ក្រុងប៉េកាំង៖ ទំនាក់ទំនងរវាងចិន និងហ្វីលីពីនកំពុងដើរមកដល់ចំណុចរបត់ថ្មីមួយ ដែលក្រុងប៉េកាំងសង្ឃឹមថា ទីក្រុងម៉ានីលអាចបើកកិច្ចប្រជុំ ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសមរម្យជាមួយចិន។ នេះបើយោងអ្នកការទូតជាន់ខ្ពស់ចិន ដែលបានប្រាប់គណៈប្រតិភូហ្វីលីពីនក្នុងដំណើរបំពេញទស្សនកិច្ច។
ប្រទេសទាំងពីរធ្លាប់មានការជុំរុញលើវិស័យការទូតឡើងវិញដើម្បីបន្ធូរបន្ថយភាពតានតឹង លើបញ្ហាដែនទឹកនៅសមុទ្រចិនខាងត្បូង ដោយលោក លី កឺជាំង(Li Keqiang) នាយករដ្ឋមន្ត្រីចិន បានប្រាប់ទៅលោកប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ដោយចិនសង្ឃឹមថា ប្រ ទេសទាំងពីរអាចនាំយកចំណងទាក់ទងទ្វេភាគីត្រឡប់ទៅបរិបទធម្មតាវិញ។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡឺ ស៊ីងមីង(Liu Zhenmin) បានប្រាប់គណៈប្រតិភូហ្វីលីពីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេស នៅទីក្រុងប៉េកាំងថា ទំនាក់ទំនងរវាងចិន និង ហ្វីលីពីន បានមកដល់ចំណុចរបត់ថ្មីមួយហើយ។ លោក ស៊ីងមីង បន្តថា ប្រទេសចិនសង្ឃឹមថា៖«ភាគីហ្វីលីពីនអាចជួបប្រជុំនឹងចិន ដើម្បីដោះស្រាយជម្លោះ និងជំរុញទំនាក់ទំនងចិន ហ្វីលីពីន ត្រឡប់មកល្អប្រសើរវិញ ហើយប្រទេសយើងទាំងពីរនិងធ្វើការសន្ទនាពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការមិត្តភាព»។
ប្រេសិតពិសេសហ្វីលីពីន និងជាអតីតប្រធានាធិបតី លោក ហ្វីឌែល រ៉ាម៉ូស (Fidel Ramos) បាននិយាយអំឡុងពេលធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងហុងកុងកាលពីខែមុនថា រដ្ឋាភិបាលក្រុងម៉ានីល ចង់ចរចាជាផ្លូវការជាមួយប្រទេសចិន ដើម្បីស្វែងច្រកទៅកាន់សន្តិភាព និងកិច្ចសហ ប្រតិបត្តិការ៕ប្រភព៖CNA