ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់តំបន់ការពារធម្មជាតិចំនួន ៣ បន្ថែមទៀតដែលត្រូវបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ទាក់ទិនការដាក់តំបន់អភិរក្សបន្ថែមដូចនេះសង្គមស៊ីវិលបង្ហាញការសាទរដែលក្រសួងបរិស្ថាន គិតគូរពីការថែរក្សាសម្បត្ដិធម្មជាតិ ប៉ុន្ដែត្រូវកំណត់ យុទ្ធសាស្ដ្រ និងព្រំដែនតំបន់នោះឲ្យបានច្បាស់ ដើម្បីការពារជនឱកាសនិយមមួយចំនួន។ លោក លៀ ស៊ីណា រាយការណ៍ ៖
តំបន់ទាំងបីនោះរួមមាន កោះរុង ជាឧទ្យានជាតិ និង បឹងព្រែកទប់ ជាតំបន់អភិរក្សទឹកសាប ហើយភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិ។
ជុំវិញ វិធានការរបស់ក្រសួងបរិស្ថានដូចនេះលោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum) បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៦ ខែ កញ្ញា នេះថា គឺជារឿង ប្រសើរនិងល្អដែលរាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់លើតំបន់ទាំងនេះ។ ប៉ុន្ដែលោកយល់ថា ប្រសិនជាត្រឹមតែចេញសេចក្ដីប្រកាសហើយគ្មានសកម្មភាពជាក់ស្ដែងណាក៏មិនមានលទ្ធផលអ្វីដែរ។
នាយកប្រតិបត្ដិ NGO Forum បញ្ជាក់ថា ដើម្បីឲ្យតំបន់ទាំងនោះចៀសផុតពីការកាប់បំផ្លាញ ពីជនឱកាសនិយមណាមួយលុះណាតែក្រសួង ចាត់វិធានការឲ្យមានមន្ដ្រីល្បាតតំបន់អភិរក្សទាំងនោះឲ្យបានគ្រប់គ្រាន់ បោះបង្គោលព្រំដីតំបន់ទាំងនោះឲ្យបានច្បាស់ ពង្រឹងការអនុវត្ដន៍ច្បាប់ឲ្យមានប្រសិទ្ធិភាព។
លោក តឹក វណ្ណរ៉ា៖ «ប្រសិនបើការអនុវត្ដន៍ច្បាប់ប្រកបដោយសន្ដិភាព ហើយការបោះបង្គោលព្រំដីច្បាស់លាស់ អាជ្ញាធរថ្នាក់ក្រោមជាតិក្រសួងបរិស្ថានគាត់មានធន់ធានថវិការ ធនធានបច្ចេកទេស ដើម្បីឲ្យគាត់មានលទ្ធិភាពដើរល្បាតឲ្យគាត់មានលទ្ធិភាពមានមន្ដ្រីប្រចាំនៅក្នុងតំបន់ទាំងបីហ្នឹង យើងគិតថាបទល្មើសព្រៃឈើ និងបទល្មើសលើធនធានធម្មជាតិមួយចំនួននឹងត្រូវបានកាត់បន្ថយ»។
បើយោងតាមការជូនដំណឹង របស់ក្រសួងបរិស្ថាន មូលហេតុដែលដាក់តំបន់ទាំង៣នេះជាតំប់អភិរក្សគឺ ក្នុងគោលបំណងដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈជម្រុះក្នុងតំបន់ទាំងនោះ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានឱ្យយល់ដឹងថែមទៀតអំពីការពារធនធានធម្មជាតិ។
ចំណែកការដាក់ភ្នំត្បែងជាតំបន់បេតិកភ័ណធម្មជាតិ គឺដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និង វប្បធម៌នៅមូលដ្ឋាន។
សូមជ្រាបថាតំបន់ការពារធម្មជាតិដែលស្ថិតក្រោមការគ្រប់គ្រង ដោយក្រសួងបរិស្ថានរហូតមកដល់ពេលនេះគឺមានចំនួន ៤៥ ៕