US៖ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយយោធាទៅឱ្យប្រទេស អ៊ីស្រាអែល ដែលជាមហាមិត្តរបស់ខ្លួននៅមជ្ឈឹមបូព៌ា នូវកញ្ចប់ថវិកា ៣៨ ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃជំនួយផ្គត់ផ្គង់វិស័យ យោធាសម្រាប់រយៈពេល ១០ឆ្នាំ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតី អូបាម៉ា បានបញ្ចុះបញ្ចូលសភាសហព័ន្ធ ដែលប្រើពេលរហូតទៅ១០ខែ។
កាលពីឆ្នាំទៅ អ៊ីស្រាអែល បានទទួលយកកម្មវិធីជំនួយការពារជាតិពីអាមេរិក ទាក់ទិននឹងប្រព័ន្ធការពារកាំជ្រួច ដែលមានទឹកប្រាក់ ៥ រយលានដុល្លារអាមេរិក។
ពួកមន្ដ្រីសហរដ្ឋអាមេរិកនិយាយថា លោក អូ បាម៉ា បានដាក់បង្ហាញសារណារបស់លោក ទៅកាន់សភាដើម្បីផ្ដល់ជំនួយទៅកាន់ អ៊ីស្រាអែល គឺម្យ៉ាងគត់ដើម្បីជួយប្រទេសមួយនេះ ការពារដែនអាកាសរបស់ខ្លួន ហើយការផ្ដល់ជំនួយនេះ ក៏ធ្វើឡើងស្របពេលដែលនៅមជ្ឈឹមបូព៌ា កំពុងផ្ទុះសង្គ្រាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS យ៉ាងខ្លាំងដែរ។
នាយករដ្ឋមន្ដ្រី អ៊ីស្រាអែល លោក បេនយ៉ាមេន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានសាទរសហរដ្ឋអាមេរិក ដោយសង្ឃឹមថា មេដឹកនាំថ្មីរបស់អាមេរិកជំនួសលោក អូបាម៉ា នឹងមិនសើរើកិច្ចព្រមព្រៀងនេះឡើងវិញទេ៕ ប្រភព: BBC