ភ្នំពេញ៖ ប្រជាជនខ្មែរតែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្ឌ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសកុសលដល់វិញ្ញណក្ខន្ធបុគ្គលទាំងឡាយដូចជាឱពុក ម្ដាយ បងប្អូន ញាតិសន្ដាន ដែលបានចែកស្ថានទៅហើយមិនដឹងថាទៅចាប់កំណើតនៅលោកខាងមុខជាអ្វី។ ប៉ុន្ដែបើតាមអត្ថបទរបស់លោក សុង ស៊ីវ អ្នកស្រាវជ្រាវពិធីបុណ្យប្រពៃណីជាតិខ្មែរ វិញ គឺការធ្វើបុណ្យភ្ជុំបិណ្ឌពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ៖
១.ដើម្បីឧទ្ទិសកុសលចំពោះបេតបុគ្គល ឬប្រេត
២.ដើម្បីឲ្យបានសេចក្ដីសុខចម្រើន សិរីសួស្ដីដែលកើតពីផលទានរបស់ខ្លួន
៣.ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នា។
លោកបន្តថា ការវេចនំគម នំអន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជានេះ គឺនៅរដូវបុណ្យភ្ជុំបិណ្ឌ ក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា បុណ្យសែនដូនតា ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ដ្រខ្លះ ព្រោះមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺ ដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់ តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងសំណេរកាលបុរាណបានចារថា ដោយសារនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះ សង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សន្ដាន ព្រមទាំងតំណញាតិច្រើនទៀត នោះផងដែរ គឺទៅតាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយ អត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារតែពួកគេមានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗ ដែលពោលណែនាំ និងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថា សាច់ញាតិដែលបានចែកឋានទៅហើយ មាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង ៧ សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ ហើយក៏គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគដែរ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមកទទួលផល្លានិសង្ឃ ដែលសាច់សាលោកហិត ធ្វើបុណ្យឧទ្ទិសអោយ។
ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាតិ ឬកូនចៅរបស់ពួកគេតាមរយៈ ការអធិដ្ឋានដោយព្រះសង្ឃ។
ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដាសា ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាតិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថា កុសលផលបុណ្យដែលគេបានធ្វើនៅជាតិនេះនឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខចំរើនរហូតដល់ជាតិក្រោយ៕
ប្រភព៖ ប្រតិទិនចន្ទគតិខ្មែរ