en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​លទ្ធភាព​តម្លើង​ប្រាក់ខែ​កម្មករ​អាច​បាន​ ១៨០​ ដុល្លារ​ បើ​គ្មាន​អំពើ​ពុក​រលួយ​

Share

ភ្នំពេញ៖ ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃ​ទី​១៤​ កញ្ញា​ នេះ​ ដោយ​រិះគន់​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ និង​ថៅកែ​រោងចក្រ​នានា​ ដែល​មិន​អាច​តម្លើង​ប្រាក់ខែ​សមរម្យ​ដល់​កម្មករ​បាន​នោះ​។​

លោក សម រង្ស៊ី ថ្លែងការណ៍នៅមុខរោងចក្រ។រូបភាពពីFacebook លោក សម រង្ស៊ី
លោក សម រង្ស៊ី ថ្លែងការណ៍នៅមុខរោងចក្រ។រូបភាពពីFacebook លោក សម រង្ស៊ី

​ការ​រិះគន់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ធ្វើ​ឡើង​ស្រប​ពេល​សហជីព​ កំពុង​ជួប​ប្រជុំ​ចរចា​ជាមួយ​ សមាគម​រោងចក្រ​ និង​តំណាង​ក្រសួង​ការងារ​នៅ​ថ្ងៃនេះ​ដែរ​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​រៀបរាប​ដូចនេះ​ថា​៖«​ក្នុង​ការ​ចរចា​ទាមទារ​តម្លើង​ប្រាក់ខែ​អប្បបរមា​ពី​ ១៤០​ ដុល្លារ​ទៅ​ ១៨០​ ដុល្លារ​ របស់​បងប្អូន​ក្មួយៗ​កម្មករ​ មិន​ត្រូវ​ជឿ​ការ​ត្អូញត្អែរ​ ឬ​ការ​គម្រាមកំហែង​របស់​ថៅ​ កែ​ទេ​។​ ថៅកែ​ទាំងនោះ​ តែងតែ​ត្អូញត្អែរ​ថា​ គេ​រកស៊ី​មិនសូវ​ចំណេញ​ទេ​ ហើយ​អាច​រកស៊ី​ខាត​ផង​ បើ​គេ​តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ​តាម​សំណើ​របស់​កម្មករ​នោះ​»​។​

​លោក​ សម​ រ​ង្ស៊ី​  បញ្ជាក់​ថា​ ការ​ត្អូញត្អែរ​របស់​ថៅកែ​រោងចក្រ​នេះ​ គឺជា​លេស​របស់​ថៅកែ​រោងចក្រ​ ដែល​ទាញ​ផល​ចំណេញ​ពី​កម្មករ​ យក​ទៅ​សូកប៉ាន់​មន្ត្រី​មួយ​ចំនួន​ ហើយ​នៅ​ពេល​ផលប្រយោជន៍​កម្មករ​កាន់តែ​ខ្ពស់​ ថៅកែ​រោងចក្រ​ក៏​ប្រើ​វិធី​បិទ​រោងចក្រ​ ហើយ​បើក​ថ្មី​វិញ​។​

​លោក​បាន​សរសេរ​បញ្ជាក់​ដូចនេះ​ថា​៖«​ជួនកាល​ គេ​ប្រើ​ល្បិច​បិទ​រោងចក្រ​របស់​គេ​ តែ​គេ​ទៅ​បើក​រោងចក្រ​ថ្មី​មួយ​នៅ​ក្បែរ​រោងចក្រ​ចាស់​ ដោយ​គ្រាន់តែ​ប្តូរ​ឈ្មោះ​រោងចក្រ​តែ​ប៉ុណ្ណោះ​ ព្រោះ​ជំពាក់​ប្រាក់ខែ​កម្មករ​ដែល​គេ​រត់​ចោល​។​ បំណង​របស់​គេ​មួយទៀត​ គឺ​បំបាត់​អតីតភាព​របស់​កម្មករ​ចាស់​ ដើម្បី​ជ្រើសរើស​កម្មករ​ថ្មី​ ដែល​គេ​ឲ្យ​ប្រាក់ខែ​តិច​ជាង​កម្មករ​ចាស់​»​។​

​ទោះជា​យ៉ាងណា​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ហៅ​ការ​អះអាង​របស់​លោក​សម​ រ​ង្ស៊ី​ ថា​ និយាយ​គ្មាន​ការ​ពិត​ ។​ លោក​ សុខ​ ឥ​សាន្ត​ អះអាង​ថា​ រដ្ឋាភិបាល​ បាន​ខិតខំ​យ៉ាង​ខ្លាំង​ ដើម្បី​ឱ្យ​កម្មករ​ បាន​ប្រាក់ខែ​សមរម្យ​ដោយ​បាន​តម្លើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ​លោក​ សុខ​ ឥ​សាន្ត​ ៖«​លោក​ សម​ រ​ង្ស៊ី​ ជា​មេ​បក្ស​ប្រឆាំង​។​ អីចឹង​!​ មេ​បក្ស​ប្រឆាំង​គ្មាន​ការ​ទទួលខុសត្រូវ​ទេ​ ។​ បញ្ហា​គាត់​និយាយ​រឿង​ប្រាក់ខែ​កម្មករ​ គឺ​មិនមែន​គាត់​ទើប​និយាយ​ទេ​។​ គាត់​និយាយ​តាំងពី​គាត់​បង្កើត​ គណបក្ស​ជាតិខ្មែរ​តាំងពី​ឆ្នាំ​ ១៩៩៥​ មក​ម្លេះ​ ។​ អ​ញ្ចឹ​ង​!​ធាតុ​ពិត​គាត់​ធ្វើ​មិន​បាន​។​ គាត់​គ្រាន់ តែ​ថា​ដើម្បី​បោកប្រាស់​កម្មករនិយោជិត​របស់​យើង​ ឱ្យ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​ទេ​។​ យើង​ដឹង​ហើយ​ថា​ កម្មករ​យើង​មិន​នៅ​ហ្នឹង​ថ្កល់​ ប្រាក់​បៀ​ប​វត្ស​នេះ​ទេ​ គឺ​ចេះ​តែ​ឡើង​បន្តបន្ទាប់​»​។​

លោក​បញ្ជាក់​ថា​ គ្មាន​ការ​សូកប៉ាន់​អ្វី​ដូច​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​នោះ​ទេ​។​

​នៅ​ថ្ងៃនេះ​ ក្រុម​សហជីព​ សមាគម​រោងចក្រ​  និង​ក្រសួង​ការងារ​ ជួប​ប្រជុំ​គ្នា​ត្រូវ​គេ​រំពឹង​ថា​ នឹង​លើក​ឡើង​ ពី​សំណើ​របស់​សហជីព​ សុំ​ដំឡើង​ប្រាក់ខែ​កម្មករ​ ចំនួន​ ១៧៩​ ដុល្លារ​អា​មេ​រិ​ក​ ខណៈ​កម្មករ​បាន​ទទួល​ប្រាក់ខែ​បាន​ ១៤០​ដុល្លារ​ នា​ពេល​បច្ចុប្បន្ន​៕​

Share

Image
Image
Image