្ទដៃរបស់សាច់ញាតិរបស់ Rahami វ័យ ២៩ ដោយបានបង្ហាញពីសម្ភារៈ និងវត្ថុមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត គឺពីរថ្ងៃមុនការបំផ្ទុះគ្រាប់បែកនោះ។
សមត្ថកិច្ចក៏បានរកឃើញលិខិតមួយដែលសរសេរដោយដៃរបស់ជនសង្ស័យរូបនោះ បន្ទាប់ពីបានចាប់ខ្លួនលោកកាលពីថ្ងៃចន្ទ។ ក្នុងលិខិតនោះ ជនសង្ស័យបានសរសេររិះគន់រដ្ឋាភិបាលអាមេរិកដែលបានសម្លាប់យុទ្ធជនមូស្លីម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ និងនៅកន្លែងផ្សេងទៀត។
ក្នុងដីកាបណ្តោះអាសន្នដដែលនោះបានរៀបរាប់បន្តថា លោក Rahami ក៏មានការព្រួយបារម្ភផងដែរ មុនពេលដែលគាត់ចាប់ផ្តើមអនុវត្តការវាយប្រហារអត្តឃាតនោះ៕ប្រភព៖CNA