ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ផ្នែកនៃសុខាភិបាល ត្រូវចូលរួមទប់ស្កាត់ ជំងឺឆ្លងហ្សីកា កុំឱ្យចូលមកប្រទេសកម្ពុជា ខណៈដែលជងឺឆ្លងនេះកំពុងតែរីករាលដាល នៅតាមបណ្តាប្រទេសជិតខាងរបស់កម្ពុជា។
ការថ្លែងរបស់ សម្តេច ហ៊ុន សែន ដូចនេះធ្វើទ្បើង នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតមន្ទីរពេទ្យនានានៅក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក ដើម្បីគាំពារ ទៅដល់សុខមាលភាព របស់ប្រជាជន។
ទន្ទឹមនឹងការថ្លែងរបស់សម្តេច ហ៊ុន សែន ដូចនេះ សម្ដេចបានសម្តែងការព្រួយបារម្ភ ពីការ ឆ្លងជំងឺហ្សីកា ដែលកំពុងតែរីករាលដាល នៅតាមបណ្តាប្រទេសជិតខាង កម្ពុជា ហើយបញ្ហានេះសម្តេច ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់កុំឱ្យ ជំងឺហ្សីកា ឆ្លងចូលទឹកដីកម្ពុជា។
សម្តេច ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល ត្រូវត្រួតពិនិត្យឱ្យបានតឹងរឹង ចំពោះការរីករាលដាលជំងឺឆ្លងនេះ ជាពិសេស ប្រជាពលរដ្ឋ ត្រូវយកចិត្តដាក់ការពារ អនាម័យ នៅពេលឆ្លងទៅតាមបណ្តាប្រទេសនីមួយៗផងដែរ។
សូមជំរាបថា ហ្សីកា ជាប្រភេទជម្ងឺឆ្លងម្យ៉ាងដែលវារីករាលដាលពីទ្វីបអាមេរិកទ្បាទីន រហូតមកដល់ប្រទេសិង្ហបុរី នឹងប្រទេសថៃជាដើម៕