អាជ្ញាធរជាតិអប្បរា នឹងរៀបចំតាំងពិពណ៌រូបថត ដែលថតដោយភ្ញៀវទេសចរ ក្រោមប្រធានបទ«អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរណ៍» ចាប់ពីថ្ងៃទី ២៤ ខែ កញ្ញា ដល់ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៦ នៅមុខប្រាសាទអង្គវត្ត។
អាជ្ញាធរជាតិអប្បរាប្រកាសថាការតាំំងពីព័ណ៌នេះ ក្នុងគោលបំណងអបអរព្រឹត្តិការណ៍សមរាត្រី ឬ Equinox ដែលព្រអាទិត្យនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នៅពេលព្រឹកព្រលឹមថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០១៦នេះ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្បរា បានឲ្យដឹងថា ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ មានបំណងដាក់រូបថតចូលរួមព្រឹត្តិការណ៍នេះ សូមផ្ញើរទៅកាន់ក្រុមការងារនៃអាជ្ញាធរជាតិអប្បរាតាមអ៊ីម៉ែល [email protected] ឬ បង្ហោះក្នុងទំព័រ(Facebook Page) Angkor Equinox ដោយបញ្ជាក់អំពីឈ្មោះម្ចាស់រូបថត ឈ្មោះប្រទេស និងអត្តន័យសង្ខេបនៃរូបថត ។
សេចក្តីជូនដំណឹងដដែលនេះក៏បានអំពាវនាវ ដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ត្រូវគោរពតាមការណែនាំ របស់ភ្នាក់ងារទេសចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ក្នុងការទស្សនា។ ពិសេសអាជ្ញាធរជាតិអប្បរាមិនអនុញ្ញាតឲ្យមានបង្ហោះយន្តហោះ Drone នៅក្នុងបរិវេណប្រាសាទអង្គរ ដោយគ្មានការអនុញ្ញាតផងដែរ៕