UN៖ មន្ត្រីការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការពិគ្រោះយោបល់ជាបន្ទាន់កាលពីថ្ងៃសៅរ៍ទី១៧ កញ្ញា បន្ទាប់ពីអាមេរិកបានដឹកនាំធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធានៅស៊ីរី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី ម៉ារី ហ្សាការ៉ូវ៉ា(Maria Zakharova) បាននិយាយនៅក្រុងម៉ូស្គូថា៖«យើងទាមទារឱ្យមានការពន្យល់ពេញលេញ និងលម្អិតពីក្រុងវ៉ាស៊ីនតោន ហើយកិច្ចប្រជុំនេះត្រូវតែធ្វើឡើងមុនពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
អ្នកស្រី ហ្សាការ៉ូវ៉ា បន្តថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះការវាយប្រហាររបស់អាមេរិកកំពុងសំដៅដោយផ្ទាល់លើកងទ័ពស៊ីរី ដែលបានប្រយុទ្ធប្រឆាំងកងកម្លាំងរបស់ក្រុមរដ្ឋអ៊ិស្លាមយ៉ាងជាប់លាប់។
សេចក្តីថ្លែងការណ៍របស់យោធារុស្ស៊ីបាននិយាយថា គ្រាប់បែកនេះបានវាយប្រហារមកលើទីតាំងកងទ័ពមួយនៅភាគខាងកើត ជិតតំបន់របស់ពួកសកម្មប្រយុទ្ធIS នៃខេត្ត Deir Ezzor ។
យោងតាមមន្ត្រីរុស្ស៊ី និងក្រុមសង្កេតការណ៍ស៊ីរីបានឱ្យថា យ៉ាងតិចណាស់មានទាហាន ៦២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ៕ប្រភព៖CNA