en     km
en     km

​អ្នកវិភាគ​៖​ CNRP​ និង​ CPP​ ជ្រើសរើស​ផែនការ​បំផ្លាញ​សេចក្ដីសុខ​ ពលរដ្ឋ​ដូច​គ្នា​

Share

ភ្នំពេញ៖ ផ្លូវ​ដើរ​នយោបាយ​ របស់​គណបក្ស​ធំ​២​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​នេះ​បាន​ដើរមក​ដល់​ចំនុច​ទាល់ច្រក​មួយ​ដែល​មិន​ស្រប​ទិស​គ្នា​។​ គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ជ្រើសរើស​យក​ មហា​បាតុកម្ម​។​ ចំណែក​បក្ស​កាន់​អំណាច​ជ្រើសរើស​យក​ ការ​បង្ក្រាប​ ។​

cover-CPP-&-CNRP-logo
គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ជម្រើស​ចុង​ក្រោយ​ របស់​ខ្លួន​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ការ​បង្ក្រាប​ដើម្បី​រក្សា​សន្តិសុខ​ សង្គម​។​

​ផែនការ​របស់​គណ​កប្ស​ទាំង​ពីរ​ នេះ​ ត្រូវ​បាន​អ្នកសង្កេតការ​ បញ្ហា​សង្គម​មើលឃើញ​ថា​ ជា​ជម្រើស​ មិន​ផ្តល់​ប្រយោជន៍​ដល់​ជាតិ​និង​បំផ្លាញ​សេចក្ដីសុខ​ប្រជាពលរដ្ឋ​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​៖

 

​ក្រោយ​ ពី​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​មានទោស​រយៈពេល​៥​ខែ​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​ ករណី​បដិសេធ​មិន​ចូលខ្លួន​តាម​ដីកា​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ ធ្វើ​មហា​បាតុកម្ម​។​ ផែនការ​របស់​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ដើម្បី​ឱ្យ​តុលាការ​ទម្លាក់​ចោល​សាលក្រម​ ប្រឆាំង​ លោក​ កឹ​ម​ សុខា​។​

​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​គំរោង​ នេះ​កាលពី​យប់មិញ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​សារ​ ទៅ​កាន់​បក្ស​ប្រឆាំង​វិញ​ផង​ដែរ​។​ សម្ដេច​ បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖«​បុគ្គល​ដែល​ធ្វើ​ខុស​ កុំ​យក​ ប្រទេស​ជាតិ​ធ្វើ​ជា​ចំណាប់ខ្មាំង​ កុំ​យក​បក្សនយោបាយ​ ធ្វើ​ជា​ជម្រក​បិទ​បាំង​នូវ​កំហុស​របស់​ខ្លួន​»​។​

ការចល័តកងកម្លាំងប្រដាប់អាវុធ តាមរថយន្ដ នៅលើផ្លូវជាតិលេខ ២ ខាងមុខ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ
ការចល័តកងកម្លាំងប្រដាប់អាវុធ តាមរថយន្ដ នៅលើផ្លូវជាតិលេខ ២ ខាងមុខ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ

បន្ថែម​លើ​នេះ​ សម្ដេច​បាន​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ ត្រៀមខ្លួន​កំចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ ដើម្បី​ការពារ​នូវ​ភាព​សុខសាន្ត​របស់​ប្រជាជន​។​ សម្ដេច​ថា​ដោយ​តម្លៃ​ណា​ក៏​ដោយ​គឺ​ ត្រូវ​ការពារ​ស្ថិរភាព​នយោបាយ​ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ឱ្យ​ខាន​តែ​បាន​ព្រោះ​វា​ជា​តម្រូវការ​របស់​ជាតិ​និង​ប្រជាជន​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន​ បើ​មិន​ជឿ​សុំ​សាកមើល​»​។​

​បើ​យ៉ាងនេះ​ក្ដី​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ លោក​មានការ​សោកស្ដាយ​ចំពោះ​ការ​ប្រតិកម្ម​ របស់​នាយក​រដ្ឋមន្ត្រី​ទៅ​លើ​ ការ​គ្រោង​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​នេះ​មាន​គោលបំណង​ចង់ឱ្យ​មានការ​បញ្ចប់​ ការ​ចាប់ចង​អ្នកនយោបាយ​ និង​ វិល​មករ​កតុក​ ចរចា​វិញ​ គឺ​គ្មាន​បំណង​ចង់​ផ្តួលរំលំ​របប​អ្វី​ឡើយ​។

លោ​ក អេង ​ឆៃ​អ៊ា​ង​៖​ «​បាតុកម្ម​ដែល​គណបក្សប្រឆាំង​គ្រោង​ធ្វើ​យើង​គ្មាន​ទៅ​ផ្តួលរំលំ​អ្នក​ណា​នោះ​ទេ​ យើង​ចង់បាន​អ្វី​ដូច​ប្រជាពលរដ្ឋ​ និង​ សហគមន៍​អន្តរជាតិ​ចង់បាន​ស្ថានភាព​នយោបាយ​មួយ​ដែល​ដូច​មុន​ គ្មាន​ការ​ចាប់ចង​គ្មាន​ចោទប្រកាន់​មក​ក្រុម​សិទ្ធិ​មនុស្ស​ និង​មេដឹកនាំ​បក្សនយោបាយ​តែ​ប៉ុណ្ណោះ​»។​

បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ប្រឆាំងនឹងលទ្ឋផលបោះឆ្នោត កាលពីឆ្នំា ២០១៣ ។
បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ប្រឆាំងនឹងលទ្ឋផលបោះឆ្នោត កាលពីឆ្នំា ២០១៣ ។

ទោះបីជា​មិន​ទាន់​បញ្ជាក់​ថា​គ្រោង​ធ្វើ​បាតុកម្ម​នេះ​នៅ​ថ្ងៃ​ណា​ឲ្យ​បាន​ច្បាស់​ក៏​ដោយ​ តែ​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ថា​ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុ​វត្តិភាព​ដល់​អ្នក​ធ្វើ​បាតុកម្មអហិង្សា​ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​

​លោ​ក អេង​ ឆៃ​អ៊ា​ង​៖​ «​ អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ ត្រូវ​ការពារ​មិនមែន​ទៅ​បង្ក្រាប​ទេ​ ប្រទេស​ដែល​គេ​គោរព​គោលការណ៍​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុ​ប្រជាធិបតេយ្យ​ទាំង​អស់គេ​មិន​ដែល​យក​ អាវុធ​ទៅ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ប្រជាពលរដ្ឋ​សម្ដែង​មតិ​នោះ​ទេ​»​។​

​ជុំវិញ​ការ​ប្រកាន់​ជំហរ​របស់​បក្ស​ប្រឆាំង​ លោក​ សុខ​ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បើ​ធ្វើ​បាតុកម្ម​សម្ដែង​មតិ​រដ្ឋាភិបាល​បើ​ផ្លូវ​។​ តែបើ​ការ​ធ្វើ​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​ហេតុផល​ថា​ធ្វើ​ដើម្បី​ឲ្យ​ស្ថេ​រ​ភាព​នយោបាយ​វិល​មក​រក​តុ​ចា​ចារ​វិញ​នេះ​ គ្រាន់តែ​ជា​លេស​របស់​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​។

​លោក​ សុខ​ ឥ​សាន្ត​ ៖«​ ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ហា​នី​ភ័យ​មួយ​ដែរ​ សម្រាប់​ប្រទេស​ជាតិ​ព្រោះ​គាត់​គ្មាន​ចេតនា​ល្អ​ទេ​។​ខ្លួន​ប្រព្រឹត្តិ​ល្មើសច្បាប់​ហើយ​មិន​ទទួល​ការ​ពិត​ ហើយ​យក​ប្រជាជន​រាំងមុខ​ កំហុស​ខ្លួនឯង​ទៅ​មិន​រួច​ទេ​តែបើ​ធ្វើ​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ចង់​ជួប​ចរចា​នោះ​គ្រាន់តែ​ជា​លេស​»​។​

​លោក​បន្ត​ថា​ បាតុកម្ម​នេះ​ គឺជា​ការ​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​ មក​ធ្វើ​ជា​កា​របាំងមុខ​ដើម្បី​បិទ​បាំង​កំហុស​បុគ្គល​គឺជា​រឿង​មួយ​មិនល្អ​ទេ​។​ លោក​បន្ត​ថា​គ្មាន​ជម្រើស​ផ្សេង​ទេ​ក្រៅពី​ការ​ត្រៀម​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ​សន្តិភាព​របស់​ប្រទេស​ជាតិ​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​មិន​មាន​ជម្រើស​រដ្ឋាភិបាល​ មាន​តួនាទី​ការពារ​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ​ សណ្តាប់ធ្នាប់​សង្គម​ដូច្នេះ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចេតនា​ មិនល្អ​ រដ្ឋាភិបាល​ត្រូវ​ប្រើ​តួរ​នាទី​របស់​ខ្លួន​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​នឹង​ទេ​»​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួងការពារជាតិ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​ដោយ​បាន​ប្រកាស​ថា​៖​ «​កង​យោធពលខេមរភូមិន្ទ​ ប្តេជ្ញា​អនុវត្ត​តាម​បទបញ្ជា​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ យ៉ាង​ម៉ឺងម៉ាត់​ និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ទោះ​ស្ថិត​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ពេលវេលា​ណា​ក៏​ដោយ​ ទំហំ​ណា​ក៏​ដោយ​ និង​ទ្រង់ទ្រាយ​ណា​ក៏​ដោយ​ កង​យោធពលខេមរភូមិន្ទ​ ប្រឆាំង​ដាច់ខាត​ ចំពោះ​ការ​ប៉ុនប៉ង​ ធ្វើ​មហា​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​ការ​តាំង​ជំហរ​របស់​បក្ស​ពីរ​នេះ​ ត្រូវ​បាន​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​យល់​ថា​ ជា​ជម្រើស​មិនល្អ​ ព្រោះ​វា​បង្ក​ឲ្យ​មានការ​បង្ហូរឈាម​។

​លោកបណ្ឌិត​ មាស​ នី​៖«​អ្នក​ទាំង​សងខាង​សុទ្ធតែ​អស់​មធ្យោបាយ​រាងខ្លួន​ ហើយ​កំពុង​រៀបចំ​នូវ​សកម្មភាព​ថ្មី​មួយទៀត​ដែល​អាច​នាំ​សង្គម​ខ្មែរ​ ទៅ​រក​ការ​បង្ហូរឈាម​ដោយ​ជៀស​មិន​ផុត​បើប្រសិន​បើ​បង្ខំ​ដើរ​លើ​ផ្លូវ​នេះ​​»

​លោក​បន្ត​ថា​ជម្រើស​ល្អ​គឺ​បក្ស​ទាំង​ពីរ​ត្រូវ​តែ​ថយ​ម្នាក់​មួយ​ជំហាន​ ហើយ​បំភ្លេច​ចោល​រឿង​ដែល​កន្លង​ទៅ​ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ជាតិ​វិញ​។​

​បណ្ឌិត​ មាស​ នី​៖«​គណបក្ស​នីមួយៗ​ហាក់ដូចជា​មាន​បំណង​ មាន​ម​ហិច​តារាង​ខ្លួន​ក្នុង​ការ​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​។​ សំខាន់​គឺ​ងាក​ទៅ​រក​រួម​គ្នា​ដោះស្រាយ​រឿង​នឹង​ ហើយ​អ្វី​ដែល​អាច​បំភ្លេច​ចោល​គឺ​បំភ្លេច​ទៅ​ដើម្បី​រួម​គ្នា​ក៏​សាង​ជាតិ​»​។​

​ដូច​គ្នា​នេះ​លោក​ ឡុ​ង​ គី​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្តរជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ជ្រើសរើស​ផ្លូវ​នេះ​ គឺជា​ការ​ខាត​ប្រយោជន៍​ជាតិ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ និង​ មុខមាត់​ក្នុង​ឆាក​អន្តរជាតិ​។

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​កាលណា​ស្ថានការណ៍​នយោបាយ​មិនល្អ​ គឺ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ ចំនែក​នយោបាយ​ការ​បរទេស​រឹតតែ​ពិបាក​ ព្រោះ​ត្រូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ និង​អង្គការ​ក្នុង​តំបន់​នៅ​ពេល​រដ្ឋាភិបាល​ហាក់ដូចជា​ បាត់បង់​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ខ្លួនឯង​បន្តិច​ម្តង​»​។​

លោកថាបក្សទាំងពីរ គួរតែវិលមកតុចរចា ឬ បន្តវប្បធម៍សន្ទនាឡើងវិញដើម្បីដោះស្រាយវិបត្តិដែលកើតមាននេះ។

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖​ «​អ្វី​ដែល​ល្អ​បំផុត​វិល​ទៅ​រក​តុ​ចរចារ​វិញ​ ដូច្នេះ​ខ្មែរ​ជជែក​គ្នា​ទៅ​ជា​រឿង​ដែល​ចំនេញ​ ដែល​វប្ប​ធ​ម៍​ស​ន្ទា​ធ្លាប់​ទទួល​បាន​លទ្ធផល​ទៅ​ហើយ​ ដូច​ជា​កំនែ​ទម្រ​ង​ការ​ធ្វើ​បញ្ជី​បោះ​ឆ្នោត​ជាដើម​ សុទ្ធ​កើត​ចេញពី​ខ្មែរ​ជជែក​គ្នា​»​។​

​យ៉ាងណា​ គេ​រំពឹង​ថា​ បក្ស​ទាំង​ពីរ​ នេះ​នឹង​រក​ដំណោះស្រាយ​ជាមួយ​គ្នា​វិញ​ បាន​ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​៕

Share

Image
Image
Image