ក្រុងតូក្យូ៖ ប្រតិបត្តិកររថភ្លើងក្រុមហ៊ុន JR East ក្នុងប្រទេសជប៉ុន បានចេញមុខសូមអភ័យទោសក្រោយពីអ្នកបើកបររថភ្លើងម្នាក់បាននោមនៅលើផ្លូវដែក ខណៈដែលកំពុងបំពេញកាតព្វកិច្ច ដោយសារតែអ្នកបើកបររូបនោះ មិនចង់ចំណាយពេលទៅបង្គន់ព្រោះមមាញឹកក្នុងការផ្តល់សេវាជូនពលរដ្ឋ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលបានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៧ កញ្ញានេះ។

ប្រតិបត្តិកររថភ្លើងក្រុមហ៊ុន JR East លោក Asahi Shimbun បានប្រាប់ទូរទស្សន៍ NHK ឱ្យដឹងថា អ្នកបើកបររូបនោះមានអាយុ ៥០ ឆ្នាំ។ កាលពីថ្ងៃច័ន្ទគាត់មានអារម្មណ៍ថាឈឺបត់ជើងតូចយ៉ាងខ្លាំង ខណៈរថភ្លើងដែលគាត់បញ្ជាបានឈប់នៅស្ថានីយសាគូរ៉ាក្នុងស្រុក Chiba ភាគអាគ្នេយ៍នៃទីក្រុងតូក្យូ។ អ្នកបើកបររូបនោះក៏សម្រេចចិត្តបើកទ្វាររថភ្លើងឈរនោមពីលើរថភ្លើងតែម្តង ព្រោះគាត់មិនចង់ពន្យាពេលដោយចូលទៅបន្ទប់ទឹក។
ក្រុមហ៊ុនបានទទួលសេចក្តីរាយការណ៍ករណីនេះ ពីសាក្សីម្នាក់ដែលបានឃើញផ្ទាល់ភ្នែក ហើយសាក្សីរូបនោះក៏បានណែនាំអ្នកបើកបរឱ្យទៅបន្ទប់ទឹក បើសិនចាំបាច់។ ទូរទស្សន៍ NHK បានរាយការណ៍ ដោយមិនបានបញ្ជាក់ថា តើអ្នកបើកបររូបនោះនឹងត្រូវបានដាក់ពិន័យយ៉ាងណានោះទេ។
តំណាងក្រុមហ៊ុននេះបានឱ្យដឹង យោងតាមទូរទស្សន៍ NHK ថា៖«យើងសុំទោសយ៉ាងខ្លាំងចំពោះការផ្តល់ការមិនទុកចិត្ត ដល់អតិថិជនរបស់យើង» ។ លោកបន្តថា «ករណីនេះ យើងនឹងផ្តល់ការណែនាំដោយហ្មត់ចត់ដល់អ្នកបើកបររូបនោះ និងមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីនោះទេ»៕ប្រភពពីCNA