ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវជាច្រើនបានស្នើឲ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គីសនី និងការបង់ពន្ធស្រូវ។ មន្ត្រីអង្គការសង្គមស៊ីវិល និយាយថាការស្នើសុំរបស់ម្ចាស់ រោងម៉ាស៊ីនកិនស្រូវ ដួចនេះមិនធ្វើឱ្យកសិករ ទទួលបានចំណេញច្រើនទេ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាស្តីពី ការប្រមូលទិញស្រូវ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី ១៦ ខែ កញ្ញានេះថា ម្ចាស់រោងម៉ាស៊ីន បានស្នើឲ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គីសនី និងការយកពន្ធស្រូវ។
លោក ប៉ាន សូរស័ក្តិ៖«ខាងអ្នកផលិតអង្ករសុំបញ្ចុះពន្ធ ទាក់ទងកសិផល ហើយបញ្ហាអគ្គីសនីដែលថ្លៃគួរតែមានអគ្គីសនីតម្លៃថោកនៅពេលយប់…. »។
លោក ប៉ាន សូរស័ក្តិ បានបន្តថា ក្រៅពីនេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនក៏សុំឲ្យធនាគារផ្តល់ប្រាក់កម្ចីទាប ឬសម្រួលដល់ការពន្យានៃការបង់ការប្រាក់ជាដើម។
ជុំវិញសំណើរនេះ លោករដ្ឋមន្ត្រី មិនទាន់បានសម្រេចយ៉ាងណានៅឡើយទេ។ លោកថា នឹងផ្ញើរបាយការណ៍ នៃកិច្ចប្រជុំព្រឹកមិញនេះទៅប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ធ្វើការសម្រេច។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បន្ថែមថា ប្រទេសចិនបានសន្យាទិញអង្ករ ពីប្រទេសកម្ពុជាចំនួន ២ សែន តោន នៅក្នុងឆ្នាំ ២០១៦នេះ។ លោកថា ក្រៅពីប្រទេសចិនគឺ ប្រទេសទីម័រ និងប្រទេសម៉ាឡេស៊ី ក៏កម្ពុជាកំពុងតែបញ្ចុះបញ្ចូលឲ្យជួយទិញអង្ករពីកម្ពុជាដែរ។
ចំណែក លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា សហព័ន្ធស្រូវអង្ករ កម្ពុជា បានដាក់សំណើសុំថវិកាកម្ចីប្រមាណ ៣០ លានដុល្លារពីរាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ ក្នុងវិស័យស្រូវអង្ករ និងដោះស្រាយបញ្ហាស្រូវកសិករដែលធ្លាក់ថ្លៃដូចនេះ។
ដោយឡែកប្រធានអង្គការសេដាក លោក សម ពិទូ យល់ឃើញថា កសិករហាក់ដូចជាទទួលបានផលចំណេញតិចតួច នៃការស្នើសុំរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ឲ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គីសនី និងការបង់ពន្ធស្រូវ។ លោកបន្តថា រាជរដ្ឋាភិបាលគួរផ្តល់ព័ត៌មានអំពីតម្រូវការប្រភេទស្រូវ អង្ករ សម្រាប់នាំចេញទៅក្រៅប្រទេសឲ្យទូលំទូលាយដល់ប្រជាកសិករ ដើម្បីឲ្យកសិករត្រៀមខ្លួនជាមុន។
លោក សម ពិទូ៖«ខាងម្ចាស់អាជិវករ គាត់ចេះចង់ធ្វើដូចម្ត៉េចបន្ធូរបន្ថយពន្ធ មានការកាត់ពន្ធនាំចេញ អនុគ្រោះពន្ធនាំចូលនៅសម្ភារៈ ព្រោះដើម្បីអាជីវកម្មរបស់គាត់ដើរ តម្លៃអគ្គីសនីនៅក្នុងបញ្ហានេះ វាជួយដល់ម្ចាស់ម៉ាស៊ីនកិនស្រូវ ប៉ុន្តែវាជួយផ្ទាល់ទៅដល់កសិករទេ ប្រសិនបើម្ចាស់ម៉ាស៊ីនដំណើរការបានល្អអញ្ចឹងគាត់អាចទិញផលិតផលពីកសិករ អាចថាតម្លើងតម្លៃស្រូវ»។
បន្ទាប់ពីតម្លៃស្រូវធ្លាក់ថ្លៃ ធនាគារស្រូវកម្ពុជា បានប្រកាសឱ្យកសិករក្នុងខេត្តបាត់ដំបង ពោធិសាត់ និងបន្ទាយមានជ័យ ឈប់លក់ស្រូវសើមសែនក្រអូប ទៅឱ្យឈ្មួញ ក្នុងតម្លៃក្រោម ៨៤០រៀល ឬស្មើនឹង៧បាតក្នុងមួយគីឡូក្រាម ដោយធនាគារនេះប្រកាសទិញស្រូវសើមសែនក្រអូប ក្នុងតម្លៃចាប់ ៨៤០រៀល ឡើងទៅ ក្នុងមួយគីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែតែម្តង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនាគារស្រូវ ចេញកាលពីថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញ។
ជាមួយគ្នានេះធនាគារស្រូវ ប្រកាសទិញស្រូវសែនក្រអូប ក្នុងតម្លៃចាប់ពី ៩០០រៀល ក្នុងមួយគីឡូក្រាម ពីកសិករដែលយកមកលក់ នៅទីតាំងធនាគារស្រូវ(កម្ពុជា) ភីអិលស៊ី ផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ធនាគារស្រូវបញ្ជាក់ផងដែរថា ចំពោះកសិករដែលមិនចង់លក់ស្រូវ អាចដឹកស្រូវមកសម្ងួត និងផ្ញើទុក នៅធនាគារស្រូវក៏បានដែរ។
សេចក្តីជូនដំណឹងរបស់ធនាគារស្រូវបានបញ្ជាក់ផងដែរថា ធនាគារស្រូវបានកំពុងធ្វើកិច្ចសហការគាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវក្នុងការដឹកស្រូវមកបញ្ចាំស្តុកទុក នៅធនាគារស្រូវ និងទិញកាត់ស្រូវពីធនាគារស្រូវ បញ្ចាំស្តុកទុក ដោយទទួលបានប្រាក់កម្ចី៧០%ពីធនាគារស្រូវ។
នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០១៦នេះ ការនាំអង្ករចេញរបស់កម្ពុជាបាន ៣២ ម៉ឺនតោន ធ្លាក់ចុះ ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៣ម៉ឺន៨ពាន់តោន កើនឡើង៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤។ ប្រទេសដែលនាំមុខគេក្នុងការនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ គឺចិន ប្រមាណជាង ១០ម៉ឺនតោន ប្រទេសបារាំង ប្រមាណជាង ៧ម៉ឺនតោន លេខ៣ប្រទេសប៉ូឡូញ ប្រមាណជាង៦ម៉ឺនតោន ទី៤ ប្រទេសហូឡង់ បានជិត ៦ម៉ឺនតោន និងទី៥ ប្រទេសម៉ាឡេស៊ី បានជិត ៥ម៉ឺនតោន៕