ភ្នំពេញ៖ រៀងរាល់មួយឆ្នាំម្ដងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ តែងតែបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួម មហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីថ្លែងពីសមិទ្ធិផលរយៈពេលមួយឆ្នាំដែលខ្លួនបានកសាងថា តើអនុឡោមទៅតាមកតិកាសញ្ញាដែលមានចែងក្នុងអង្គការសហប្រជាជាតិឬយ៉ាងណា។
ជុំវិញរឿងនេះ អ្នកវិភាគបានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា កម្ពុជាអាចប្រឈមនឹងការចោទសួរខ្លាំងៗពីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិជុំវិញការគោរពសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលគេថាបានដើរថយក្រោយទៅរក ចំនុចគ្រោះថ្នាក់។ អ្នកវិភាគថា វត្តមានកម្ពុជា នៅឯមហាសន្និបាត UN គឺជាចំនុចរសើប ដែលមិនអាចគេចវេះបានឡើយ ចំពោះការចោទសួរករណីរំលោភសិទិ្ធមនុស្ស។ លោក លៀ ស៊ីណា រាយការណ៍លម្អិត ៖
កាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៦ ម្សិលមិញក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ បានចេញសេចក្ដីជូនព័ត៌មានមួយជុំវិញការទៅចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧១ របស់កម្ពុជាដែលមានលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស ជាអ្នកដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតលើកនេះ នៅ ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងសេចក្ដីជូនព័ត៌មាននេះបញ្ជាក់ថា លោក ប្រាក់ សុខុន នឹងឡើងថ្លែងសុន្ទរកថាក្រោមប្រធានបទ «គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និង ការរជំរុញជាសកលក្នុងការផ្លាស់ប្ដូរពិភពលោក»។ ក៏ប៉ុន្ដែសេចក្ដីជូនព័ត៌មាននេះមិនបានបញ្ជាក់ថា នឹងលើកយកបញ្ហាគោរពសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទៅថ្លែងក្នុងមហាស្និបាតអង្គការសហប្រជាជាតិនេះទេ។
ជុំវិញការត្រៀមចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧១ របស់កម្ពុជានេះ សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា បានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រី នៅថ្ងៃទី ១៦ ខែ កញ្ញា នេះដោយ បង្ហាញការយល់ឃើញថា កម្ពុជាដាច់ខាតគេចមិនផុតពីការចោទសួរបញ្ហាពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ការផ្ដល់សិទ្ធិសេរីភាពទៅអ្នកនយោបាយ និងសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ។
លោក មើលឃើញថាប្រទេស៣៦ បានលើកយកស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា មកដាក់ចេញសេចក្តីប្រកាសរួមទៅកាន់ ក្រុមប្រឹក្សា សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាសញ្ញាណរឹងមាំមួយថាសហគមន៍អន្តរជាតិ មិនរាថយចំពោះ ការចាប់អារម្មណ៍ប្រទេសរំលោភសិទ្ធិមនុស្សនោះទេ។
សាស្ដ្រាចារ្យសិក្សាពីនយោបាយបន្ដទៀតថា កម្ពុជាប្រាកដ ជាអាប់ឱនកិត្តិយស ក្នុងមហាសន្និបាទនេះ ជាក់ពុំខានប្រសិន កម្ពុជាមិនព្យាយាមពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយផ្ដល់សិទ្ធិសេរីភាពឲ្យពលរដ្ឋឲ្យបានពេញលេញ និង បញ្ឈប់ការគាបសង្កត់លើសិទ្ធិសម្ដែងមតិផ្សេងៗទេនោះ។
លោកបញ្ជាក់ថា ប្រសិនជាកម្ពុជាមិនព្រមទទួលយកការរិះគន់ មកធ្វើការសិក្សាដើម្បីកែប្រែទេ ហើយ សកម្មភាពបំបិតសិទ្ធិសេរីភាពពលរដ្ឋនៅបន្ដកើតមាន និង ព្យាយាមទៅការពារកំហុសខ្លួន ដែលអង្គការសហប្រជាជាតិ មើលឃើញនៅចំពោះមុខសមាជិកទាំងអស់ នោះកម្ពុជានឹងកាន់តែបាត់បង់តម្លៃលើឆាកអន្ដរជាតិកាន់តែខ្លាំងពុំខាន។
លោក សូ ចន្ថា៖«ត្រង់ចំណុចនេះបើសិនជាកម្ពុជាយើងមិនបានកែប្រែ សកម្មភាព ឬក៏នៅតែមានការរំលោភសិទ្ធិមនុស្ស នៅតែមានការបិតសិទ្ធសេរីភាពពលរដ្ឋ ហើយយើងព្យាយាមទៅការពារ នៅអ្វីដែលជាសកម្មភាព នៅចំពោះមុខអង្គការសហប្រជាជាតិ ខ្ញុំគិតថានេះគឺមិនចំណេញដល់កម្ពុជានោះទេ ក៏ប៉ុន្ដែធ្វើឲ្យកម្ពុជាកាន់តែត្រូវបានប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ នឹងមិនផ្ដល់តម្លៃ និងផ្ដល់កិត្ដិយស ឲ្យនោះទេ»។
ចំណែកលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ លោកយល់ថា កម្ពុជានឹងត្រូវបានប្រទេសជាសមាជិកចោទសួរ បីចំណុចសំខាន់ៗមានដូចជា បញ្ហារំលោភដីធ្លី បញ្ហារំលោភសិទ្ធិមនុស្ស និងប្រព័ន្ធយុត្ដិធម៍នៅកម្ពុជា ជាក់ពុំខាន។ ជាងនេះលោកបន្ថែមថា ក្នុងប្រទេសកម្ពុជាបញ្ហារំលោភសិទ្ធិមនុស្ស បានក្លាយជាតួឯក ហើយជាទីចាប់អារម្មណ៍ពីប្រទេសមួយចំននួនធំទៅហើយ ។ លោកបន្ដថា មុនពេលប្រទេសជាសមាជិកអង្គការសហប្រជាជាតិ សម្រេចដាក់កម្ពុជាជាប្រទេសដែលមានស្ថានភាពរំលោភសិទ្ធិមនុស្ស គឺអ្នកទាំងនោះគេបានសិក្សាពីស្ថានភាពច្បាស់លាស់រួចហើយ។
លោក មាស នី៖«ការរំលោភសិទ្ធិមនុស្សនេះមុននឹងក្លាយជាតួឯកល្បី គឺគេបានតាមដានហ្នឹងច្រើនហើយ មុននឹងគេលើកឡើង ដូចជាប្រទេសទាំង៣៦ដែលគេបានចេញសេចក្ដីថ្លែងការណ៍ ទាំងអស់ហ្នឹងគឺគេបានពិនិត្យសព្វគ្រប់ហើយ ស្ថានទូតគេទាំងអស់គេនៅក្នុងទីក្រុងភ្នំពេញ ជាភ្នែកច្រមុះរបស់គេ គេមិនចេះតែថា តាមតែនឹកឃើញទេ ហើយរឿងបដិសេធរបស់រដ្ឋាភិបាល គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្ដែពេលខ្លះការបដិសេធរបស់យើង មិនខុសពីការព្យាយាមយកចង្អេរទៅបាំងដំរីមួយដែលងាប់»។
កាលពីម្សិលមិញបើយោងតាមការចេញផ្សាយព័ត៌មាន របស់វិទ្យុអន្ដរជាតិជាភាសារខ្មែរមួយ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-Moon) បានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ស្របពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំង ហើយត្រូវបានគេមើលឃើញថាមានការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្ស។
ជាងនេះមុនពេលដែលលោក បាន គីមូន បង្ហាញក្ដីព្រួយបារម្ភដូច្នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ លើកទី៣៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានប្រទេសចំនួន៣៦ និងសមាជិកសហភាពអឺរ៉ុប ទាំងអស់ ក៏ដូចជាប្រទេសប្រជាធិបតេយ្យធំៗរួមមាន អាមេរិក កាណាដា ជប៉ុន និងអូស្ត្រាលី បានលើកយកស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជារួមចេញសេចក្តីប្រកាសរួម ឲ្យទៅអគ្គលេខាធិការ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិពិនិត្យផងដែរ។
លោក ចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ទទួលស្គាល់ថា ការថ្លែងរបស់លោក បាន គីមូន ពិតជាធ្វើឱ្យកម្ពុជា បាក់មុខមាត់លើ ឆាកអន្តរជាតិ។ លោកបញ្ជាក់ថា អង្គការសហប្រជាជាតិពិតជាមានឥទ្ធិពល លើ ប្រទេសជាសមាជិករបស់ខ្លួន។
លោក ចាន់ វិបុល«យើងមើលអំពីគោលការណ៍របស់អង្គការសហប្រជាជាតិ អគ្គលេខាអង្គការសហប្រជាជាតិជាតួអង្គសំខាន់ក្នុងការធានា ឲ្យប្រាកដថាសេចក្ដីថ្លែងការណ៍ ជារួមស្ដីពីសិទ្ធិមនុស្សត្រូវបានគោរពហើយកម្ពុជា ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ ដែលបានចុះសច្ចាប័ន នៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិង កតិកាសញ្ញាផ្សេងៗដូច្នេះបានន័យថាការប្រកាសរបស់លោក បាន គីមូន គឺជាតំណាងស្របច្បាប់របស់ប្រជាជាតិនៅក្នុងសកលលោកដើម្បីធ្វើឲ្យប្រាកដថាសច្ចាប័ទាំងនោះត្រូវបានគោរព»។
សហរដ្ឋអាមេរិកដែលនាំមុខគេ គាបសង្កត់កម្ពុជា ឱ្យគោរពសិទ្ធិមនុស្ស កាលពីថ្ងៃទី១៣កញ្ញា សភាប្រទេសមហាអំណាចនេះ បាន អនុម័តសេចក្ដីសម្រេច លេខ ៧២៨ ដោយដាក់ប្រទេសកម្ពុជាជារដ្ឋគ្រោះថ្នាក់ផ្នែកសេរីភាព និង សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែល ករណីនេះ អ្នកវិភាគ គិតថា អាមេរិក នឹងប្រើឥទ្ធិពលរបស់ខ្លួន តាមរយៈ អង្គការសហប្រជាតិ គាបសង្កត់កម្ពុជា ឱ្យដើរត្រឡប់ថយក្រោយវិញ និងឱ្យទាន់ពេលវេលា មុនការបោះឆ្នោត ខាងមុខនេះ៕