en     km
en     km

សហជីព​កម្មករ​៖​ កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​មិន​ទាន់​ឯកភាព​គ្នា​ នៅ​ទ្បើ​យ​

Share

ភ្នំពេញ៖ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បានឱ្យ​ដឹង​ថា​កិច្ចចរចា​ប្រាក់​ឈ្នួល​កម្មករ​នៅ​ មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅ​ទ្បើ​យ​។​ លោ​កថា​សហជីព​បាន​ចុះ​តួលេខ​ប្រាក់​ឈ្នួល​ចរចា​ ប៉ុន្តែ​ខាង​ ភាគី​និយោជក​ មិន​ព្រម​តម្លើង​តួលេខ​។​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់

​ការ​លើក​ទ្បើ​ង​ដូចនេះ​ បន្ទាប់​ពី​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​ទ្វេភាគី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រវាង​និយោជក​ និង​សហជីព​ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ដោយ​ពុំ​មាន​កិច្ចព្រមព្រៀង​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

​បន្ទាប់​មាន​កិច្ចប្រជុំ​ទ្វេភាគី​ រវាង​ តំណាង​និយោជក​ និង​ សហជីព​ នៅ​ក្រសួង​ការងារ​រយៈពេល​ ២​ ថ្ងៃ​ដោយ​បាន​បញ្ចប់​ទៅ​នេះ​ តំណាង​សហជីព​មួយ​ថា​ នៅ​តែ​មាន​តួលេខ​ខ្វែងគំនិត​គ្នា​នៅ​ទ្បើ​យ​ គឺ​ដោយសារ​បញ្ហា​នេះ​ត្រួ​វយ​ក​ទៅ​ពិភាក្សា​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​បន្ត​ទៀត​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​FM102​ នៅ​ថ្ងៃនេះ​ថា​ កិច្ចប្រជុំ​ទ្វេរ​ភាគី​រវាង​សហជីព​ និង​និយោជក​នៅ​តែ​មានការ​ខ្វែងគំនិត​គ្នា​នៅ​ ទ្បើ​យ​។​ នៅ​មានការ​ខ្វែងគំនិត​គ្នា​នេះ​ដោយ​លោក​លើក​ទ្បើ​ង​ថា​ ដោយសារ​ភាគី​ខាង​និយោជក​នៅ​តែ​រក្សា​តួរ​លេខ​ ១៤៦,៣៧​ ដុល្លារ​ដូច​កាលពី​ម្សិលមិញ​ដដែល​ ខណៈ​ខាង​សហជីព​ ទម្លាក់​តួរ​លេខ​ពី​ ១៧៩.៦០​ ដុល្លារ​ កាលពី​ម្សិលមិញ​ មក​ត្រឹម​ ១៧៧.៩៩​ ដុល្លារ​។​

​លោក​ អាត់​ ធន់​ បន្ត​ថា​ ចំនួន​តួលេខ​ដែល​ខាង​និយោជក​បាន​ដាក់​នេះ​គឺជា​ចំនួន​ នៅ​ទាប​នៅ​ទ្បើ​យ​ ដោយ​មិន​បាន​ជួយ​សម្រួល​ឱ្យ​កម្មករ​ អាច​រស់នៅ​បាន​ដោយ​មាន​ជីវភាព​សមរម្យ​នោះ​ទេ​។​

​លោក​ អាត់​ ធន់​៖​ «​ខ្ញុំ​គិត​ថា​ចំនួន​ប្រាក់​ហ្នឹង​នៅ​ទាប​នៅ​ទ្បើ​យ​ដែល​ GMAC​ ហ្នឹង​គឹ​គាត់​មិន​ទាន់​ផ្តល់​ឱ្យ​ដើម្បី​កម្មករ​ហ្នឹង​អាច​រស់នៅ​បាន​ បើ​យើង​មើលទៅ​ចំនួន​ដែល​គាត់​ឱ្យ​នៅ​ទាប​ជាង​អ្វី​ដែល​ពួក​គាត់​នៅ​មាន​លទ្ធភាព​ទៀត​ ព្រោះ​អានេះ​វា​ជា​វិធីសាស្ត្រ​របស់​ខាង​និយោជក​ ខ្ញុំ​គិត​ថា​ខាង​និយោជក​ និង​ខាង​រដ្ឋាភិបាល​មិន​គួរ​លាក់លៀម​អី​ច្រើន​ពេក​ទេ​ ប៉ុន្តែ​ត្រូវ​ផ្តល់​នូវ​អ្វី​ដែល​ជា​ការ​រស់នៅ​សមរម្យ​របស់​កម្មករ​»​។​

​លោក​ អាត់​ ធន់​ បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​ ២៦​ ខាង​មុខ​នេះ​ នឹង​មាន​កិច្ចប្រជុំ​ត្រីភាគី​ដែល​មាន​រដ្ឋាភិបាល​ចូលរួម​សម្រប​សម្រួលការ​ចរចា​នេះ​។​ បន្ថែម​ពី​នេះ​ទៀត​ លោក​អះអាង​ថា​លោក​នឹង​រក្សា​តួលេខ​ ១៧៧.៩៩​ ដុល្លារ​ទៅ​ចរចា​ដដែល​ ហើយ​ក៏​ជា​តួលេខ​ចុង​ក្រោយ​យក​ទៅ​ចរចា​ដែរ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC​ លោក​ ខេន​ លូ​ នៅឡើយ​ទេ​។​

​សូម​ជំរាប​ថា​បន្ទាប់​ពី​មាន​កិច្ចចរចា​ប្រាក់​ឈ្នួល​កម្មករ​ ជា​ច្រើន​លើក​ច្រើន​សារ​ មកនេះ​ រដ្ឋាភិបាល​ និង​និយោជក​បាន​សម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ពី​ ១២៧​ ដុល្លារ​ ដល់​ ១៤០​ ដុល្លារ​ក្នុង​១​ខែ​៕

Share

Image
Image
Image