ភ្នំពេញ៖ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញានេះថា អាជ្ញាធរមានសមត្ថកិច្ចពុំទាន់អាចកំណត់មុខសញ្ញាជនដៃដល់ករណីបោកគ្រាប់បែកដៃមួយគ្រាប់ នៅតាមបណ្តោយផ្លូវ ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កាលពីដើមខែកញ្ញាបាននៅឡើយនោះទេ។ យ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិល ទទូចឲ្យសមត្ថកិច្ចវែកមុខអ្នកបោកគ្រាប់បែកឲ្យឃើញដើម្បីផ្តល់ភាពទុកចិត្តនៃសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។
យ៉ាងតិចណាស់មានមនុស្ស ៣ នាក់ បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដៃមួយគ្រាប់នៅតាមបណ្តោយផ្លូវ ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៧ និង ៤៥ នាទីយប់ថ្ងៃទី០៦ កញ្ញា នាពេលកន្លងទៅ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានអះអាងថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ អាជ្ញាធរពុំទាន់កំណត់មុខសញ្ញា និងអត្តសញ្ញាណជនសង្ស័យបាននៅឡើយទេ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានបញ្ជាក់ថា សមត្ថកិច្ចក៏ពុំទាន់អាចកំណត់មូលហេតុនៃការបំផ្ទុះគ្រាប់បែកបាននោះដែរ ដោយលោកថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត និងពិនិត្យទៅលើវីឌីអូឃ្លីបមួយចំនួនទៀតយ៉ាងយកចិត្តទុកដាក់។ លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ៖«មិនទាន់មានអ្វីទេក្មួយ គេកំពុងតែរក។ រូបភាពខ្លះយើងឃើញថា ប្រវែងចូលក្នុងផ្ទះ ប៉ុន្តែផ្លោកមកពាក់កណ្តាលផ្លូវ រូបភាពខ្លះមានបញ្ហា នេះយើងមិនទាន់ប្រាកដ យើងកំពុងតែសិក្សាតាមរូបភាពដែលយើងថតបាន»។
យោងតាមសាក្សីនៅកន្លែងកើតហេតុ និងវីឌីអូឃ្លីបត្រូវបានគេបង្ហោះចែកចាយបន្តគ្នា នៅលើបណ្តាញទាក់ទំនងសង្គមបន្ទាប់ពីកើតហេតុបានបង្ហាញថា មានយុវជន ២ នាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយរថយន្តឡិចស៊ីស AX 330 ពណ៌សមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុជនសង្ស័យក៏បានបោះគ្រាប់ បែកធ្លាក់មកលើទ្រង់ផ្លូវ រួចបានផ្ទុះដោយបានបង្ករឱ្យមនុស្ស ៣ រងរបួល និងបានបង្កឱ្យរថយន្ត និងម៉ូតូមួយចំនួនរងការខូចខាតផងដែរ។
អ្នករងរបួសទាំង ៣ នាក់នោះមានស្រី្ត ២នាក់ ម្នាក់ជាជនជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិខ្មែរ ជាគ្រូបង្រៀនដូចគ្នា ស្នាក់នៅរាជធានីភ្នំពេញ និងបុរសម្នាក់ទៀតជាជនជាតិវៀតណាម។ អ្នកទាំងបីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ។
មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងការព្រួយបារម្ភអំពីភាពយឺតយ៉ាវរបស់អាជ្ញាធរ ក្នុងការវែកមុខជនសង្ស័យមកផ្តន្ទាទោស ដើម្បីធ្វើឲ្យមតិមហាជនស្ងប់ចិត្តអំពីសន្តិសុខសុវត្ថិភាពរបស់ពួកគាត់។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ទទូចឲ្យអាជ្ញាធរពន្លឿនចាប់ជនដៃដល់មកកាត់ទោសតាមច្បាប់ ដើម្បីធានាអំពីសន្តិសុខសុវត្ថិភាពសង្គម។
លោក សន ជ័យ បានរិះគន់ការអនុវត្តច្បាប់របស់អាជ្ញាធរដែលមានភាពយឺតយ៉ាវក្នុងការវែកមុខជនដៃសង្ស័យ ករណីបោកគ្រាប់បែកនៅខ័ណ្ឌចំការមន រាជធានីភ្នំពេញ កាលយប់ថ្ងៃទី០៦ កញ្ញា និងករណីឃាតកម្មបាញ់សម្លាប់អ្នកវិភាគឯករាជ្យលោកបណ្ឌិត កែម ឡី ជាងករណីក្តីក្តាំរបស់គណបក្សប្រឆាំង។ លោក សន ជ័យ៖«យើងចង់ឃើញលទ្ធផលឲ្យបានឆាប់រហ័សដែរ ដើម្បីជាការស្រាយចម្ងល់របស់មហាជនលើបញ្ហាកើតឡើង ដូចជាការគប់គ្រាប់បែកនេះជាដើម បានកើតឡើងនៅក្នុងពេលវេលាមួយ ដែលការចុះអ្នកឈ្មោះបោះឆ្នោតថ្មីបានចាប់ផ្តើម ជាសញ្ញាគំរាមគំហែងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងស្នើដោយទទូចឲ្យសមត្ថកិច្ចវែករកមុខរកជនប្រព្រឹត្តិ ឬក្រុមនៅពីក្រោយដែលពាក់ព័ន្ធយកមកផ្តន្ទាទោស ដើម្បីស្តារនៅការបារម្ភរបស់មហាជនទៅលើបញ្ហាសន្តិសុខនោះបាទ»។
បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកភា្លមៗនោះ ក្រសួងមហាផ្ទៃបានសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ។ សេចក្ដីថ្លែងការណ៍ដដែលក៏បានទទូចឲ្យកម្លាំងមានសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកជនល្មើសបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោស។
ហេតុការណ៍ផ្ទុះគ្រាប់បែកនៅកណ្តាលរាជធានីភ្នំពេញនេះ អ្នកវិភាគបញ្ហាសង្គមក៏បានស្តីបន្ទោសទៅរាជរដ្ឋាភិបាលថា ខ្វះយន្តការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អប្រសើរ និងគ្មានប្រសិទ្ធភាព៕