ពាក្យថាប្រេត គឺគេសម្គាល់ដល់មនុស្សស្លាប់ ឬព្រលឹង ខ្មោច។ នៅក្នុងវចនានុក្រមខ្មែរ ពន្យល់ថា ប្រេតគឺជា សត្វដែលកើតក្នុងអបាយភូមិពួកមួយ។ នៅក្នុងជំនឿរបស់ពុទ្ធិសាសនិក ជឿថា អ្នកដែលបានប្រព្រឹត្តិអំពើបាបកម្មទាំងឡាយ នឹងកើតទៅជាប្រេត ឬចាប់កំណើតទៅជាសត្វតិរិច្ឆានជាដើម។ ហេតុនេះហើយ បានជាពេលរស់រៀនមានជីវិត មនុស្សម្នាក់ៗព្យាយាមធ្វើបុណ្យ សាងកុសល ដើម្បី ជៀសវាងកុំឱ្យអោយកើត ជាប្រេត ឬធ្លាក់ទៅក្នុងស្ថាន នរក អវចី។
តែយ៉ាងណាមិញ លោភៈ ទោសៈ បានធ្វើឱ្យមនុស្សមួយចំនួនលែងខ្វល់អំពី បាប ដោយប្រព្រឹត្តិនូវអំពើមួយចំនួនដែលធ្វើឱ្យធ្លាក់ខ្លួនទៅជាប្រេត ឬ ធ្លាក់ក្នុងនរកជាដើម។តើបុគ្គលណាខ្លះ នឹងធ្លាក់ខ្លួនទៅជាប្រេត តាមអំពើដែលខ្លួនបានប្រព្រឹត្ត?
សូមអញ្ជើញស្តាប់អត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា ដែលបានស្រង់ការបកស្រាយត្រួសៗពីអ្នកជំនាញកិច្ចការសាសនា ដូចតទៅ៖
អោយតែ រដូវកាន់បិណ្ឌឬគេហៅថា រដូវបុណ្យភ្ជំ ចូលមកដល់ ដែលមានមួយឆ្នាំម្ដង គឺ អ្នកកាន់សាសនា ព្រះពុទ្ធ តែងតែ ធ្វើចង្ហាន់ យក ទ័យ ទាន ប្រគេន ព្រះសង្ឃគង់ចាំវស្សានៅវត្ត។ ការប្រគេនចង្ហាន់ និងវត្ថុទ័យទាននេះ គឺម្យ៉ាងគត់សំដៅ ឧទិសកុសល ជូន ញាតិសន្ដាន ដែលបានចែកឋានទៅ។
អ្វីដែលសំខាន់គឺមាន២ យ៉ាង ទីមួយ អ្នកធ្វើបុណ្យ ឬប្រគេន ចង្ហាន់ ទ័យទានដល់ព្រះសង្ឃ គឺប៉ងប្រាថ្នាឱ្យ ញាតិសន្ដាន ឆាប់ចាប់ជាតិមនុស្ស ឬទៅកាន់តាន់ព្រះនិពា្វន ដោយ កុំកើតជាមនុស្ស តិរច្ឆាន ឬប្រេត និងទី២ ខ្លួនគេ ប្រាថ្នាបានសេចក្ដីសុខ មានសុខភាពល្អ និងប្រាថ្នាទៅ ជាតិខាងមុខ កុំឱ្យជួបបាបកម្ម និងក្រក្សត់ ព្រាត់ប្រាស់គ្នា ។
តែ សេចក្ដីប្រាថ្នាទាំង២នេះ គឺជាប្រការមួយឱ្យមនុស្ស ត្រូវសាងតែអំពើល្អ បរិសុទ្ធពោលគឺកុំប្រព្រឹត្តអំពើអាក្រក់ រឹបអូសដីធ្លី ឆក់ប្លន់ កុំធ្វើបាប គាបសង្កត់ អ្នកដទៃ ដោយ ត្រូវផ្ដល់យុត្តិធម៌ ដល់អ្នកដែលទន់ខ្សោយជាងខ្លួន ហើយ បើប្រព្រឹត្ត អ្នកនោះ នឹងកើតជា ប្រេតឬសត្វតិរច្ឆាន។
តើប្រេតឬតិរច្ឆាន ត្រូវបានព្យល់ដូចមេ្ដច និងមានស្ថានបែបណា ?
តាមន័យនៅក្នុងគម្ពីរបេតវត្ថុ នៃគម្ពីរព្រះត្រៃបិដក របស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឺជា បុថុជ្ជន ឬ ជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្មផ្សេងៗ កាលពីនៅជាមនុស្ស។
បើតាមគម្ពីព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅរមែង ទៅកើតទីផ្សេងៗតាមកម្ម របស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត), ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត), ប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។
តើមនុស្សដែលប្រព្រឹត្តិអំពើបាប ឬសាបព្រួសអំពើបាបកម្រិតណា ទើបបណ្តាលឱ្យធ្លាក់ខ្លួនកើតទៅជាប្រេត?
អតីតគ្រូបង្រៀនព្រះសង្ឃម្នាក់ កឺលោកតាអាចារ្យ រ៉ុម បានពន្យល់ថា បុគ្គលដែលធ្លាក់ខ្លួនទៅកើតជាប្រេត គឺអ្នកដែលបានសម្លាប់ឪពុកម្តាយខ្លួនឯង ឬសម្លាប់អ្នកដទៃ សាងអំពើបាបច្រើនហួសប្រមាណ។ ជាមួយគ្នានេះដែរអ្នកដែលបៀតបៀនជីវិតអ្នកដទៃ ធ្វើឱ្យគេរស់នៅមិនបានស្រួល រស់ដោយវេទនា និងធ្វើឱ្យគ្រួសារគេនិរាសព្រាត់ប្រាស់គ្នា គឺបុគ្គលនោះក៏ធ្លាក់ខ្លួនទៅជាប្រេត ដែរ។
លោកអាចា្យវ័យជាង៧០ រូបនេះ ពន្យល់បន្ថែមថា បើតាមព្រះពុទ្ធសាសនា ទោះបុគ្គលនោះមានឋានៈជាអ្វីក៏ដោយ ទោះជា ក្សត្រ មន្ត្រី ឧកញ៉ា គហបតី អ្នកបួស អ្នកមានស្តុកស្តម ឬរាស្ត្រតូចតាចធម្មតាក៏ដោយ ឱ្យតែបានសាបព្រួសនូវអំពើបាប ប្រមាថជីវិតអ្នកដទៃ មិនអាចគេចផុតពីការធ្លាក់នរកអវជ័យ ឬទៅកើតជាសត្វតិរច្ឆានផ្សេងៗបានទេ។
លោកអាចារ្យពន្យល់ ថា៖«ព្រោះមនុស្សកើតមកតូចក្តី ធំក្តី ក្រក្តី មានក្តី ជាមនុស្សចាស់ ក្មេងក្តីឱ្យតែយើងសម្លាប់គេ គេព្រាត់ប្រាសនិរាស ម៉ែឪគេ ប្រពន្ធកូនគេ គឺយើងអត់មានសប្បាយទេ គឺយើងកើតទុក្ខរហូត អ្នកដែលសម្លាប់គេហ្នឹងក៏មានទុក្ខក្នុងខ្លួនឯង ទោះរស់នៅក៏មានទុក្ខដែរ វាតែងឱ្យយល់សប្ត វាតែងឱ្យភូតហេតុនេះ នោះ គ្រប់មុខ គ្រប់ម៉ាក»។
ហេតុផលដូចដែលបានរៀបរាប់ដូចខាងលើនេះហើយ ទើបមនុស្សទាំងអស់ ប្រឹងព្យាយាមធ្វើបុណ្យ សាងកុសល ដាក់ទានទៅដល់អ្នកក្រខ្សត់ បើទោះបីជាពេលខ្លះពួកគេបានធ្វើអំពើបាប ដោយប្រការណាមួយ ចំពោះអ្នកដទៃ ដោយចេតនា ឬអចេតនាក៏ដោយ។
បែបនេះក្តី បើតាមធម៌ព្រះពុទ្ធសាសនា គឺបុណ្យ និង បាប មិនអាចកាត់សងគ្នាបាននោះទេ។ អ្នកសាបព្រួសនូវអំពើបាប នឹងទទួលផលដែលខ្លួនបានសាង ពួកគេអាចធ្លាក់នរក ឬទៅកើតក្នុងទីណាមួយទៅតាមកម្មអំឡុងខ្លួនបានប្រព្រឹត្ត។
លោកអាចារ្យ រ៉ុម មានប្រសាសន៍ ពន្យល់បន្ថែមថា បុណ្យ និងបាប ដូចទឹកនិងប្រេង ដែលមិនអាចលាយបញ្ចូលគ្នាបានទេ។ លោកបញ្ជាក់ថា បើបុគ្គលនោះឯង បានសាងអំពើបាបហើយ ទោះបីជា ខំធ្វើបុណ្យ ដាក់ទាន ដល់អ្នកដទៃ ក៏មិនអាចលុបលាងបាបដែលខ្លួនបានប្រព្រឹត្តដែរ។
លោកអាចារ្យរ៉ុម៖ «អាហ្នឹងមិនអាចយកមកប្រៀបធៀបជាមួយបុណ្យបាបបានទេ បើគ្រាន់ឧបមាថា អាហ្នឹងបើវាស្លាប់ទៅកើតជាអ្នកធ្វើអំពើបាបហ្នឹង វាស្លាប់ទៅ កើតជានរកប្រេតអវចី អញ្ចឹងមានកូនចៅអាចធ្វើបុណ្យបញ្ចូនទៅឱ្យ គ្រាន់តែជារំដោះៗទេ។ តែកម្មរបស់ខ្លួនដែលបានធ្វើមក គឺវាមានដិតដាមរួចទៅហើយ។ យើងសច្ចាខ្លួនយើង យើងចង់សម្លាប់គេចង់បៀតបៀនគេ វាមិនអាចក្លាយជាមនុស្សបានទេ ព្រោះច្រើនជាតិណាស់បាន បានក្លាយមកជាមនុស្ស ព្រោះព្រះអង្គថាកើតមកជាមនុស្ស កសាងល្អបំផុតបានបានមកជាមនុស្ស..»។
ចំណែកព្រះសង្ឃមួយអង្គដែលគង់នៅវត្តចម្ការអណ្តូង គឺព្រះតេជគុណចាន់ សុជន មានថេរៈដីការថា អំពើល្អនិងអាក្រក់គឺបែងចែកឆ្ងាយពីគ្នា ប្រសិនបុគ្គលនោះមានកម្លាំងបុណ្យច្រើនជាង នោះកម្លាំងនៃអំពើបាប ដេញមិនទាន់ទេ។ ដោយឡែកប្រសិន បុគ្គលនោះសាងអំពើបាបច្រើន ទោះធ្វើបុណ្យច្រើនប៉ុនណាក៏មិនអាចកាត់កងគ្នាបានដែរ។
ព្រះតេជគុណ ចាន់ សុជន៖ «ល្អនឹងអាក្រក់ក៏វា ដោយឡែកគ្នាដែរ នៅពេលយើងអស់បុណ្យហ្នឹង គឺអំពើបាប នឹងចាប់ផ្តើមឱ្យផល។ វាមិនខុសអីពីអ្នកដឹកនាំ នៅពេលដែលគាត់មានអំណាច មានឥទ្ធិពលគាត់អាចចង្អុលពីឆ្វេងទៅស្តាំ ពីស្តាំទៅឆ្វេងបានតាមចិត្ត ប៉ុន្តែនៅពេលដែលគេដឹងគ្រប់គ្នាទៅគឺ ចុងក្រោយអំពើអាក្រក់ហ្នឹងគឺរត់មករកគាត់ដោយឯងៗហ្មងដោយ មិនអាចបូកដកគ្នាបានទេ។ មិនអាចដូចយើងរកស៊ី យើងសងគ្នាទៅវិញទៅមកទេ អត់បានទេ»។
ដើម្បីជៀសផុត កុំឱ្យខ្លួនឯងធ្លាក់នរក ឬទៅកើតជាប្រេត ព្រះតេជគុណ ចាន់ សុជន មានថេរៈដីការថា មនុស្សត្រូវមានសីល៥ ដែលជាវិន័យរបស់មនុស្ស និងសត្វ គឺត្រូវប្រកាន់ខ្ជាប់ ការមិនកាប់សម្លាប់គ្នា មិនត្រូវប្រើអំពើហឹង្សា មិនត្រូវលួច មិនកេងប្រវ័ញ្ច ឬប្រព្រឹត្តិអំពើពុករលួយ។ មនុស្សមិនប្រព្រឹត្តខុសនៅក្នុងកាមេ ការមិនកុហក ឆបោក ក៏ដូចជាប្រើប្រាស់គ្រឿងស្រវឹងជាដើម ហើយទន្ទឹមនឹងនេះដែរក៏ត្រូវចេះឱ្យទានទៅដល់ក្រខ្សត់ផងដែរ។
ចំពោះអ្នកមានអំណាច ត្រូវចេះ ផ្ដល់ យុត្តិធម៌ ដល់អ្នកទន់ខ្សោយ ជាងខ្លួន ទើបគេមានដឹកនាំមានគុណធម៌ ជាមនុស្ស លោក។
ព្រះអង្គមានថេរៈដីការបន្តថា៖«យើងត្រូវបើកចិត្តឱ្យទូលាយ ហើយយើងកុំខឹងកុំក្រោធច្រើន យើងត្រូវអធ្យាស្រ័យច្រើន យកព្រហ្មវិហារធម៌ មកដាក់នៅក្នុងខ្លួន ឃើញគេអ្នកមានយើងត្រេកអរ ឃើញគេអ្នកក្រយើងចេះអាណិតអាសូរអីអញ្ចឹង យើងជួយទៅតាមលទ្ធិភាពដែលយើងអាចជួយបានអញ្ចឹងទៅ បើធ្វើប៉ុណ្ណឹងបានរួចផុតហើយនរកនោះ »។
តាមចាស់ៗបុរាណ គេចែកប្រេត ជា១២ពួក ដោយមានឈ្មោះខុសៗគ្នា។ យោងតាមជំនឿនិងការរៀបរាប់ តំណាល តៗ មក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ម្យ៉ាងវិញទៀតគេថាប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ។ ព្រះពុទ្ធបានទូន្មានថា មានតែការប្រកាន់សីល៥ គឺធ្វើករិយាមិនបៀតបៀន ឬយាយីជីវិតសត្វ កិរិយាមិនកាន់យករបស់ទ្រព្យ អ្នកដទៃ កិរិយាមិនប្រព្រិត្តខុសនូវសីលធម៏ ក្នុងផ្លូវភេទ កិរិយាមិនពោលពាក្យកហុក បោកបញ្ឆោតអ្នកដទៃ មិនសេពនូវទឹកស្រវឹង ឬគ្រឿងដែលធ្វើអោយប្រាជ្ញាថយចុះ។
បើជនណា បានកាន់ខ្ជាប់នូវសីលទាំងប្រាំប្រការនេះ ក្តីសុខនិងការសោយសម្បិត្ត ក្នុងភាពជាមនុស្សក៏នឹងបានសុខសប្បាយ សុភមង្គល ទៅដល់ បរលោក ខាមុខដែរ៕