ភ្នំពេញ៖ ឈ្មោះប្រទេសកម្ពុជា ត្រូវបាន គេលើកមកនិយាយទៀតហើយ នៅលើឆាកអន្តរជាតិ ។ នៅថ្ងៃនេះក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កំពុងប្រជុំ និយាយពី ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ។
កាលពីថ្ងៃអង្គារទី១៣ កញ្ញា សមាជិកសភា អាមេរិក អនុម័តដំណោះស្រាយមួយ លេខ៧២៨ ដោយដាក់ប្រទេសកម្ពុជា ជារដ្ឋរំលោភសិទ្ធិមនុស្ស ។ ចំណែកសហភាព អឺរ៉ុបមាន សមាជិក២៧ប្រទេស បានដាក់កម្ពុជា ស្ថិតស្ថានភាព រំលោភសិទិ្ទមនុស្ស ធ្ងន់ធ្ងររួចទៅ ហើយ ។ ចំនុចទាំងនេះ នាំឱ្យអ្នកវិភាគ បារម្ភពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកម្ពុជា បើ បក្សកាន់អំណាច មិនដើរត្រឡប់ក្រោយវិញ ។
តែយ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច មិនទទួលយកការយល់ឃើញរបស់អ្នកវិភាគ ដូចនេះ ទេ ។ លោក លៀ សុីណា ជូនការវិភាគរឿងនេះ៖
បើគិត ចាប់ពីលោកសមរង្ស៊ី សម្រេចនិរទេសខ្លួន ដោយសារ លោករងដីកាចាប់ខ្លួន ករណី បរិហារកេរ្តិ៍មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល គឺអតីតរដ្ឋមន្ត្រីការបរទេសហោ ណាំហុង មកនោះ គឺ ប្រទេសកម្ពុជាបាន រងការថ្កោលទោស ពីសហគមន៍អន្តរជាតិ យ៉ាងខ្លាំង ។
អ្វីនាំឱ្យអន្តរជាតិ ថ្កោលទោស គឺពួកគេ បារម្ភពីការធ្លាក់ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ស្របពេលពួកគេបានហៅ ចំណាត់ការ អ្នកនយោបាយ និរទេសខ្លួនរូបនេះ ថាជាចលនានៃការបំបាត់សំឡេង មេដឹកនាំ បក្សប្រឆាំង។
ជាងនេះទៀត សហគមន៍អន្តរជាតិ បានស្វែងរក កម្លាំងរួមមួយដើម្បីរុញបក្សកាន់អំណាច នៅកម្ពុជាឱ្យដើរថយក្រោយវិញ ។
ក្នុងស្ថានភាពនេះ សភាសហភាព អឺរ៉ុបដែលនាំមុខគេ បានអនុម័យដោយសំឡេងភាគច្រើនដាច់ខាត នូវដំណោះស្រាយមួយដោយទទូចឱ្យរដ្ឋាភិបាល និង តុលាការទម្លាក់ចោល បណ្ដឹង និងដីកាចាប់ខ្លួន លោកសមរង្ស៊ី និងដោះលែងអ្នកទោស ដែលគេហៅថាអ្នកទោស មនសិការ ឱ្យមានសេរីភាពឡើងវិញ។
ដោយសារស្ថានភាពសិទ្ធិមនុស្សមិនថប់ថយ បាននាំឱ្យ សភាអាមេរិក និង ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាន ចេញសម្រេច ដោយដាក់ប្រទេសកម្ពុជា ជារដ្ឋកំពុងប្រឈមុខននឹងគ្រោះថ្នាក់ ដែលពួកគេថាគ្រោះថ្នាក់ដោយសារបក្សកាន់អំណាចធ្វើបក្សប្រឆាំង រងទុក្ខបុកម្នេញ និង ការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរហើយការលើកឡើងនេះក៏ស្របពេល អុ្នកនយោបាយ បក្សប្រឆាំងជាច្រើនត្រូវបានឃុំខ្លួន និងមេដឹកនាំម្នាក់ទៀតបង្ខំឃុំខ្លួនឯងនៅក្នុងផ្ទះករណីមិនចូលខ្លួន នៅតុលាការ។ ត្រង់ចំនុចគុណវិបត្តិនេះហើយមើលទៅ ដែល អ្នកវិភាគ បញ្ហាសង្គម ២រូបនេះ ដែល វិទ្យុស្ត្រីសុំការ បកស្រាយ និងវិភាគ យល់ឃើញថា ប្រទេសកម្ពុជា នឹងជួបហានិភ័យ ដោយសារសហគមន៍អន្តរជាតិ ដែលមានឥទ្ធិពល ដួចជា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើ ប្រទេសកម្ពុជា ។
បណ្ឌិតចាន់វិប៊ុល អ្នកស្រាវជ្រាវពីអភិបាល កិច្ច និងប្រជាធិបតេយ្យ ពិនិត្យឃើញថា កម្ពុជា ដែលជាសមាជិក មួយនៃអង្គការសហប្រជាជាតិ គឺត្រូវតែអនុវត្តតាម សន្ធិសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស ហើយ ពុំនោះទេ កម្ពុជា នឹងប្រឈមនឹង ការដាក់ទណ្ឌកម្ម អ្វីមួយ។
លោក ចាន់ វិបុល៖ «ខ្ញុំឃើញថាសម្ពាធដាក់មកលើកម្ពុជាកាន់តែធ្ងន់ហើយ ព្រោះយើងបានជ្រាបទាំងអស់គ្នាហើយថាតួនាទី របស់អង្គការសហប្រជាជាតិ គឺមានតួនាទីសំខាន់ក្នុងការធានាឲ្យបានសុខសន្ដិភាព នៅក្នុងប្រទេសជាមាជិករបស់ខ្លួនដែលមាន ១៩៣ប្រទេសទូទាំងពិភពលោក ហ្នឹង ហើយកម្ពុជាក៏ជាសមាជិករបស់ អង្គការសហប្រជាជាតិ អញ្ចឹងយន្ដការនេះគឺជាយន្ដការសំខាន់ណាស់ ដោយយើងទាំងអស់គ្នាបានដឹងហើយក្រោយសង្គ្រាមលោកលើកទី២ឆ្នាំ ១៩៤៨ ហ្នឹងគឺមានការប្រកាស់មួយស្ដីពីការគោរពសិទ្ធិមនុស្ស អញ្ចឹងតួនាទីរបស់អង្គការសហប្រជាជាតិ គឺមានតួនាទីសំខាន់ក្នុងការធានាថាប្រទេសហត្ថលេខីទាំងអស់ហ្នឹង គោរពតាមលក្ខន្តិកទាំងអស់ហ្នឹង»។
លោកពន្យល់ថា អាមេរិក និងសហភាព អឺរ៉ុប គឺជាសហគមន៍មួយមានឥទ្ធិពលយ៉ាងលើ ស្ថាប័ន របស់ អង្គការសហប្រជាជាតិ ហើ់យបើក្រុមនេះមានវិធានការគឺពិតជាមានប្រសិទ្ធិភាព ។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកជាប្រភពផ្ដលជំនួយឥតសំណងធំជាងគេសម្រាប់ប្រទេសកម្ពុជា ។ ជំនួយរបស់សហគមន៍អន្ដរជាតិពីរនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស ២៣ តុលា ១៩៩១ ។ បើនិយាយពីផ្នែកពាណីជ្ជកម្មវិញសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចូលផលិតផល សម្លៀកបំពាក់កម្ពុជា និងទំនិញផ្សេងៗទៀតដោយមិនតម្រូវឲ្យបង់ពន្ធឡើយ ។ តាមរបាយការណ៍មួយរបស់សហភាពអឺរ៉ុប ប្រទេសកម្ពុជា បាននាំចូលសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុបដោយមានតម្លៃ ជាង ៨៣ ពាន់លានដុល្លា ។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចច អេហ្គា ប្រចាំនៅកម្ពុជា ដែលបានឆ្លើយតបនិងសំនួររបស់វិទ្យុស្ដ្រីលោកបាននិយាយថា សហភាពអឺរ៉ុបពិតជាដៃគូរជំនួញធំសម្រាប់ប្រទេសកម្ពុជា ។ ប៉ុន្ដែសហភាព អឺរ៉ុបចង់ឃើញតែមួយគត់គឺកម្ពុជា គោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យឲ្យបានប្រសើរ ។
លោក ឡុង គឹម ឃន ជាអ្នកស្រាវជ្រាវគោលនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ យល់ឃើញបីចំណុចដូចខាងក្រោម ដែលកម្ពុជាអាចប្រឈមមុខនិងការដាក់សម្ពាធពីសហគមន៍អន្ដរជាតិ ។
លោក ឡុង គឹមឃន៖ «សម្ពាធអន្ដរជាតិអាចធ្វើឲ្យរដ្ឋាភិបាលបាត់បង់ ភាពស្របច្បាប់ ហ្នឹងទី១ ហើយទីពីរកាលណាបាត់បង់ភាពស្របច្បាប់ ជារដ្ឋាភិបាលហើយគឺអាចប៉ះពាល់ដល់ការធ្វើទំនាក់ទំនងនយោបាយការបរទេស និង សេដ្ឋកិច្ចទាំងក្នុងតំបន់ និងទូទាំងពិភពលោក ទីបី គឺអាចប៉ះពាល់ដល់ការឲ្យជំនួយអញ្ចឹង បានធ្វើឲ្យរឿងរ៉ាវទាំងអស់ហ្នឹងបានធ្វើឲ្យគេដឹងឮ ហើយព្រួយបារម្ភចេញសេចក្ដីសម្រេច ហើយមានឥទ្ធិពលជាផ្លូវច្បាប់ ដូច្នេះអាចឲ្យរដ្ឋាភិបាលនៃប្រទេសមួយឬក៏សមាជិកទាំងអស់ អាចយកទៅអនុវត្ដន៍បាន»។
កម្ពុជាកាលពីស្ថិតក្រោមការគ្រប់គ្រងដោយរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាគឺកាលនោះក៏រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចដែរ ទោះពលរដ្ឋកម្ពុជាបានរើខ្លួនចេញរបបប៉ុលពតក៏ដោយ ។ ការដាក់ទណ្ឌកម្មពីលោកខាងលិចនោះផ្ដើមឲ្យពលរដ្ឋកម្ពុជារស់នៅដោយការលំបាក ។ ប៉ុន្ដែរដ្ឋាភិបាលនៅពេលនោះអះអាងដោយខ្លួនឯងថាជារដ្ឋអធិបតេយ្យ ដែលមិនទទួលយកការជ្រៀតជ្រែកពីអន្ដរជាតិឡើយ ។ តែបែបនេះក្ដីរដ្ឋកម្ពុជាបានសម្រេចយល់ព្រមឲ្យមានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាមួយនឹងភាគីជម្លោះបីក្រុមទៀត ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធមិនទទួលយកគំនិតយោបល់របស់ក្រុមអ្នកវិភាគនេះទេ ។ លោកថា កម្ពុជាជារដ្ឋអធិបតេយ្យហើយការគ្រប់គ្រងរដ្ឋគឺមានច្បាប់របស់កម្ពុជា ដោយមិនយកច្បាប់ប្រទេសណា ឬច្បាប់អន្ដរជាតិណាជាធំនោះទេ ។
លោក សុខ ឥសាន្ដ៖ «កម្ពុជាគឺមិនបានរំលោភលើសន្ធិសញ្ញា ឬកតិកាសញ្ញាផ្សេងៗ របស់អង្គការសហប្រជាជាតិនោះទេហើយក៏អត់មានបានល្មើស លើកតិកាសញ្ញាអង្គការសហប្រជាជាតិ ណាមួយឡើយ អញ្ចឹងអ្នកប្រព្រឹត្ដល្មើសច្បាប់ត្រូវទទូលខុសត្រូវចំពោះមុខច្បាប់ ប្រសិនណាជាយកអ្នកចង់ឲ្យរដ្ឋាភិបាលដោះលែង អាហ្នឹងសុំឲ្យអង្គការសហប្រជាជាតិ អាមេរិក ឬក៏សហភាពអឺរ៉ុបហ្នឹង ទៅដោះលែងខ្លួនឯងទៅ ព្រោះវាជាច្បាប់កម្ពុជា ហើយកម្ពុជាមានឯករាជ្យភាព អធិបតេយ្យ ហើយតុលាការជាស្ថាប័នឯករាជ្យ ហើយបើចង់បង្ខំឲ្យដោះលែងអ្នកទោសមានតែ (យកវប្បធម៍និទណ្ឌភាព) មកអនុវត្ដន៍នៅកម្ពុជា ហើយខ្ញុំយល់ថាវាយ តម្លៃជារដ្ឋហានិភ័យខ្ញុំយល់ថាកម្ពុជាមិនទាន់ដល់ថ្នាក់ហ្នឹងនៅឡើយទេ»។
យ៉ាងណាក៏ដោយអ្នកវិភាគសង្ឃឹមថា តាមរយៈសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការសហប្រជាជាតិអាចនឹងនាំឲ្យបក្សកាន់អំណាចដើរត្រឡប់ក្រោយវិញហើយធ្វើឲ្យមានការឯកភាពជាតិទូលំទូលាយដើម្បីដឹកនាំប្រទេសប្រកបដោយ ការទុកចិត្ដគ្នាប្រកបដោយក្ដីសុខដុមរមនា និងអភិវឌ្ឃន៍ ៕