ភ្នំពេញ៖ គណៈកម្មការបុណ្យបេតិកភណ្ឌនៃសមាគមសិល្បៈហ្វ៊ូណន នឹងរៀបចំអបអរសាទរខួបទី១៣ឆ្នាំ នៃរបាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំ ចូលជាសម្បតិ្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយ អង្គការ UNESCO ។
តាមសេចក្ដីជូនដំណឹងគណៈកម្មការបុណ្យបេតិកភណ្ឌ នៃសមាគមសិល្បៈហ្វ៊ូណន ពិធីនេះនឹងធ្វើឡើងរយៈពេល ៣ថ្ងៃពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ តុលា។
គោលបំណងនៃពិធីនេះ គឺ ដើម្បីប្រមូលថវិការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដែលជួបការខ្វះខាតថវិកា។ ជាពិសេសគឺដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ អរិយធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស ជានិរន្ត។
តាមសេចក្ដីជូនដំណឹងដដែលនេះពិធីនេះធ្វើឡើងដើម្បីលើកតម្កើងការផ្សព្វផ្សាយ វប្បធម៌ឲ្យកាន់តែមានភាពល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ និងជួយឲ្យយុវជនខ្មែរស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈនីមួយៗ តាមរយៈសិក្ខាសាលាធ្វើបទបង្ហាញ ព្រមទាំងការសម្តែង។
ក្នុងកម្មវិធីនេះក៏មានការសម្តែង នូវទម្រង់ល្ខោនស្បែកធំ ល្ខោនខោល របាំព្រះរាជទ្រព្យ និង ទម្រងសិល្បៈផ្សេងទៀតដូចជា ឧបករណ៍គេន ក្រុមតន្ត្រីថូន និងឧបករណ៍តន្ត្រីបុរាណផ្សេងៗទៀត។
តាមសេចក្ដីជូនដំណឹង ព្រឹត្តិការណ៍នេះ ក៏ដើម្បី ចូលរួមអបអរសាទរ ព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ផងដែរ៕