ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់សម្តេចនៅថ្ងៃអង្គារទី១៣កញ្ញានេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ទៅចុះឈ្មោះបោះឆ្នោត ទាំងអស់គ្នា។ សម្ដេចថា នេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងការចុះឈ្មោះ និងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ដែលខ្លួនពេញចិត្តតាមលក្ខណៈប្រជាធិបតេយ្យ។ តែអ្នកវិភាគយល់ឃើញថាការអំពាវនាវ របស់នាយករដ្ឋមន្ត្រីធ្វើឡើងជួនពេល ស្ថានការណ៍នយោបាយឡើងកំដៅ គឺមិនមានភាពសុច្ចរឹតនោះទេ។ លោក ជួន សារ៉េត មានសេចក្តីរាយការណ៍ពីព័ត៌មាននេះ៖
ខណៈការចុះឈ្មោះបោះឆ្នោតបានដំណើរការទៅអស់រយៈពេលជាង ១០ ថ្ងៃមកនេះ មានប្រជាពលរដ្ឋជិត ២ លាននាក់ហើយដែលបាននាំគ្នាទៅចុះឈ្មោះបោះឆ្នោត។ ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនេះដែរ សម្តេច ហ៊ុន សែន ក៏ដូចជាលោក កឹម សុខា តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនពេញចិត្ត។
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេស ប៊ុក របស់សម្តេចថា ការដែលយុវជនទៅចុះឈ្មោះបោះឆ្នោត គឺស្ដែងចេញពីការបញ្ចេញ កាតព្វកិច្ច ឱ្យសមដូចប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
ទន្ទឹមនឹងការលើកទ្បើងរបស់សម្តេច ហ៊ុន សែន នេះដែរ អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ទ្បុង គីមឃន បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋកំពុងនាំគ្នាទៅចូលរូមចុះឈ្មោះបោះឆ្នោត រាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណារក្សាឱ្យមានស្ថេរភាពនយោបាយ មានសេរីភាព ក៏ដូចជាសន្តិភាពពិតប្រាកដ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាច។
ចំពោះការប្រកាសធ្វើមហាបាតុកម្មអហិង្សា ដោយបក្សប្រឆាំងនាពេលថ្មីៗនេះ ហើយក៏មានការព្រមានខ្លាំងៗពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងចាត់វិធានការបង្ក្រាប ត្រង់ចំនុចនេះអ្នកស្រាវជ្រាវរូបនេះយល់ឃើញថា អាចនឹងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការចុះឈ្មោះបោះឆ្នោតផងដែរ។
លោក ទ្បុង គីមឃន៖ «នៅពេលឮថាមានការប្រើប្រាស់ កងកម្លាំងបង្ក្រាបបាតុកម្ម ទោះនៅក្នុងតម្លៃបែបណាក៏ដោយ គឺប្រាកដធ្វើឱ្យប្រជាពលរដ្ឋ ដែលកំពុងចូលរួមចុះឈ្មោះបោះឆ្នោតហ្នឹង គាត់មានការព្រួយបារម្ភខ្លាំង។ ខ្ញុំថាគឺមានផលប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតពីព្រោះដំណើរការបោះឆ្នោត យើងជជែកពីរឿងមុនបោះឆ្នោត ពេលបោះឆ្នោត ហើយនឹងការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោត អីជាដើមហើយនៅក្នុងការចុះឈ្មោះបោះឆ្នោតហ្នឹងក៏ជាដំណាក់កាលមួយ នៅក្នុងដំណាក់កាលមុនពេលចុះឈ្មោះបោះឆ្នោត ដូច្នេះប្រសិនបើមានការប្រើប្រាស់កងកម្លាំងបង្ក្រាបការតវ៉ា ការជួបជុំសន្តិវិធី របស់ប្រជាពលរដ្ឋអាហ្នឹងប្រាកដជាប៉ះពាល់ដល់ដំណើរការបោះឆ្នោតហើយ»។
ចំណែកនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅកម្ពុជាហៅកាត់ថា NICFEC លោក សំ គន្ធាមី មានប្រសាសន៍ថា ដំណើរការចុះឈ្មោះបោះឆ្នោត នឹងជួបបញ្ហាប្រសិនបើអ្នកនយោបាយ នៅតែមិនងាករកតុចចារជាមួយគ្នាទេនោះ។
លោក សំ គន្ធាមី បន្តថាការដែលបក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម រីឯបក្សប្រជាជនព្រមានយកកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមបាតុកម្មនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត ហើយក៏អាចជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខផងដែរ។ លោកថាប៉ះពាល់ដំណើរចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនោះពីព្រោះប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព ក៏ដូចជាអស់ជំនឿទៅលើអ្នកនយោបាយដែលតែងតែឈ្លោះប្រកែកគ្នា ឬយកខ្មែរជាសត្រូវគ្នាឯង នឹងធ្វើឱ្យពួកគេរារែកក្នុងការសម្រេចិត្តទៅចុះឈ្មោះបោះឆ្នោត។
លោក សំ គន្ធាមី ៖«ដោយសាររឿងអ្នកនយោបាយហ្នឹងឯង ធ្វើឱ្យប្រជាពលរដ្ឋហ្នឹងភិតភ័យហើយបាត់ជំនឿហ្នឹង គឺមេដឹកនាំគណបក្សនយោបាយទាំងពីរ ដែលចេះតែឈ្លោះគ្នាឥតឈប់ឈរហ្នឹងណា ដែលធ្វើឱ្យប្រជាពលរដ្ឋធុញទ្រាន់ ហ្នឹងអារឿងចឹងឱ្យតែដំណាក់កាលចុះបោះឆ្នោត ជិតមកដល់ តាំងពីមានបញ្ហាចឹងជារឿយៗ កន្លងមកក៏អញ្ចឹងដែរបាទ អ្នកនយោបាយគួរតែអង្គុយចចារគ្នា ស្រុះស្រួលគ្នាហើយធានាបរិយាកាសនយោបាយហ្នឹង ឱ្យវាស្ងប់ស្ងាត់ឱ្យវាល្អទើបដំណើរការបោះឆ្នោតហ្នឹងវាតម្លាភាព សុច្ចរឹតភាពហើយគេទទួលស្គាល់ទាំងអន្តរជាតិក៏ដោយឱ្យគេទទួលស្គាល់ថា ការបោះឆ្នោតហ្នឹងវាសេរីត្រឹមត្រូវយុត្តិធម៌ហ្នឹងឯង»។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ដែលបានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីFM102 តាមរយៈខ្សែ ទូរស័ព្ទនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា ចាប់តាំងពីថ្ងៃចុះឈ្មោះបោះឆ្នោត ០១ កញ្ញា ឆ្នាំ២០១៦ រហូតមកត្រឹមថ្ងៃទី ១២ កញ្ញា ម្សិលមិញនេះ គ.ជ.ប ទទួលបានការចុះឈ្មោះបោះឆ្នោត បានចំនួន ១ លាន ៨ សែននាក់ ដែលគិតជាភាគរយ មានចំនួន ១៨,៦៤ ភាគរយ៕