ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចាប់ពីដាក់ឱ្យដំណើរ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ ២០១៦ ពីថ្ងៃទី ០១ កញ្ញា រហូតមកត្រឹមថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ គ.ជ.ប ទទួលបានពាក្យបណ្តឹងជិត២០ហើយ ខណៈបានពលរដ្ឋបានចុះឈ្មោះបោះឆ្នោតបាន ជាង ២ លាននាក់។ សង្គមស៊ីវិលថា ពាក្យបណ្តឹងនេះ អាចទទួលយកបាន ព្រោះបណ្តឹងនេះនៅមានចំនួនតិចនៅឡើយ បើធៀបនឹងភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោត។
គិតចាប់តាំងពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី ១៧ ខែកញ្ញា ម្សិលមិញនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានទទួលពាក្យបណ្តឹងជិត ២០ ពាក្យបណ្តឹងហើយ។ ពាក្យបណ្តឹងទាំងនេះ គ.ជ.ប កំពុងតែដោះស្រាយដោយនឹងរកវិធីបង្ការកាត់បន្ថយពាក្យបណ្តឹងមក គ.ជ.ប បន្តទៀត។ នេះបើយោងតាម អ្នកនាំពាក្យរបស់ គ.ជ.ប លោក ហង្ស ពុទ្ធា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា ចាប់តាំងដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី ០១ កញ្ញា រហូតមកដល់ថ្ងៃទី ១៧ កញ្ញា ម្សិលមិញនេះ គ.ជ.ប ទទួលបានពាក្យបណ្តឹងជិត ២០ ខណៈគ.ជ.ប ទទួលបានពលរដ្ឋចុះឈ្មោះបោះឆ្នោតបានជាង ២ លាននាក់។
អ្នកនាំពាក្យ គ.ជ.ប រូបនេះបន្តថា ពាក្យបណ្តឹងទាំងនេះ គ.ជ.ប កំពុងតែដោះស្រាយ ហើយលោកថា បណ្តឹងខ្លះ ជាទំនាស់ធម្មតាអាចអធ្យាស្រ័យដោយមិនចាំបាច់ធ្វើកាត់ក្តីនោះទេ មានន័យថាគ្រាន់តែធ្វើការសម្របសម្រួលក្រៅផ្លូវការរវាងបុគ្គលនិងបុគ្គលក៏បាន។
លោក ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយពាក្យបណ្តឹងជុំវិញនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប នឹងធ្វើសេចក្តីណែនាំរួមទៅដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការងារស្របតាមនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា៖«ពាក្យបណ្តឹងទទួលបានជិត ២០ ហើយបណ្តឹងមួយចំនួនកំពុងដោះស្រាយ ហើយបណ្តឹងមួយចំនួន គ.ជ.ប តែងតែប្រជុំជារៀងរាល់ព្រឹកដើម្បីរកដំណោះស្រាយ ដែលបណ្តឹងខ្លះគឺជាទំនាស់អធ្យាស្រ័យ ហើយមិនចាំបាច់ទៅធ្វើការក្តីអីទេ គឺធ្វើការសម្របសម្រួលជារួម ហើយ គ.ជ.ប នឹងធ្វើសេចក្តីណែនាំរួមដើម្បីឱ្យពាក់ព័ន្ធទាំងអស់រួមមានមន្ត្រីចុះឈ្មោះបោះឆ្នោតអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋហ្នឹង លោកអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅនីតិវិធីចុះឈ្មោះបោះឆ្នោតដើម្បីកាត់បន្ថយពាក្យបណ្តឹង»។
ជុំវិញនឹងការចុះឈ្មោះបោះឆ្នោតនេះទៀតសោត លោក ហង្ស ពុទ្ធា ស្នើឱ្យមន្ត្រីពាក់ព័ន្ធត្រូវចូលរួមសម្របសម្រួលទៅដល់ពលរដ្ឋឱ្យបានល្អប្រសើរនៅពេលពួកគេទៅចុះឈ្មោះបោះឆ្នោត លើសពីនេះទៀតនោះប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវចូលរួមសហការជាមួយមន្ត្រីពាក់ព័ន្ធផងដែរដើម្បីឱ្យនីតិវិធីចុះឈ្មោះបោះឆ្នោតនេះដំណើរការទៅយ៉ាងរលូន។ លោក ហង្ស ពុទ្ធា៖«តួលេខនៃការចុះឈ្មោះមានការកើនទ្បើងជាលំដាប់ដែលមកទល់ពេលនេះ គឺ ២៥ ភាគរយហើយប៉ុន្តែក៏នឹងមិនបានពេញលេញប្រសិនបើគ្មានការចូលរួមរបស់ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរៀបចំការបោះឆ្នោត នឹងអាជ្ញាធរដែនដី អញ្ចឹងទី ០១ សូមអញ្ចើញបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តជំរាបផ្សព្វផ្សាយបន្ថែមដើម្បីឱ្យទាំងះអស់បានទៅចុះឈ្មោះបោះឆ្នោត ទី០២ ស្នើសុំឱ្យប្រតិបត្តិករមន្ត្រីរៀបចំការចុះឈ្មោះព្រមទាំងអាជ្ញាធរមេត្តាសហការយោគយល់ នឹងអធ្យាស្រ័យគ្នាដើម្បីបង្ករលក្ខណៈប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគឺបានទទួលការចុះឈ្មោះដូចគ្នា »។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងជុំវិញនៃការចុះឈ្មោះបោះឆ្នោតនៅ គ.ជ.ប នេះដែរ នាយកប្រតិបត្តិគៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC លោក សំ គន្ធាមី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា ពាក្យបណ្តឹងជិត ២០ ក្នុងចំណោមពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានជាង ២ លាននាក់នេះ លោកថា មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះឆ្នោតនោះទេ។
លោក សំ គន្ធាមី បន្តថានាពេលកន្លងមក លោកសង្កេតឃើញថាមន្ត្រីចុះឈ្មោះបោះឆ្នោតមួយចំនួនមិនទាន់យល់ដឹងពីនីតិវិធីចុះឈ្មោះបោះឆ្នោតបានគ្រប់ជ្រុងជ្រោយនៅទ្បើយ ដូច្នេះទើបបន្តឱ្យមានពាក្យបណ្តឹងកើតទ្បើង បញ្ហានេះលោកថា គ.ជ.ប ក៏បានចេញសេចក្តីណែនាំទៅដល់មន្ត្រីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់បន្ថែមទៀតផងដែរ។ ត្រង់ចំនុចនេះលោកថា ដើម្បីកាត់បន្ថយពាក្យបណ្តឹងនោះលុះត្រាមន្ត្រីជាប់ពាក់ព័ន្ធអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះនីតិវិធីចុះឈ្មោះបោះឆ្នោត ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនៅពេលទទួលចុះឈ្មោះបោះឆ្នោត។ «បើខ្ញុំបៀបធៀបទៅពាក្យបណ្តឹងប៉ុណ្ណឹងមិនជាមានបញ្ហាចោទទេព្រោះអីដំណើរការបោះឆ្នោតមាន ២ លាននាក់ហើយពាក្យបណ្តឹងមានតែ ២០ អីដូច្នេះដំណើរការនឹងរលូនហើយមិនមានភាពមិនប្រក្រតីច្រើននោះទេបាទ ដោយសារពាក្យបណ្តឹងតិច គ.ជ.ប ក៏បានចេញសេចក្តីណែនាំបន្ថែមទៅដល់មន្ត្រីចុះឈ្មោះហ្នឹង ដោយសារយើងរកឃើញថាមន្ត្រីខ្លះគាត់អត់សូវយល់នីតិវិធីបទបញ្ចា ដូច្នេះ គ.ជ.ប បានចេញសេចក្តីបន្ថែមឱ្យយើងសង្ឃឹមថាមន្ត្រីចុះឈ្មោះបោះឆ្នោតហ្នឹងអនុវត្តតាមបទបញ្ជានីតិវិធីហ្នឹងវារូចពីបណ្តឹងហើយ មិនសូវមានពាក្យបណ្តឹងកើតទ្បើងទេឱ្យតែធ្វើតាមច្បាប់ហ្នឹងបាទ»។
សូមជំរាបថាដំណើរការចុះឈ្មោះបោះឆ្នោតពីថ្ងៃទី ០១ កញ្ញា ដល់ថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៦ គ.ជ.ប ទទួលបានអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ២,៤២០,៨២៨ នាក់ ហើយក្នុងចំណោមអ្នកចុះឈ្មោះនេះដែរ គ.ជ.ប ទទួលបានពាក្យបណ្តឹងជិត ២០ ពាក្យបណ្តឹងដែលកំពុងតែដោះស្រាយ៕