en     km
en     km

លោកស្រី​ មូរ​ សុខ​ហួរ​៖​ ពលករ​ខ្មែរ​នៅ​ថៃ​ភាគច្រើន​ ចង់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​ខ្វះ​លទ្ធភាព

Share

ភ្នំពេញ៖ កាលពី​ពេល​ថ្មីៗ​នេះ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​រូប​គឺ​លោកស្រី​ មូរ​ សុខ​ហួរ​ បាន​ទៅ​ប្រទេស​ថៃ​ ដើម្បី​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។

​លោកស្រី​ មូរ​ សុខ​ហួរ​ ដែល​ទើប​ត្រលប់​មក​វិញ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ថា​ ពល​រក​ខ្មែរ​ជិត​មួយ​លាន​នាក់​ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ប្តេជ្ញា​ថា​ ពួក​គេ​នឹង​មក​ចុះ​ឈ្មោះ​ឆ្នោត​។​ ប៉ុន្តែ​ពលករ​ខ្លះ​ ជួប​បញ្ហា​ប្រឈម​ព្រោះ​ពួក​គេ​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ហេតុនេះ​លោកស្រី​ក៏​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ អន្តរាគមន៍​ជួយ​សម្រួល​ដល់​ពលករ​ទាំងនោះ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​៖

 

​ដោយ​មានការ​សម្រួល​ពី​ថៅកែ​រោងចក្រ​នៅ​ប្រទេស​ថៃ​ មាន​ពលករ​ខ្មែរ​មួយ​ចំនួន​តូច​ បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​របស់​ខ្លួន​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ មូរ​ សុខ​ហួរ​។​

​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ​ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​ ពលករ​ខ្មែរ​ដោយ​ផ្ទាល់​នៅ​ឯ​ប្រទេស​ថៃ​ មាន​ប្រសាសន៍​ថា​ ពលករ​នៅ​ទីនោះ​ស្ទើ​តែ​មួយ​រយ​ភាគរយ​ មាន​ឆន្ទៈ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្តូរ​។​

លោកស្រី​ មូរ​ សុខ​ហួរ​៖​ «​ពលករ​ខ្មែរ​មាន​ឆន្ទៈ​ខ្ពស់​ នៅ​តែ​រក្សាខ្លួន​ថា​ជា​ពលរដ្ឋ​ខ្មែរ​ ហើយ​ចង់​មក​ចុះ​ឈ្មោះ​ ចង់​មក​មានការ​ផ្លាស់​ប្តូរ​។​ គាត់​និយាយ​ច្បាស់​ណាស់​ ។​ ហើយ​នៅ​ក្នុង​វិ​ឌី​អូ​ របស់​គាត់​និយាយ​ច្បាស់​ ពលករ​ខ្លូ​ន​ឯង​ជា​អ្នក​និយាយ​ថា​ ខ្ញុំ​ដឹង​មីង​ ខ្ញុំ​ចង់​ត្រលប់​មក​ផ្ទះ​វិញ​ដើម្បី​រើស​យក​ មេឃុំ​ល្អ​ ខ្ញុំ​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ»​​។​

​បែប​នេះ​ក្តី​ លោកស្រី​ មូរ​ សុខ​ហួរ​ នៅ​តែ​មានការ​ព្រួយបារម្ភ​ ព្រោះ​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ ប្រមាណ​ជិត​មួយ​លាន​នាក់​ មាន​តែ​២០​ម៉ឺន​នាក់​ទេ​ ដែល​មាន​ឯកសារ​គ្រប់គ្រាន់​។​ ចំណែក​ពលករ​មួយ​ចំនួន​ទៀត​ ជួប​បញ្ហា​ប្រឈម​ គឺ​គ្មាន​ លិខិត​ស្នាម​ច្បាស់លាស់​ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​គ្មាន​ឱកាស​អាច​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​បញ្ហា​នេះ​ លោកស្រី​ទាមទារ​ឱ្យ​មាន​អន្តរាគមន៍​ ពី​រដ្ឋាភិបាល​កម្ពុជា​ ទៅ​រដ្ឋាភិបាល​ថៃ​ ដើម្បី​ធ្វើការ​ណែនាំ​ជា​ផ្លូវការ​ អនុញ្ញាត​ឱ្យ​ពលករ​ បាន​មក​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត​ឱ្យ​បាន​គ្រប់​គ្នា​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួង​ការ​រទេស​ ទាក់ទិន​នឹង​បញ្ហា​ដែល​លោកស្រី​ មូរ​ សុខ​ហួរ​ បាន​ស្នើ​សុំ​នេះ​ បាន​ទេ​នៅ​ថ្ងៃនេះ​។​

អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

ដោយឡែក​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ១៥​ កញ្ញា​ ថា​  គ​.​ជ​.​ប​ បាន​ទុក​រយៈពេល​៩០​ថ្ងៃ​ ដើម្បី​ឱ្យ​ពលករ​ លៃលក​ពេល​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​ជួប​បញ្ហា​ប្រឈម​ណាមួយ​អាច​ស្នើ​មក​ គ​.​ជ​.​ប​។​

​ទាក់ទង​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​លោកស្រី​ មូរ​ សុខ​ហួរ​ បាន​លើក​ឡើង​ លោក​ហង្ស​ ពុទ្ធា​ ឱ្យ​ដឹង​ថា​ គ​.​ជ​.​ប​ មិន​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ទេ​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​បើ​មាន​សំណើរ​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ពិចារណា​ ប៉ុន្តែ​សម្រាប់​ គ​.​ជ​.​ប​ យើង​បាន​គិតគូ​បញ្ហា​ យើង​បាន​រៀបចំ​ពេលវេលា​សម​ស្រប​ សម្រាប់​ធ្វើការ​ចុះ​ឈ្មោះ​នៅ​ទូ​ទាំង​ប្រទេស​»​។​​

​លិខិត​របស់​លោកស្រី​ មូរ​ សុខ​ហួរ​ ដែល​បាន​ស្នើ​ទៅ​ក្រសួងការបរទេស​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ដល់​ពលករ​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ បានឱ្យ​ដឹង​ថា​ ពលករ​ទាំងនោះ​បាន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដែល​ នឹង​ធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​ឱកាស​ ក្នុង​ការ​មក​ចុះ​ឈ្នោះ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​

​លោកស្រី​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​ដែល​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ពេល​នេះ​ គឺ​ ពលករ​ខ្មែរ​ ជា​ពលករ​ពុំ​មាន​លក្ខណៈ​ស្របច្បាប់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចេញ​កាត​ពណ៌​ស៊ី​ជម្ពូ​ឱ្យ​ ដែល​ក្រុម​ពលករ​ មាន​កាត​ពណ៌​ស៊ី​ជម្ពូ​នេះ​ ពុំ​មាន​សិទ្ធិ​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ​។​

​លិខិត​ដដែល​បន្ត​ថា​ លិខិតឆ្លងដែន​របស់​ពលករ ភាគច្រើន​ត្រូវ​បាន​យក​ទៅ​ស្នើ​សុំ​ពន្យា​ទិដ្ឋាការ​នៅ​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​ថៃ​ ដោយ​ប្រើ​រយៈពេល​យូរ​ ហើយ​លិខិតឆ្លងដែន​របស់​អ្នកខ្លះ​ទៀត​ ត្រូវ​បាន​ថៅកែ​ ឬ​ក្រុមហ៊ុន​ ដកហូត​យក​ទៅ​រក្សា​ទុក​ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ពុំ​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ សម្រាប់​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​

​បញ្ហា​ប្រឈម​មួយទៀត​ លោកស្រី​ មូរ​ សុខ​ហួរ​ បញ្ជាក់​ថា​ ពលករ​ខ្មែរ​ដែល​ចង់​ឆ្លង​ដែន​ ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​បង់ប្រាក់​យ៉ាងច្រើន​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​ការ​លំបាក​ជីវភាព​ ហើយ​អាច​បោះបង់​ចោលការ​វិល​ត្រលប់​មក​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​។​

​លោកស្រី​បញ្ជាក់​ថា​ ប្រសិនបើ​ពុំ​មានការ​ជួយ​ធ្វើ​អន្តរាគមន៍​ទេ​នោះ​ ពលករ​ខ្មែរ​ទាំងនោះ​នឹង​ត្រូវ​បាត់បង់​ឱកាស​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​៕

Share

Image
Image
Image