ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបគឺលោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
លោកស្រី មូរ សុខហួរ ដែលទើបត្រលប់មកវិញបានប្រាប់វិទ្យុស្ត្រីFM102 នៅថ្ងៃទី ១៥ ខែកញ្ញា ថា ពលរកខ្មែរជិតមួយលាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃបានប្តេជ្ញាថា ពួកគេនឹងមកចុះឈ្មោះឆ្នោត។ ប៉ុន្តែពលករខ្លះ ជួបបញ្ហាប្រឈមព្រោះពួកគេមិនទាន់មានឯកសារគ្រប់គ្រាន់ធ្វើឱ្យពួកគេពិបាកមកចុះឈ្មោះបោះឆ្នោត។ ហេតុនេះលោកស្រីក៏ បានស្នើទៅរដ្ឋាភិបាលដើម្បី អន្តរាគមន៍ជួយសម្រួលដល់ពលករទាំងនោះ។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាន៖
ដោយមានការសម្រួលពីថៅកែរោងចក្រនៅប្រទេសថៃ មានពលករខ្មែរមួយចំនួនតូច បានមកចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ។
តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ដែលបានជួបសំណេះសំណាលជាមួយ ពលករខ្មែរដោយផ្ទាល់នៅឯប្រទេសថៃ មានប្រសាសន៍ថា ពលករនៅទីនោះស្ទើតែមួយរយភាគរយ មានឆន្ទៈមកចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យមានការផ្លាស់ប្តូរ។
លោកស្រី មូរ សុខហួរ៖ «ពលករខ្មែរមានឆន្ទៈខ្ពស់ នៅតែរក្សាខ្លួនថាជាពលរដ្ឋខ្មែរ ហើយចង់មកចុះឈ្មោះ ចង់មកមានការផ្លាស់ប្តូរ។ គាត់និយាយច្បាស់ណាស់ ។ ហើយនៅក្នុងវិឌីអូ របស់គាត់និយាយច្បាស់ ពលករខ្លូនឯងជាអ្នកនិយាយថា ខ្ញុំដឹងមីង ខ្ញុំចង់ត្រលប់មកផ្ទះវិញដើម្បីរើសយក មេឃុំល្អ ខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរ»។
បែបនេះក្តី លោកស្រី មូរ សុខហួរ នៅតែមានការព្រួយបារម្ភ ព្រោះពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ប្រមាណជិតមួយលាននាក់ មានតែ២០ម៉ឺននាក់ទេ ដែលមានឯកសារគ្រប់គ្រាន់។ ចំណែកពលករមួយចំនួនទៀត ជួបបញ្ហាប្រឈម គឺគ្មាន លិខិតស្នាមច្បាស់លាស់ ជាហេតុធ្វើឱ្យពួកគេគ្មានឱកាសអាចមកចុះឈ្មោះបោះឆ្នោត។
បញ្ហានេះ លោកស្រីទាមទារឱ្យមានអន្តរាគមន៍ ពីរដ្ឋាភិបាលកម្ពុជា ទៅរដ្ឋាភិបាលថៃ ដើម្បីធ្វើការណែនាំជាផ្លូវការ អនុញ្ញាតឱ្យពលករ បានមកចុះឈ្មោះនៅស្រុកកំណើតឱ្យបានគ្រប់គ្នា។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងការរទេស ទាក់ទិននឹងបញ្ហាដែលលោកស្រី មូរ សុខហួរ បានស្នើសុំនេះ បានទេនៅថ្ងៃនេះ។
ដោយឡែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ១៥ កញ្ញា ថា គ.ជ.ប បានទុករយៈពេល៩០ថ្ងៃ ដើម្បីឱ្យពលករ លៃលកពេលមកចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែលោកថា ប្រសិនបើជួបបញ្ហាប្រឈមណាមួយអាចស្នើមក គ.ជ.ប។
ទាក់ទងនឹងបញ្ហាប្រឈមមួយចំនួនដែលលោកស្រី មូរ សុខហួរ បានលើកឡើង លោកហង្ស ពុទ្ធា ឱ្យដឹងថា គ.ជ.ប មិនបានស្នើទៅរដ្ឋាភិបាលទេ។
លោក ហង្ស ពុទ្ធា៖«បើមានសំណើរ គ.ជ.ប នឹងធ្វើការពិចារណា ប៉ុន្តែសម្រាប់ គ.ជ.ប យើងបានគិតគូបញ្ហា យើងបានរៀបចំពេលវេលាសមស្រប សម្រាប់ធ្វើការចុះឈ្មោះនៅទូទាំងប្រទេស»។
លិខិតរបស់លោកស្រី មូរ សុខហួរ ដែលបានស្នើទៅក្រសួងការបរទេសឱ្យជួយធ្វើអន្តរាគមន៍ ដល់ពលករខ្មែរកំពុងបម្រើការងារនៅប្រទេសថៃ បានឱ្យដឹងថា ពលករទាំងនោះបានជួបប្រទះបញ្ហាមួយចំនួន ដែល នឹងធ្វើឱ្យពួកគាត់បាត់បង់ឱកាស ក្នុងការមកចុះឈ្នោះបោះឆ្នោតនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា បញ្ហាប្រឈមដែលពលករខ្មែរនៅប្រទេសថៃពេលនេះ គឺ ពលករខ្មែរ ជាពលករពុំមានលក្ខណៈស្របច្បាប់ ត្រូវបានអាជ្ញាធរថៃចេញកាតពណ៌ស៊ីជម្ពូឱ្យ ដែលក្រុមពលករ មានកាតពណ៌ស៊ីជម្ពូនេះ ពុំមានសិទ្ធិធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនៅប្រទេសកម្ពុជាបាននោះទេ។
លិខិតដដែលបន្តថា លិខិតឆ្លងដែនរបស់ពលករ ភាគច្រើនត្រូវបានយកទៅស្នើសុំពន្យាទិដ្ឋាការនៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ដោយប្រើរយៈពេលយូរ ហើយលិខិតឆ្លងដែនរបស់អ្នកខ្លះទៀត ត្រូវបានថៅកែ ឬក្រុមហ៊ុន ដកហូតយកទៅរក្សាទុក ជាហេតុធ្វើឱ្យពួកគាត់ពុំមានលិខិតឆ្លងដែនជាប់ខ្លួន សម្រាប់ធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតបាន។
បញ្ហាប្រឈមមួយទៀត លោកស្រី មូរ សុខហួរ បញ្ជាក់ថា ពលករខ្មែរដែលចង់ឆ្លងដែន ត្រូវបានគេតម្រូវឱ្យបង់ប្រាក់យ៉ាងច្រើន ដែលធ្វើឱ្យពួកគាត់ប្រឈមការលំបាកជីវភាព ហើយអាចបោះបង់ចោលការវិលត្រលប់មក ចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាបាន។
លោកស្រីបញ្ជាក់ថា ប្រសិនបើពុំមានការជួយធ្វើអន្តរាគមន៍ទេនោះ ពលករខ្មែរទាំងនោះនឹងត្រូវបាត់បង់ឱកាសមកចុះឈ្មោះបោះឆ្នោតនៅប្រទេសកម្ពុជា៕