ភ្នំពេញ៖ ក្រុមមេធាវីការពារក្តីឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថាកំពុងរៀបចំឯកសារចំនួន២ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ ប្ដឹងជំទាស់សាលក្រមតុលាការក្រុងភ្នំពេញកាត់ទោសឲ្យមេបក្សប្រឆាំងជាប់ពន្ធនាគារ ៥ ខែ និងមួយទៀតប្តឹងសុំមោឃភាពនីតិវិធីរបស់តុលាការ។
កាលពីថ្ងៃទី ០៩ ខែកញ្ញា តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឱ្យមានទោស៥ខែ និងពិន័យជាប្រាក់៨សែនរៀល តាមក្រមព្រហ្មទណ្ឌ មាត្រា ៥៣៨ ពីបទបដិសេធ ករណីមិនចូលខ្លួន ក្នុងសំណុំរឿង នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺ លោក សំ សុគង់ បានប្រាប់វិទ្យុស្ត្រីFM102 នៅថ្ងៃទី ១៥ កញ្ញានេះថា ក្រុមមេធាវីកំពុងរៀបចំឯកសារចំនួន ២ គឺទី១ ប្រឆាំងសាលក្រម និងទី២ ប្ដឹងនីតិវិធីឱ្យទុក្ខជាមោឃភាព។
លោក សំ សុគង់៖«យើងមិនឱ្យលើសពី១ខែ ប៉ុន្តែមិនទាន់ថ្ងៃច្បាស់ថា យើងដាក់ថ្ងៃណា ទី១ប្តឹងមោឃភាពនីតិវិធិ ហើយទី២ ប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមទាក់ទងការកាត់ទោសគាត់ ៥ ខែ ពិន័យជាប្រាក់ ៨ សែនរៀល»។
កាលថ្ងៃទី ០៩ ខែ កញ្ញា លោក កឹម សុខា បានថ្លែងជាសាធារណៈនៅទីស្នាក់ការកណ្តាលគណបក្សថា គណបក្សកាន់អំណាចព្យាយាមធ្វើទុក្ខបុកម្នេញលោក ក្នុងបំណងបញ្ចប់ជីវិតនយោបាយរបស់លោក និងមិនឱ្យលោកមានសិទ្ធិបោះឆ្នោតពេលខាងមុខ។
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការផ្តន្ទាទោសមេបក្សប្រឆាំងរូបនេះ ភ្លាមៗគណបក្សសង្គ្រោះជាតិ បានប្រកាសជំហរថានឹងធ្វើមហាបាតុកម្ម បើសិនជាមានការចាប់ខ្លួន លោក កឹម សុខា។ ចំណែកគណបក្សកាន់អំណាចប្រកាសបង្ក្រាប ការធ្វើបាតុកម្មប្រសិនបើបក្សសង្គ្រោះជាតិ ធ្វើមែននោះ៕