ភ្នំពេញ៖ «កម្ពុជាត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រសិនបើអង្គការសហប្រជាជាតិបាត់ផែនទី»។ នេះជាការថ្លែងរបស់ក្រុមអ្នកស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការប្រមូលឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនប្រទេសកម្ពុជានិងប្រទេសវៀតណាម» កាលពីព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។
សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងក្នុងគោលបំណងស្រាវជ្រាវ ដើម្បីឲ្យមានតុល្យភាពក្នុងដំណើរការប្រមូលឯកសារ និងទទួលយកឯកសារពីប្រភពនានា រួមមាន៖ អាជ្ញាធរទទួលបន្ទុកកិច្ចការព្រំដែន គណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល អ្នកវិភាគ និងគណៈកម្មការព្រំដែនកម្ពុជានៅប្រទេសបារាំង។ សន្និសីទនេះ មានព្រះសង្្ឃ សិស្ស និស្សិត អ្នកសារព័ត៌មាន និងក្រុមអ្នកស្រាវជ្រាវ ចូលរួមជាង៧០នាក់។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម របស់រាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៏ថា៖ «ក្នុងករណីផែនទី ដែលតំកល់នៅក្នុងអង្គការសហប្រជាជាតិអត់មាន បើវាអត់មាន តើយើងទៅធ្វើយ៉ាងម៉េចទៅ? យើងមិនត្រូវធ្វើវិសោធនកម្ម! បើមិនធ្វើវិសោធនកម្ម តើបានអ្វីជាគោល?»។ លោកបណ្ខិត ក៏បានបន្តទៀតថា ក្រុមស្រាវជ្រាវរបស់លោក នឹងយកផែនទីបោនខ្នាត១លើ១រយពាន់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធ្វើជាមូលដ្ឋាននៃការស្រាវជ្រាវ។ កម្ពុជាយកផែនទីតាមរដ្ឋធម្មនុញ្ញមែន ប៉ុន្តែក្នុងករណីដែលអង្គការសហប្រជាជាតិរកផែនទីមិនឃើញ រដ្ឋសភាត្រូវ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់ជំពូកទី១ មាត្រា២ ដើម្បីបើកផ្លូវដល់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់យកផែនទីដែលត្រឹមត្រូវ ដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម។

ក្រុមអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្នើនូវអនុសាសន៍៦ចំនុច ដល់អ្នកពាក់ព័ន្ធនារួមមាន៖
១. ក្រោយការបោះបង្គោលខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម រួចរាល់ រដ្ឋាភិបាលគប្បីយកលទ្ធផលទៅសុំការយល់ព្រមពីស្ថាប័នរដ្ឋសភា
២. ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រសិនបើមានការរាំងស្ទះពាក់ព័ន្ធនឹងការប្រើប្រាស់ផែនទី
៣. ការអភិវឌ្ឍតំបន់ព្រំដែនឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការបង្កើតស្នាក់ការគណបក្ស ជាប់ព្រំដែន និងការលើកទឹកចិត្តដោយផ្តល់សិទ្ធិពិសេសដល់ពលរដ្ឋនៅតាមព្រំដែន ព្រមទាំងអនុសាសន៍មួយចំនួនទៀត។
ប្រធានក្រុមអ្នកស្រាវជ្រាវ លោក សុខ ទូច ក៏បានឲ្យដឹងផងដែរថា ក្រុមស្រាវជ្រាវរបស់លោក នឹងចុះទៅតំបន់ព្រំដែនផ្ទាល់ ចាប់ផ្តើមដំបូងពីខេត្តកំពត បន្ទាប់មកខេត្តតាកែវ និងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយចំនួនទៀត។
លោក សុខ ទូច ក៏បានសង្កត់ធ្ងន់ទៀតថា គណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពច្រើនពាក់ព័ន្ធនឹងព្រំដែន តែមិនបានផ្ញើផែនទីដែលគណបក្សនេះអះអាងថាត្រឹមត្រូវ មកឲ្យក្រុមរបស់លោកនោះទេ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិផ្ញើតាមប្រព័ន្ធអេឡិចត្រូនិច តែមិនអាចយកជាផ្លូវការបាន ដោយសារតែផែនទីខុសតែ១មីលីមែត្រលើផែនទី ស្នើនឹង១ពាន់មែត្រលើផ្ទៃដី។
គួរបញ្ជាក់ផងដែរថា ក្រោយពីព្រឹត្តិការណ៏អំពើហិង្សារវាងកងទ័ព និងប្រជាជនវៀតណាម ជាមួយពលរដ្ឋនិងតំណាងរាស្រ្តរបស់កម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៥ និង ពលរដ្ឋ ព្រះសង្ឃ និងយុវជនរាប់ពាន់ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម កាលពីថ្ងៃទី១៩ កក្កដាថ្មីៗនេះ ក៏ជាកត្តាជំរុញឲ្យបញ្ហាព្រំដែនរឹតតែ តាន់តឹងនិងរសើបសម្រាប់រដ្ឋាភិបាលកម្ពុជា និងរដ្ជាភិបាលវៀតណាម៕