ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះថា សូម្បីតែគល់ស្លឹកគ្រៃក៏នាំចូលពីប្រទេសវៀតណាមដែរ នៅដឹកនាំប្រទេសដល់ពេលណាទៀត។ ការលើកឡើងរបស់លោក សម រង្ស៊ី ទំនងសំដៅដល់ការដឹកប្រទេសរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចចោទលោក សម រង្ស៊ី ថា និយាយបង្កាច់កិត្តិយសដោយគ្មានមូលដ្ឋានឡើយ។
នៅក្នុងទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិមានរូបភាពច្រើនរួមនឹង មានការសេរបញ្ចេញ មតិផងដែរ ប៉ុន្តែអ្វីដែលនាំឱ្យមានការទាក់ទាញ គឺលោកសរសេរមួយឃ្លាថា៖«សូម្បីតែគល់ស្លឹកគ្រៃ ក៏នាំចូលពីប្រទេសវៀតណាមដែរ តើនៅដឹកនាំប្រទេសដល់ពេលណាទៀត?»។
សាររបស់មេបក្សប្រឆាំងនេះ បើទោះជានិយាយមិនចំឈ្មោះ ក៏គេសន្និដ្ឋានបានថា លោកពិតជានិយាយ ដៀមដាមដាក់ប្រមុខរដ្ឋាភិបាលគឺសម្ដេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចជាង ៣០ ឆ្នាំមកនេះ។
ក្រៅពីការលើកឡើងដូចនេះ លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរថា ផលិតផលកសិកម្មពុំមានទីផ្សារជារៀងរាល់ឆ្នាំ។ តើជាកំហុសរបស់អ្នកណា?។
លោក សម រង្ស៊ី ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលប្រហែលជា ៣ ឆ្នាំ គឺមុនពេលលោកត្រូវបានសម្ដេចក្រុមព្រះ និង សភាបក្សប្រជាជនកម្ពុជាដកពីតំណែងនេះ។ កាលលោកជារដ្ឋមន្ត្រី គឺលោកត្រូវបានគេមើលឃើញថា ជារដ្ឋមន្ត្រីសកម្មធ្វើឱ្យប្រាក់រៀលខ្មែរមានលំនឹងបើធៀបនិងលុយដុល្លារអាមេរិក ហើយពេលនោះអតិផរណាក៏ល្អប្រសើរផងដែរ។
ដោយសារលោកមានមោទភាពដូចនេះហើយ មើលទៅបានជាលោកវាយប្រហារលើមេដឹកនាំកម្ពុជា សព្វថ្ងៃ។
យ៉ាងនេះក្ដី មន្ត្រីបក្សកាន់អំណាចបានហៅលោក សម រង្ស៊ី ថា អួតពេកមិនបានគិតពីស្ថានភាពរបស់ខ្លួន ដែលមានទោស។
លោក សុខ ឥសាន្ដ មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះការរិះគន់របស់លោកសម រង្ស៊ី។ លោកថា គ្រាន់តែជាការលើកឡើងរបស់អ្នកនយោបាយមួយរូប ដែលអស់ផ្លូវនឹងឈ្នះសម្ដេច ហ៊ុន សែន ឡើយ។ លោក សុខ ឥសាន្ដ ថា ៖«ប្រកួតប្រជែងតាមលទ្ធិប្រជាធិប តេយ្យមិនឈ្នះគេ ចង់អោយគេចុះចេញពីតំណែង អាហ្នឹង! គួរអោយអស់សំណើចណាស់ អាហ្នឹង!ជាមនុស្សកំសាក ឥឡូវកាន់តែអស់ផ្លូវទៀតហើយ ព្រោះ សម រង្ស៊ី ក្លាយទៅជាទណ្ឌិតហើយ បន្ទាប់ពីមានសាលក្រមតុលាការចេញមក…»។
ជុំវិញរឿងនេះដែរ លោក ចាន់ វិបុល អ្នកស្រាវជ្រាវពីអភិបាលកិច្ច និងប្រជាធិបតេយ្យ បង្ហាញទស្សនៈថា មេដឹកនាំបក្សប្រឆាំងព្យាយាមនិយាយរឿងពិត។ ប៉ុន្ដែរឿងពិតមួយនេះ មិនអាចជួយអោយស្ថានការណ៍នយោបាយមានភាពល្អប្រសើរនោះឡើយ។ លោកថា គេត្រូវប្រកួតគ្នាដោយសន្លឹកឆ្នោតរបស់ប្រជាជន។ លោក ចាន់ វិបុល ថា ៖«ខ្ញុំឃើញថាគាត់ព្យាយាមនិយាយរឿងពិត តែរឿងពិតនៅពេលនេះ ស្ថានភាពនេះ សម្ដីរបស់លោកមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានស្ដារស្ថានភាពនយោបាយទេ ពីព្រោះនៅពេលនេះរឿងដែលធំបំផុត មិនទាក់ទងទៅរឿងសមត្ថភាពរបស់រដ្ឋាភិបាលទៀតទេ ពីព្រោះលោកតែងតែវាយប្រហារបែបនេះយូរឆ្នាំហើយ ហើយការវាយប្រហារបែបនេះ ជាហេតុផលដែលនាំអោយវិបត្តិនយោបាយកើតមានមកដល់ថ្ងៃនេះ។ អញ្ចឹង! ការវៃប្រហារដៃគូរបស់គាត់នេះទៀត មិនមែនជាយុទ្ធសាស្ដ្រដ៏ជោគជ័យរបស់សង្គមកម្ពុជាទេ»។
ចំណែកអ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ថា ករណីអ្នកនយោបាយលើកឡើងថា ប្រទេសកម្ពុជាអត់មាន សូម្បីតែគល់ស្លឹកគ្រៃដែរនោះ វាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែវាជាជំងឺដ៏រ៉ាំរ៉ៃនៅកម្ពុជា បើសិនជាកម្ពុជាមិនបានរៀបចំរចនាសម្ព័ន្ធផលិតកម្មអោយកសិករមានភាពល្អប្រសើរទេនោះ។ « វាជាជំងឺ ខ្ញុំចង់និយាយថា វាមិនមែនបញ្ហាដែលទើបតែមាន គឺវាឈឺកន្លងមកយូរមកហើយដ៏រ៉ាំរ៉ៃមកហើយ ចឹងកន្លែងនឹងគឺត្រូវតែអ្នកដែលរៀបចំគោលនយោបាយ ត្រូវធ្វើយ៉ាងម៉េចអោយថ្លៃដើមទាប បើថ្លៃដើមកសិករនៅតែខ្ពស់ យើងមិនបានរៀបចំរចនាសម្ព័ន្ធផលិតកម្មអោយកសិករទេ កសិករយើងនៅតែប្រកួតប្រជែងអស់ឈ្នះគេចឹង បើបប្រកួតប្រជែងអស់ឈ្នះគេទេ ហើយយើងប្រកាសខ្លួនថា ៨០ ភាគរយជាប្រទេសកសិកម្ម ៨០ ភាគរយជាកសិករ តែរំពឹងទៅលើអ្វី បើយើងទិញគេរហូតចឹង»។
ស្របពេលដែល លោក សម រង្ស៊ី រិះគន់ពីការដឹកនាំមិនបង្កឱ្យពលរដ្ឋជាកសិករមានទីផ្សារត្រឹមត្រូវ នៅថ្ងៃនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានចេញសេចក្ដីថ្លែងការណ៍រិះគន់ អំពីការការខ្វះសមត្ថភាព របស់រដ្ឋ ក្នុងការជួយលក់ផលិតផលរបស់កសិករ ដែលគណបក្សនេះថា កសិករជួបហានិភ័យដោយសារផលិតរបស់ពួកគេគ្មានទីផ្សារធ្វើឱ្យផលិតផលធ្លាក់តម្លៃ។
តែសូមជម្រាបដែរថា ការរិះគន់របស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញអះអាងប្រាប់អ្នកកាសែតក្នុងស្រុកមួយថា ការផ្គត់ ផ្គង់គល់ស្លឹកគ្រៃក្នុងស្រុកផ្ដល់បរិមាណមិនដល់ ៥០ភាគរយ នៃទំហំតម្រូវការទីផ្សារ ដោយកម្ពុជាត្រូវនាំចូលគល់ស្លឹកគ្រៃប្រហែល ៥០តោនក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម ហើយចំនួននេះគិតតែការនាំចូលក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ៕