ភ្នំពេញ៖ ចាប់តាំងពីថ្ងៃដំណើរការនៃការចុះឈ្មោះបោះឆ្នោត បានចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ម្សិល មិញនេះ មានប្រជាពលរដ្ឋជិត ២ លាននាក់ ដែលបានមកចុះឈ្មោះបោះឆ្នោត។ ដោយទ្បែកនៅមានប្រជាពលរដ្ឋប្រមាណ ៨ លាននាក់ទៀត ដែលមិនទាន់នាំគ្នាមកចុះឈ្មោះបោះឆ្នោត។ នេះជាការលើកទ្បើងរបស់អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងនៅក្នុងសាលសន្និសីទ គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា នៅក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោតជាង១០ថ្ងៃមកនេះ មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតជិត ២ លាននាក់ហើយ ដែលចំនួននេះច្រើនជាងការរំពឹងទុក។ លោក ទេព នីថា បន្តថា ទោះបីជាចំនួននៃការចុះឈ្មោះនេះមានច្រើនក៏ដោយ លោកនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មកចុះឈ្មោះបោះឆ្នោតជិត ៨ លាននាក់ទៀតមកចុះឈ្មោះបោះឆ្នោតផងដែរ។ លោក ទេព នីថា៖«ដោយសារថា នៅក្នុងដំណាក់កាលចុះឈ្មោះជាង ១០ថ្ងៃនេះយើងឃើញថាប្រជាពលរដ្ឋបានអញ្ចើញមកចុះឈ្មោះច្រើន បើប្រៀប ធៀបហ្នឹងគម្រោងរបស់យើងដែលបានត្រៀមពីដំបូងមកសម្រាប់រយៈពេល ១ ថ្ងៃៗ។ ទោះជាយ៉ាងណា ការងារនេះយើងនឹងធ្វើបន្តទៀតដើម្បីកែ តម្រូវព័ត៌មានខ្លះឱ្យប្រជាពលរដ្ឋយើងបានជ្រាប ក៏ដូចជាភាគីដែលពាក់ព័ន្ធជាមួយ គ.ជ.ប ដើម្បីកែតម្រូវសកម្មភាពរបស់ខ្លួនឱ្យសមស្របតាមច្បាប់ព្រោះថា រហូតដល់ឥលូវនេះយើងបានប្រហែលជាជិត ២ លាននាក់ អញ្ចឹងទេតាមគម្រោងនៅសល់ជិត ៨ លាននាក់ទៀតដែលត្រូវចុះឈ្មោះបោះឆ្នោត»។
លោក ទេព នីថា បញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ គ.ជ.ប បានជួបការលំបាកមួយចំនួន ហើយក៏ទទួលបានលទ្ធផលល្អមួយចំនួនផងដែរ។ លោកថា ការលំបាកនោះគឺទីមួយ បញ្ហាធម្មជាតិ មានភ្លៀង មានទឹកជំនន់ជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនខកខាន មិនបានទៅចូលរួមចុះឈ្មោះបោះឆ្នោត ទីពីរ កខ្វះខាតធនធានមនុស្ស និងទីបី បញ្ហាបច្ចេកទេស។
ចំពោះចំនុចងាយស្រួលវិញ គឺមានការចូលរួមពិភាក្សាពីដៃគូរពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាក្នុងការស្វែងរកចំនុចប្រឈម និងចំនុចល្អក្នុងការបន្តដំណើរការចុះឈ្មោះបោះឆ្នោត។
បើតាមការបញ្ជាក់ឱ្យដឹង ពីប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មបណ្តឹង លោក កែវ ផល្លា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានពាក្យបណ្តឹងចំនួន ១៧ បណ្តឹង។ ពាក្យបណ្តឹងដាក់នៅក្រុម ប្រឹក្សាឃុំ សង្កាត់ មានចំនួន ០៨ បណ្តឹង និងដាក់ទៅនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ០៩ បណ្តឹង។
ឆ្លើយតបនឹងការលើកទ្បើងរបស់មន្ត្រី គ.ជ.ប នេះដែរ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក សំ គន្ធាមី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា បើការចុះឈ្មោះបោះឆ្នោតបានដំណើរការល្អដូចរយៈពេលជាង ១០ថ្ងៃកន្លងមកនេះ ការចុះឈ្មោះបោះឆ្នោតនឹងបញ្ចប់មុនការរំពឹងទុក។
លើសពីនេះទៀតនោះលោក សំ គន្ធាមី ថា ពាក់ព័ន្ធនឹងបញ្ហានយោបាយនាពេលបច្ចុប្បន្ននេះក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការចុះឈ្មោះរបស់ប្រជាពលរដ្ឋផងដែរព្រោះអ្នក នយោបាយកំពុងតែប្រឈមមុខដាក់គ្នានៅទ្បើយ។ លោក សំ គន្ធាមី ៖«ខ្ញុំមើលទៅបើដំណាក់កាលនេះប្រជាពលរដ្ឋវាមានផលប៉ះពាល់ដែរ សម្រាប់អ្នកនៅតំបន់ឆ្ងាយៗ ដែលគាត់ធុញទ្រាន់ឃើញសភាពការនយោបាយចេះតែតឹងតែងទៅ ហើយសមគាប់ជួនគាត់អត់សូវទទួលបានព័ត៌មាន គាត់អត់សូវយល់ដឹងលក្ខណៈចុះឈ្មោះបោះឆ្នោតអីហ្នឹងសារៈសំខាន់ម៉េចហើយត្រូវយកឯកសារអីខ្លះហ្នឹង ដែលធ្វើឱ្យប្រជាពលរដ្ឋសោះអង្គើយ ដូចគាត់បាក់ទឹកចិត្តក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត»។
ចំពោះពលរដ្ឋជិត២លាននាក់ដែលបានទៅចុះឈ្មោះបោះឆ្នោត ហើយមានបណ្តឹងចំនួន ១៧ ពាក្យបណ្តឹងជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ លោក សំ គន្ធាមី ថានៅតែមានចំនួនច្រើននៅទ្បើយ ដែលគ.ជ.ប ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធ្វើយ៉ាងណាកាត់បន្ថយពាក្យ បណ្តឹងទាំងនោះឱ្យកាន់តែតិចបន្ថែមទៀត។
ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេល ១៣ ថ្ងៃកន្លងមកនេះ លោកសង្កេតឃើញថា មានភាពល្អប្រសើរ។ លោកថា ការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋបានជិត២ លាននាក់ ដែលចំនួននេះដូចការរំពឹងទុក ជាពិសេសលោកថាក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតនោះ មានពាក្យបណ្តឹងចំនួនតែ ១៧ បណ្តឹងតែប៉ុណ្ណោះ ។
លោក ព្រាប កុល ៖«ការវិវត្តនៅមានលក្ខណៈល្អប្រសើរ មានន័យថាលទ្ធផលមកដល់ពេលនេះយើងឃើញថាអាចទទួលយកបានហើយចំនួននៃការចុះឈ្មោះតាមការរំពឹងទុករបស់យើង តទៅមុខទៀតយើងមិនទាន់ហ៊ានសន្និដ្ឋានទេ ចំនួនជិត២លាននាក់បញ្ជាក់ថាអ្នកចុះឈ្មោះក្នុង១ថ្ងៃបានប្រហែលជា១៤ ម៉ឺននាក់ ១៤ ម៉ឺននាក់គឺលើសចំនួនមធ្យមដែលយើងត្រូវការមានន័យថាដំណើរការទៅមុខល្អ ហើយការទទួលពាក្យបណ្តឹងតិចមានន័យថាភាពមិនប្រក្រតី ឬក៏ករណីមិនប្រក្រតីមានចំនួនតិចដូច្នេះយើងគិតថាមកដល់ពេលនេះឃើញថាការវិវត្តតទៅមុខ មានភាពល្អប្រសើរ»។
បើតាមការឱ្យដឹងពីលោកទេព នីថា ប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតជិត២លាននាក់នេះ មានប្រជាពលរដ្ឋ ៨៨,២១ ភាគរយប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ចំណែកអ្នកដែលប្រើអត្តសញ្ញាណប័ណ្ណប្រភេទចាស់មាន ៩ ភាគរយ ហើយអ្នកដែលប្រើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណមានចំនួនជាង ៤ពាន់សន្លឹក៕