ភ្នំពេញ៖ មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ផ្ដើមហើយ នៅថ្ងៃទី២០កញ្ញានេះ ដែលជាព្រឹត្តិការណ៍ ពិភពលោក មួយឆ្នាំមានម្ដងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះ គឺជាការជួបជុំ មេដឹកនាំ មកពីបណ្ដាប្រទេស ជាសមាជិក អង្គការសហប្រជាជាតិ ចំនួន ១៩៣ ប្រទេស មកជួបជុំគ្នានៅទីនោះ ដើម្បីឱ្យពួកគេ មានចំណាប់អារម្មណ៍ ពីបញ្ហាពិភពលោក ក៏ដូចជា បញ្ហាតំបន់ ឬបញ្ហាប្រទេស ពួកគេផ្ទាល់។ លោក នួន បូរិន រាយការណ៍៖
តាមសេចក្ដីរាយការណ៍ ពីគេហទំព័រ បរទេស និងបណ្ដាញផ្សាយព័ត៌មាន CNN មេដឹកនាំ ដូចជា ប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬព្រះមហាក្សត្រ បានមកកាន់ស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិ តាំងពីថ្ងៃទី ១៨កញ្ញា ដើម្បីចូលរួមមហាសន្និបាត លើកទី៧១។
មហាសន្និបាត ឆ្នាំនេះ មានរបៀបវារៈសំខាន់ជាច្រើន ដូចជា ជម្លោះ តំបន់ បញ្ហាសិទ្ធិមនុស្ស បញ្ហាជនភៀសខ្លួន បញ្ហាបរិស្ថាន សុខភាពសាកល។
បញ្ហាជំលោះតំបន់ និងការរំលោភសិទ្ធិមនុស្ស
មហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺផ្ដោត សំខាន់ ជម្លោះប្រដាប់អាវុធ និងសង្គ្រាម ប្រយុទ្ធប្រឆាំង លើ ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS នៅ ប្រទេសស៊ីរី បញ្ហា ភេរវកម្ម នៅតំបន់មួយនៃពិភពលោក បញ្ហាការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរធ្វើឡើងដោយ របបកុម្មុយនិស្ត នៃប្រទេស កូរ៉េខាងជើង។ ករណី ប្រទេសរុស្ស៊ីចូលដណ្ដើម កាន់កាប់ តំបន់ គ្រីមៀ នៃប្រទេសអ៊ុយក្រែន និង ភាពតានតឹងនៃតំបន់មួយចំនួន ។ ក្រៅពីនេះ ត្រូវផ្ដោត លើ ភាពអត់ឃ្លាន និង ករណី ការធ្លាក់ចុះសិទិ្ធមនុស្ស នៃប្រទេសមួយចំនួន។
វិបត្តិជនភៀសខ្លួន
នៅឆ្នាំនេះ ពិភពលោក ជួបផលលំបាក យ៉ាងខ្លាំង គឺបញ្ហាជនភៀសខ្លួន។ ជនភៀសខ្លួន ឬ ជន ចំណាកស្រុក ដោយសង្គ្រាម នៅប្រទេសស៊ីរី និង នៅប្រទេសមួយចំនួន នៃទ្វីប អាហ្រិ្វក គឺជា របៀបវារៈសំខាន់ជាងគេ ដែលលោក បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានឡើងថ្លែងសុន្ទរកថា ដើម្បីទាញការចាប់អារម្មណ៍ពី មេដឹកនាំប្រទេស ជាសមាជិក។ បន្ថែមលើនេះ មេដឹកនាំប្រទេសនៅអឺរ៉ុប ក៏ត្រូវថ្លែងចាប់អារម្មណ៍ដែរ ខណៈលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ទទូចឱ្យ ជួយដល់ជនភៀសខ្លួនទាំងនោះ ឱ្យបានខ្លាំងក្លា ថែមទៀត។
បញ្ហាបរិស្ថាន
បញ្ហាបរិស្ថាន ក៏ជារបៀបវារៈសំខាន់មួយដែរ ក្នុងចំណោម របៀបវារៈជាច្រើនទៀត។ មហាសន្និបាត នៅឆ្នាំនេះ ត្រូវរំលឹកឡើងវិញ កិច្ចព្រមព្រៀង អាកាសធាតុក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ដែលប្រទេសជិត២០០បានឱ្យសច្ចាប័ន។ មេដឹកនាំ ប្រទេស ត្រូវឡើងថ្លែងចាប់អារម្មណ៍ និងសន្យាជួយ កាត់បន្ថយការឡើងកំដៅផែនដី។
បញ្ហាសុខភាពសាកល
កាលពីឆ្នាំទៅមិញពិភពលោក មានការព្រួយយ៉ាងខ្លាំងដោយសារការផ្ទុះ ជម្ងឺអេបូឡា នៅប្រទេសមួយចំនួន នៃទ្វីបអាហ្រិ្វក ដោយ សម្លាប់មនុស្ស រាប់ពាន់នាក់។ ចំពោះមហាសន្និបាត អង្គការសហប្រជាជាតិនៅឆ្នាំនេះ គឺបញ្ហាដែល លើកមក ធ្វើការចាប់អារម្មណ៍ គឺការផ្ទុះជម្ងឺ Zika ដែលជា ប្រភេទជម្ងឺឆ្លងមួយទៀត ដោយវាបានឆ្លងពីប្រទេសមួយទៅប្រទេសមួយ ហើយវាប៉ះពាល់ខ្លាំងចំពោះ ទារកក្នុងផ្ទៃម្ដាយ និង កុមារតូចៗ។
មេដឹកនាំ ចាប់អារម្មណ៍ជាងគេ និងអវត្តមាន មេដឹកនាំផ្ដាច់ការ
មេដឹកនាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេ គឺមានតែលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ដែលនឹងលែងមានវត្តមានទៀត ហើយ នៅឯមហាសន្និបាត របស់ ពិភពលោក មួយនេះ ដែលលោកតែងតែឡើងថ្លែងក្នុងនាមជា ប្រទេសមហាអំណាចនិង ជាម្ចាស់ផ្ទះ។
នៅឆ្នាំនេះ លោក អូបាម៉ា បានឡើងថ្លែងបើកកម្មវិធីដោយ មានប្រសាសន៍ជម្រាបលា មិត្តភ័ត្តិជាមេដឹកនាំ ប្រទេសជាមហាមិត្ត និងជាមិត្តអាមេរិក ខណៈលោកត្រូវចាកចេញពីសេតវិមាន នៅដើមឆ្នាំ ២០១៧ បន្ទាប់ពីលោកបានកាន់អំណាច ជាប្រធានាធិបតីអាមេរិក បានពីរអាណត្តិ រយៈពេល ៨ឆ្នាំ។
នៅពេល លោក អូបាម៉ា ថ្លែង ជម្រាបលាមិត្តភ័ក្តិ គឺបន្ទាប់មក លោក បាន គីមូន អគ្គលេខាងធិការអង្គការសហប្រជាជាតិ ។ លោកបានគីមូន នៅឆ្នាំអស់ឱកាសដើម្បីក្លាយជាមេដឹកនាំ របស់ស្ថាប័ន ពិភពលោក នេះដែរ។ លោកបានឡើងកាន់តំណែងនេះ បន្ទាប់ពី លោកបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសកូរ៉េខាងត្បូង។
លោកបានថ្លែងបើកមហាសន្និបាតដោយក្ដីរំភើបនឹងរីករាយ ក្នុងឋានៈលោក បានកាន់តំណែង ជា អគ្គលេខាធិការ អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៧មកនោះ។
ប៉ុន្តែអ្វីដែល មិនធ្វើឱ្យមានការភ្ញាក់ផ្អើល គឺ មេដឹកនាំ ប្រទេស នៃរបប អត្តាធិបតេយ្យ ឬ ផ្ដាច់ការ និយាយ ដែលគេថា ជារដ្ឋរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ដូចជាមេដឹកនាំប្រទេស មួយចំនួន នៅអាហ្វ្រិក អាស៊ី និង មជ្ឈឹមបូព៌ា មិនបានទៅចូលរួម ក្នុងមហាសន្និបាតមួយឆ្នាំម្ដងនេះ។ មេដឹកនាំ ដូចជា ប្រទេស កូរ៉េខាងជើង គឹម ជុង អ៊ុន ប្រធានាធិបតី ស៊ីរី បាលសាអាសាដ និង ប្រធានាធិបតី នៃប្រទេស ហ្ស៊ិម បាវ៉េ អាយុ ៩២ លោក Robert Mugabe មិនមានវត្តមាន នោះទេ។ ប្រទេស ដែលកាន់របប បែបផ្ដាច់ការនិយម ទាំងនេះ ច្រើនតែងចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅ ជាតំណាង នៅ ក្នុងមហាសន្និបាតនេះ៕