en     km
en     km

អង្គការ​ Aple​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​

Share

ភ្នំពេញ៖ ​អ្នកធ្វើការ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ សម្តែង​ការ​ព្រួយបារម្ភ​ ខណៈ​រយៈពេល​ចុង​ក្រោយ​បទ ល្មើស​រំលោភ​បំពាន​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា​ មានការ​កើនឡើង​។​ ការ​ព្រួយបារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​

 

wmc-thum-14-09​នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ហៅ​កាត់​ថា​ Aple​  លោក​ សំលៀង​ សិលា​ បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​កាន់តែ​ច្រើន​ឡើង​ ។​ លោក​បញ្ជាក់​ថា​ បណ្តាញ​សង្គម​ថ្មី​មួយទៀត​ដែល​ទទួល​បានការ​ពេញ​និយម​ពី​ក្មេងៗ​ គឺ​Bingo​ Live​ ដែល​បណ្តាញ​សង្គម​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ក្លាយជា​ជន​រង​គ្រោះ​ ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។

លោក​បានឱ្យ​ដឹង​ថា​ កុមារ​អាយុ​ ១២​ឆ្នាំ​ បាន​ចាប់ផ្តើម​លេង​ bingo​ live​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​បញ្ជូន​រូបភាព​ផ្សេង​ទាំង​ពេល​គេង​ ឬ​រូបភាព​ពេល​កំពុង​ធ្វើ​អ្វីមួយ​ ហើយ​ពេល​ខ្លះ​រហូត​ផ្ញើ​រូប​អាក្រាត​របស់​ខ្លូ​ន​ថែម​ទៀង​ផង​។​

​លោក​ថា​ រូបភាព​អាក្រាត​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​ទាំង​មិនដឹង​ខ្លួន​ ហើយ​ពួក​គេ​អាច​ប្រឈម​នឹង​ជនខិលខូច​មួយ​ចំនួន​យក​រូប​នោះ​ដើម្បី​ជំរិត​យក​ប្រាក់​ ឬ​បង្ខំ​ឱ្យ​រួម​ភេទ​ជាដើម​ ដើម្បី​ជា​ថ្នូរ​ នឹង​ការ​មិន​យក​រូប​ទាំងនោះ​ ទៅ​ផុស​ជា​សារ​ធារ​ណៈ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។​

លោក​ សិលា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​ប្រទេស​ថៃ​ចាត់​វិធាន​តឹង​រឹង​ទប់ស្កាត់​ និង​បង្ក្រាប​ទៅ​លើ​អ្នក​បង្ហោះ​រូប​អាក្រាត​កុមារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ឥឡូវនេះ​ ករណី​នេះ​ បាន​ចាប់ផ្តើម​កើនឡើង​នៅ​កម្ពុជា​។​ លោក​ថា​ បើ​ទោះបីជា​បញ្ហា​នេះ​មិន​ទាន់​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ក៏​ដោយ​ ប៉ុន្តែ​លោក​ចង់ឱ្យ​ភាគី​ព័ន្ធ​ទាំងអស់​រួម​គ្នា​ទប់ស្កាត់​មិន​ឱ្យ​មានការ​រំលោភ​បំពាន​ទៅ​លើ​កុមារ​បន្ត​ទៀត​។​

លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ក្នុងស្រុក​ ចូលរួម​ដើម្បី​ទប់ស្កាត់​ផង​ដែរ​ ព្រោះ​ប្រសិនបើ​ក្រុមហ៊ុន​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ទាំង នោះ​ មាន​យន្តការ​បិទ​សេវា​របស់​គាត់​មិន​ឱ្យ​ចូល​ក្នុង​វេ​ប​សាយ​ដែល​បង្ហោះ​រូប​អាសអាភាស​ នោះ​នឹង​កាត់​បន្ថយ​បាន​។​

នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​រូប​នេះ​ លោក​បន្ត​ថា​ ប្រសិនបើ​ករណី​នេះ​ មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​ កុមារ​នឹង​នៅ​តែ​បន្ត​រង​គ្រោះ​ ហើយ​រូបភាព​អាក្រាត​របស់​កុមារ​នឹង​នៅ​តែ​បន្ត​ចែកចាយ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ដែល​ធ្វើ​ឱ្យ​កើនឡើង​នូវ​ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ដោយ​ធ្វើ​ការងារ​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​ផ្តល់​ទិន្នន័យ​ ការ​ស៊ើបអង្កេត​ ក៏​ដូច​ជា​ការ​បង្ក្រាប​ទៅ​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​។​

បើ​តាម​លោក​ សំលៀង​ សិលា​ សម្រាប់​វិធានការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​ការ​អប់រំ​ទៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ ដូច​ជា​ឪពុក​ ម្តាយ​ អាណាព្យាបាល​ លោកគ្រូ​ អ្នកគ្រូ​ជាដើម​ ជា​ពិសេស​កុមារ​ខ្លួនឯង​ ដើម្បី​ឱ្យ​គាត់​យល់​ពី​ហា​នី​ភ័យ​នៃ​ការ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ កុំឱ្យ​កុមារ​បង្ហាញ​រូបភាព​អាក្រាត​របស់​ខ្លួន​ ឬ​អា​ស័​យ​ដ្ឋា​ន​ដែល​ខ្លួន​កំពុង​រស់នៅ​ នៅ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ហើយ​យន្តការ​មួយទៀត​ គឺ​ត្រូវ​តែ​មានច្បាប់​សម្រាប់​គ្រង​គ្រង​ គឺ​ឱ្យ​ច្បាប់​អ្នកគ្រប់គ្រង​ការ​ផ្តល់​សេវា​អ៊ី​ន​ធើ​ណេ​ត​ ដូច​ច្នេះ​ទើប​អា​ចរកជន​ល្មើស​ដែល​យក​រូប​អាក្រាត​របស់​កុមារ​យក​ទៅ​បង្ហោះ​បាន​។​

លោក​បន្ថែម​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​ពិភពលោក​ រូបភាព​រំលោភ​បំពាន​កុមារ​តាម​បណ្តាញ​អ៊ី​ន​ធើ​ បាន​ប្រហែល​ ៤​ លាន​ ត្រូវ​បាន​លុប​ចេញពី​អ៊ី​ន​ធើ​ណេ​តុ​ក្នុង​មួយ​ឆ្នាំៗ​។​ ចំណែក​នៅ​កម្ពុជា​ ចាប់ពី​ចុងឆ្នាំ​២០១៥​ មក​ ករណី​បំពាន​កុមារ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដែល​ជន​រង​គ្រោះ​បាន​រាយ ការណ៍​មក​ មាន​ចំនួន​ ៦៣​ ហើយ​ ក្នុង​នោះ​ជនល្មើស​ ២​ រូប​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​៕​

Share

Image
Image
Image