en     km
en     km

តំណាង​សហគម​ដី​ធ្លី ពលរដ្ឋ អង្គ​ការ​សង្គម​ស៊ី​វិល​ជាង ៥០០ នាក់ តវ៉ា​ឱ្យ​ព្រឹទ្ធ​សភា​ទម្លាក់​ចោល​សេច​ក្ដី​ព្រាង​ច្បាប់​ NGO មុន​ទៅ​រដ្ឋ​សភា​

Share

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី ​២៤​ ខែ​កក្កដា ​ឆ្នាំ ​២០១៥​ នេះ ​តំណាង​អង្គកា​រ​ សមាគម​ មិន​មែន​រដ្ឋា​ភិ​បាល​​ជាតិ​និង​​អន្ដរ​​ជាតិ​​ សកម្ម​ជន​ដីធ្លី​ ប្រជា​ពល​រដ្ឋ​ប្រមាណជា​ ៥០០​ នាក់ ​ព្រមទំាងព្រះ​សង្ឃ​ប្រមាណ​ជា​ ២០ ​អង្គ​ ​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​នៅ​មុខ​ស្ថាប័ន​ព្រឹទ្ធ​សភា​​ខណៈ​​ដែល​គណៈ​កម្មា​ធិការ​អចិ​ន្រ្តៃ​យ៍​ព្រឹទ្ធ​សភា​កំពុង​បន្ត​សម័យ​ប្រជុំ​លើក​ទី៧​ និតី​កាល​ទី​៣​ ដើម្បី​ស្នើឱ្យ​ព្រឹទ្ធ​សភា​​ទម្លាក់​ចោល​សេចក្ដី​​ព្រាង​ច្បាប់ ​«​សមា​គម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​» ​ទៅ​រដ្ឋ​សភា​ធ្វើ​ការ​ពិភាក្សា​ឡើង​វិញ​មុន​នឹង​សម្រេច​ធ្វើ​ការ​អនុម័ត​។

ស្រ្តីរងគ្រោះដោយសារបញ្ហាដីធ្លីកំពុងតវ៉ាទាមទារឱ្យព្រឹទ្ធសភាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ « សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» នៅខាងមុខព្រឹទ្ធសភា
ស្រ្តីរងគ្រោះដោយសារបញ្ហាដីធ្លីកំពុងតវ៉ាទាមទារឱ្យព្រឹទ្ធសភាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ « សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» នៅខាងមុខព្រឹទ្ធសភា

​​ការ​លើកប​ដា​តវ៉ា​ឡើង​ព្រោង​ព្រាត​នៅ​មុខ​ព្រឹទ្ធ​សភាថ្ងៃ​នេះ​ ក្នុង​គោល​បំណងស្នើ​​សុំឱ្យ​គណៈ​កម្មា​ធិការ​អចិ​ន្រ្តៃយ៍​ព្រឹទ្ធ​សភា​បញ្ឈប់​កិច្ច​ប្រជុំ​របស់​ខ្លួន​មុន​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់​ឱ្យ​ទៅ​រដ្ឋ​សភា​ និង​បង្ហាញ​សារ​ទៅ​កាន់​រាជ​រដ្ឋា​ភិបាល​ថា ​ច្បាប់​​សមា​គម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ ពល​រដ្ឋ​មិន​ត្រូវ​ការ​ច្បា​ប់​នេះ​ឡើយ​។ ​​ក្នុង​ការ​ប្រ​មួល​ផ្តុំ​គ្នា​តវ៉ា​នេះ ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ស្រែ​កជា​សាធារ​ណៈ​តាម​ឧឃោ​សន​ស័ព្ទ​ព្រមៗ​គ្នា​នៅ​​ខាង​មុខ​ការ​រា​រាំង​របស់​ក្រុម​កង​រក្សា​សន្តិ​សុខ​ប្រដាប់​ដោយ​ដំបង​និង​ខែល​ជា​ច្រើន​នាក់​ថា​៖​ «យើង​មិន​ត្រូវ​ការ​ច្បាប់​ស្តី​ពី​សមា​គម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ឡើយ​ ព្រោះ​រដ្ឋា​ភិបាល​នឹង​ប្រើ​ច្បាប់​នេះ​ក្នុង​គោល​បំណង​ រា​រាំង​យើង​ (ពលរដ្ឋ)​ ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌​ ការ​ជួប​ជុំ ​ការ​ប្រមូល​ផ្តុំ ​បំ​បិទ​សំឡេង​​របស់​ពល​​រដ្ឋ​ រឹត​ត្បិត​សេរី​ភាព​ និង​ចោទ​ប្រកាន់​យើង​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​»។​

ព្រះសង្ឈចូលរួមតវ៉ាទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការការអនុម័តសេចក្ដីព្រាងច្បាប់ « សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» ជាមួយពលរដ្ឋ
ព្រះសង្ឈចូលរួមតវ៉ាទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការការអនុម័ត សេចក្ដីព្រាងច្បាប់ « សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» ជាមួយពលរដ្ឋ

​អ្នក​ស្រី ​​ប៉ូវ​ សោភា​ តំណាង​​អ្នក​​ភូមិ​​បឹង​កក់​​ដែល​​ដឹក​នាំ​​ការ​​ប្រមូល​​ផ្តុំ​គ្នា​​នេះ ​បាន​និយាយ​ថា​៖​ «យើង​ធ្វើ​យុទ្ធ​នា​ការ​​ប្រឆាំង​​ថ្ងៃ​នេះ ​ចង់​ឱ្យ​ព្រឹទ្ធ​សភា​បញ្ឈប់​កិច្ច​ប្រជុំ​ជា​បន្ទាន់​ យើង​មាន​ដើម​ចេក​តំណាង​ឱ្យ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ ​បើច្បាប់​ NGO​ ចេញ​មក​ប្រជា​ពល​រដ្ឋ​នឹង​បាត់​បង់​សេរី​ភាព​…​ យើង​មាន​ទង់​ស​តំណាង​ឱ្យ​ព្រលឹង​​របស់​​អ្នក​​ដែល​​បាន​​ស្លាប់​ ​បើ​​ច្បាប់​ចេញ​មក​នោះ​ពល​រដ្ឋ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​នឹង​ស្លាប់​​»​។ ​

​លោក ​អំ ​សំអាត​​ មន្រ្ដី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូមាន​វត្ត​មាន​ក្នុង​ព្រឹត្ត​ការណ៍​តវ៉ា​នេះ​ដែរ​ បាន​ឱ្យ​ដឹង​ថា ​អង្គការ​ ​សមាគម​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍន៍​ប្រទេស​កម្ពុជា​ជា​ច្រើន​ ប្រសិន​បើ​ច្បាប់​​នេះ​ចេញ​មក​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សកម្ម​ភាព​នានា​របស់​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិបាល​ដែល​ជួយ​ដល់​ពល​រដ្ឋ​។ ​​លោក​បាន​បន្ថែម​ថា​៖ ​«​ការ​តវ៉ា​នៅ​ថ្ងៃ​នេះ ​យើង​ចង់​ស្នើ​សុំ​ឱ្យ​ទម្លាក់​ចោល​សេច​ក្តី​ព្រាង​ច្បាប់​នេះ ​បើ​ព្រឹទ្ធ​សភា​អនុ​ម័ត ​នោះ ​NGO​ ទាំង​អស់​នឹង​ត្រូវ​កាន់​ទុក្ខ​ហើយ​ មាន​ន័យ​ថា​សកម្ម​ភាព​របស់ ​NGO នឹង​ត្រូវ​ធ្លាក់​ចុះ​ជាក់​ជា​ពុំ​ខាន​»​។ ​

ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីមកពីសហគមនានា ឈរកាន់បដាតវ៉ា
ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីមកពីសហគមនានា ឈរកាន់បដាតវ៉ា

​សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី ​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ជា​សម័យ​ប្រជុំ​​ពេញ​អង្គ​​លើក​​ទី ​៧ ​របស់​ព្រឹទ្ធ​សភា​ នីតិ​កាល​ទី ​៣ ​ដើម្បី​ពិនិត្យ​និង​ឱ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមា​គម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​។ ​នៅ​ក្នុង​ការ​តវ៉ានេះ ​ពល​រដ្ឋ​ ព្រះ​សង្ឃ​ បាន​សម្រុក​ចូល​ឈរ​តវ៉ា​នៅ​ចំ​ពីមុខ​ច្រក​ចូល​ស្ថាប័ន​ព្រឹទ្ធ​សភា​ ប៉ុន្តែ​ត្រូវ​បាន​​រា​រាំង​ដោយ​ក្រុម​សន្តិ​សុខ​របស់​រាជ​រដ្ឋា​ភិបាល​។ មុន​នឹង​រំសាយ​ការ​ប្រមូល​ផ្តុំ​គ្នានៅម៉ោង​ ១១ ​ព្រឹក ​​តំណាង​សហ​គ​ម​រង​គ្រោះដី​ធ្លី ​ពលរដ្ឋ​ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​ ៧​ នាក់ ​បាន​ដាក់​ញ្ញតិ​ទៅ​ស្ថាន​ទូត​ជប៉ុន​ផង​ដែរ ​ដើ​ម្បី​ឱ្យ​ស្ថាន​ទូត​មួយ​នេះ ​ជួយ​អន្ត​រា​គមន៍​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​បោះ​បង់​ច្បាប់​នេះ​ចោល​៕

[wonderplugin_gridgallery id=”2″]

Share

Image
Image
Image