ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចឲ្យសិស្សជាប់និទ្ទេស A B និង C ត្រូវប្រឡងចូលក្របខណ្ឌគ្រូបង្រៀនដូចសិស្សប្រឡងជាប់និទ្ទេស D និង E ដោយសម្ដេចសម្រេចលុបចោលគម្រោងដែលឲ្យសិស្សជាប់និទ្ទេស A B C ជាប់ក្របខណ្ឌគ្រូបង្រៀនដោយស្វ័យប្រវត្ដិ។
សម្ដេច នាយករដ្ឋមន្ដ្រីបានថ្លែងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់និទ្ទេសA នៅវិមានសន្ដិភាពនៅថ្ងៃ ពុធ ទី ២១ កញ្ញា នេះ។ ក្នុងពិធីនេះសម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការដាក់ឲ្យសិស្សប្រឡងថ្នាក់ទី ១២ ជាប់ទាំងអស់ចង់ធ្វើគ្រូបង្រៀនត្រូវប្រឡងចូលក្របខណ្ឌ គឺជាការបើកលទ្ធភាពទូលំទូលាយឲ្យសិស្សប្រកួតគ្នា ដោយគុណភាព និងសមធម៌ ដែលសម្ដេចគិតថា អ្នកជាប់និទ្ទេស D និង E អាចមានសមត្ថភាព ដូចសិស្សជាប់និទ្ទេស A B C ដែរ។
ក្នុងឱកាសនោះដែរសម្ដេចក៏បានទទូចឲ្យសិស្សដែលមានបំណងប្រឡង ចូលអាហារូបករណ៍ ថ្នាក់មហាវិទ្យាល័យគឺត្រូវត្រៀមប្រឡងផងដែរ។ ឆ្នាំនេះ សិស្ស ជាប់និទ្ទេស A មាន ៤០៥ នាក់ ។
ក្នុងពិធីនេះដែរ ក្រៅពី ផ្ដល់ជូន ប្រាក់ស្លឹង ដល់សិស្សជាប់ និទ្ទេស A ម្នាក់ៗមួយ សម្ដេច ក៏បានផ្ដល់ ជូន ទូរស័ព្ទម៉ាក់Tablet Sam Sung ម្នាក់ៗមួយគ្រឿង និង លុយ២លានរៀល។
ចំពោះការ លុបចោលការឲ្យសិស្សជាប់និទ្ទេស A B C ជាប់ក្របខណ្ឌគ្រូបង្រៀនដោយស្វ័យប្រវត្ដិ នេះ ត្រូវបាន អ្នកតាមដាន កិច្ចការអប់រំនៅកម្ពុជា លោក សន ជ័យ នាយករដ្ឋប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា និង លោកស្រី អ៊ុក ឆាយ យ៉ាវី ប្រធានស្ដីទី សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅថា ជាល្បែងប្រជាភិថុត មួយរបស់ គណបក្សកាន់អំណាច ព្រោះថាសិស្ស ជាប់និទ្ទេស D និង E មានចំនួន ច្រើន ជាង សិស្សជាប់និទ្ទេស A B និង C៕