ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ នេះ តំណាងអង្គការ សមាគម មិនមែនរដ្ឋាភិបាលជាតិនិងអន្ដរជាតិ សកម្មជនដីធ្លី ប្រជាពលរដ្ឋប្រមាណជា ៥០០ នាក់ ព្រមទំាងព្រះសង្ឃប្រមាណជា ២០ អង្គ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាថ្មីនៅមុខស្ថាប័នព្រឹទ្ធសភាខណៈដែលគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាកំពុងបន្តសម័យប្រជុំលើកទី៧ និតីកាលទី៣ ដើម្បីស្នើឱ្យព្រឹទ្ធសភាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ «សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» ទៅរដ្ឋសភាធ្វើការពិភាក្សាឡើងវិញមុននឹងសម្រេចធ្វើការអនុម័ត។
ការលើកបដាតវ៉ាឡើងព្រោងព្រាតនៅមុខព្រឹទ្ធសភាថ្ងៃនេះ ក្នុងគោលបំណងស្នើសុំឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបញ្ឈប់កិច្ចប្រជុំរបស់ខ្លួនមុនបញ្ជូនសេចក្តីព្រាងច្បាប់ឱ្យទៅរដ្ឋសភា និងបង្ហាញសារទៅកាន់រាជរដ្ឋាភិបាលថា ច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ពលរដ្ឋមិនត្រូវការច្បាប់នេះឡើយ។ ក្នុងការប្រមួលផ្តុំគ្នាតវ៉ានេះ អ្នកចូលរួមទាំងអស់បានស្រែកជាសាធារណៈតាមឧឃោសនស័ព្ទព្រមៗគ្នានៅខាងមុខការរារាំងរបស់ក្រុមកងរក្សាសន្តិសុខប្រដាប់ដោយដំបងនិងខែលជាច្រើននាក់ថា៖ «យើងមិនត្រូវការច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឡើយ ព្រោះរដ្ឋាភិបាលនឹងប្រើច្បាប់នេះក្នុងគោលបំណង រារាំងយើង (ពលរដ្ឋ) ក្នុងការទទួលបានយុត្តិធម៌ ការជួបជុំ ការប្រមូលផ្តុំ បំបិទសំឡេងរបស់ពលរដ្ឋ រឹតត្បិតសេរីភាព និងចោទប្រកាន់យើងពីបទល្មើសព្រហ្មទណ្ឌ»។
អ្នកស្រី ប៉ូវ សោភា តំណាងអ្នកភូមិបឹងកក់ដែលដឹកនាំការប្រមូលផ្តុំគ្នានេះ បាននិយាយថា៖ «យើងធ្វើយុទ្ធនាការប្រឆាំងថ្ងៃនេះ ចង់ឱ្យព្រឹទ្ធសភាបញ្ឈប់កិច្ចប្រជុំជាបន្ទាន់ យើងមានដើមចេកតំណាងឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ បើច្បាប់ NGO ចេញមកប្រជាពលរដ្ឋនឹងបាត់បង់សេរីភាព… យើងមានទង់សតំណាងឱ្យព្រលឹងរបស់អ្នកដែលបានស្លាប់ បើច្បាប់ចេញមកនោះពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យនឹងស្លាប់»។
លោក អំ សំអាត មន្រ្ដីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូមានវត្តមានក្នុងព្រឹត្តការណ៍តវ៉ានេះដែរ បានឱ្យដឹងថា អង្គការ សមាគម បានដើរតួនាទីយ៉ាងសំខាន់ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាច្រើន ប្រសិនបើច្បាប់នេះចេញមក នោះនឹងធ្វើឱ្យប៉ះពាល់សកម្មភាពនានារបស់អង្គការក្រៅរដ្ឋាភិបាលដែលជួយដល់ពលរដ្ឋ។ លោកបានបន្ថែមថា៖ «ការតវ៉ានៅថ្ងៃនេះ យើងចង់ស្នើសុំឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ បើព្រឹទ្ធសភាអនុម័ត នោះ NGO ទាំងអស់នឹងត្រូវកាន់ទុក្ខហើយ មានន័យថាសកម្មភាពរបស់ NGO នឹងត្រូវធ្លាក់ចុះជាក់ជាពុំខាន»។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ជាសម័យប្រជុំពេញអង្គលើកទី ៧ របស់ព្រឹទ្ធសភា នីតិកាលទី ៣ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងការតវ៉ានេះ ពលរដ្ឋ ព្រះសង្ឃ បានសម្រុកចូលឈរតវ៉ានៅចំពីមុខច្រកចូលស្ថាប័នព្រឹទ្ធសភា ប៉ុន្តែត្រូវបានរារាំងដោយក្រុមសន្តិសុខរបស់រាជរដ្ឋាភិបាល។ មុននឹងរំសាយការប្រមូលផ្តុំគ្នានៅម៉ោង ១១ ព្រឹក តំណាងសហគមរងគ្រោះដីធ្លី ពលរដ្ឋ អង្គការសង្គមស៊ីវិលចំនួន ៧ នាក់ បានដាក់ញ្ញតិទៅស្ថានទូតជប៉ុនផងដែរ ដើម្បីឱ្យស្ថានទូតមួយនេះ ជួយអន្តរាគមន៍បញ្ចុះបញ្ចូលរដ្ឋាភិបាលកម្ពុជាឱ្យបោះបង់ច្បាប់នេះចោល៕
[wonderplugin_gridgallery id=”2″]