ភ្នំពេញ៖ ផ្លូវដើរនយោបាយ របស់គណបក្សធំ២ នៅក្នុងប្រទេសកម្ពុជា នៅពេលនេះបានដើរមកដល់ចំនុចទាល់ច្រកមួយដែលមិនស្របទិសគ្នា។ គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសយក មហាបាតុកម្ម។ ចំណែកបក្សកាន់អំណាចជ្រើសរើសយក ការបង្ក្រាប ។
គណបក្សសង្គ្រោះជាតិថាជាជម្រើសចុងក្រោយ របស់ខ្លួន ហើយគណបក្សប្រជាជនកម្ពុជា ថា ការបង្ក្រាបដើម្បីរក្សាសន្តិសុខ សង្គម។
ផែនការរបស់គណកប្សទាំងពីរ នេះ ត្រូវបានអ្នកសង្កេតការ បញ្ហាសង្គមមើលឃើញថា ជាជម្រើស មិនផ្តល់ប្រយោជន៍ដល់ជាតិនិងបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ។ កញ្ញា ច្រឹក ស្រីអូន មានសេចក្តីរាយការណ៍៖
ក្រោយ ពី តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឱ្យមានទោសរយៈពេល៥ខែ តាមក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ ករណីបដិសេធមិនចូលខ្លួនតាមដីកា គណបក្សសង្គ្រោះជាតិប្រកាស ធ្វើមហាបាតុកម្ម។ ផែនការរបស់បក្សសង្គ្រោះជាតិ គឺដើម្បីឱ្យតុលាការទម្លាក់ចោលសាលក្រម ប្រឆាំង លោក កឹម សុខា។
ឆ្លើយតបទៅនឹងអ្វីដែលគណបក្សសង្គ្រោះជាតិ មានគំរោង នេះកាលពីយប់មិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញសារ ទៅកាន់បក្សប្រឆាំងវិញផងដែរ។ សម្ដេច បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖«បុគ្គលដែលធ្វើខុស កុំយក ប្រទេសជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន»។
បន្ថែមលើនេះ សម្ដេចបានបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកំចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន។ សម្ដេចថាដោយតម្លៃណាក៏ដោយគឺ ត្រូវការពារស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ឱ្យខានតែបានព្រោះវាជាតម្រូវការរបស់ជាតិនិងប្រជាជន។
សម្ដេច ហ៊ុន សែន៖«វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល»។
បើយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះការប្រតិកម្ម របស់នាយករដ្ឋមន្ត្រីទៅលើ ការគ្រោងធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថាការធ្វើបាតុកម្មនេះមានគោលបំណងចង់ឱ្យមានការបញ្ចប់ ការចាប់ចងអ្នកនយោបាយ និង វិលមករកតុក ចរចាវិញ គឺគ្មានបំណងចង់ផ្តួលរំលំរបបអ្វីឡើយ។
លោក អេង ឆៃអ៊ាង៖ «បាតុកម្មដែលគណបក្សប្រឆាំងគ្រោងធ្វើយើងគ្មានទៅផ្តួលរំលំអ្នកណានោះទេ យើងចង់បានអ្វីដូចប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិចង់បានស្ថានភាពនយោបាយមួយដែលដូចមុន គ្មានការចាប់ចងគ្មានចោទប្រកាន់មកក្រុមសិទ្ធិមនុស្ស និងមេដឹកនាំបក្សនយោបាយតែប៉ុណ្ណោះ»។
ទោះបីជាមិនទាន់បញ្ជាក់ថាគ្រោងធ្វើបាតុកម្មនេះនៅថ្ងៃណាឲ្យបានច្បាស់ក៏ដោយ តែលោក អេង ឆៃអ៊ាង ថា រដ្ឋាភិបាលត្រូវធានាឲ្យបាននូវសុវត្តិភាពដល់អ្នកធ្វើបាតុកម្មអហិង្សា ព្រោះនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោក អេង ឆៃអ៊ាង៖ « អាជ្ញាធរមានសមត្ថកិច្ចរាជរដ្ឋាភិបាល ត្រូវការពារមិនមែនទៅបង្ក្រាបទេ ប្រទេសដែលគេគោរពគោលការណ៍ប្រជាធិតេយ្យសេរីពហុប្រជាធិបតេយ្យទាំងអស់គេមិនដែលយក អាវុធទៅបាញ់សម្លាប់ប្រជាពលរដ្ឋក្នុងករណីប្រជាពលរដ្ឋសម្ដែងមតិនោះទេ»។
ជុំវិញការប្រកាន់ជំហររបស់បក្សប្រឆាំង លោក សុខឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បើធ្វើបាតុកម្មសម្ដែងមតិរដ្ឋាភិបាលបើផ្លូវ។ តែបើការធ្វើបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ក្រោមហេតុផលថាធ្វើដើម្បីឲ្យស្ថេរភាពនយោបាយវិលមករកតុចាចារវិញនេះ គ្រាន់តែជាលេសរបស់បក្សប្រឆាំងតែប៉ុណ្ណោះ។
លោក សុខ ឥសាន្ត ៖« ការប្រកាសរបស់គណបក្សសង្គ្រោះជាតិ គឺជាហានីភ័យមួយដែរ សម្រាប់ប្រទេសជាតិព្រោះគាត់គ្មានចេតនាល្អទេ។ខ្លួនប្រព្រឹត្តិល្មើសច្បាប់ហើយមិនទទួលការពិត ហើយយកប្រជាជនរាំងមុខ កំហុសខ្លួនឯងទៅមិនរួចទេតែបើធ្វើដើម្បីដាក់សម្ពាធរដ្ឋាភិបាលចង់ជួបចរចានោះគ្រាន់តែជាលេស»។
លោកបន្តថា បាតុកម្មនេះ គឺជាការយកអាយុជីវិតប្រជាពលរដ្ឋ មកធ្វើជាការបាំងមុខដើម្បីបិទបាំងកំហុសបុគ្គលគឺជារឿងមួយមិនល្អទេ។ លោកបន្តថាគ្មានជម្រើសផ្សេងទេក្រៅពីការត្រៀមក្នុងការគ្រប់គ្រងស្ថានការណ៍ គឺរដ្ឋាភិបាលត្រូវតែការពារសន្តិភាពរបស់ប្រទេសជាតិ។
លោក សុខ ឥសាន្ត៖«មិនមានជម្រើសរដ្ឋាភិបាល មានតួនាទីការពារសន្តិភាពស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមដូច្នេះបើគណបក្សសង្គ្រោះជាតិមានចេតនា មិនល្អ រដ្ឋាភិបាលត្រូវប្រើតួរនាទីរបស់ខ្លួន និងទប់ស្កាត់មិនឲ្យមានករណីនឹងទេ»។
ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការមួយដោយបានប្រកាសថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ និងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ»។
ការតាំងជំហររបស់បក្សពីរនេះ ត្រូវបានលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គមយល់ថា ជាជម្រើសមិនល្អ ព្រោះវាបង្កឲ្យមានការបង្ហូរឈាម។
លោកបណ្ឌិត មាស នី៖«អ្នកទាំងសងខាងសុទ្ធតែអស់មធ្យោបាយរាងខ្លួន ហើយកំពុងរៀបចំនូវសកម្មភាពថ្មីមួយទៀតដែលអាចនាំសង្គមខ្មែរ ទៅរកការបង្ហូរឈាមដោយជៀសមិនផុតបើប្រសិនបើបង្ខំដើរលើផ្លូវនេះ»។
លោកបន្តថាជម្រើសល្អគឺបក្សទាំងពីរត្រូវតែថយម្នាក់មួយជំហាន ហើយបំភ្លេចចោលរឿងដែលកន្លងទៅដើម្បីរួមគ្នាកសាងប្រទេសជាតិវិញ។
បណ្ឌិត មាស នី៖«គណបក្សនីមួយៗហាក់ដូចជាមានបំណង មានមហិចតារាងខ្លួនក្នុងការបង្ករឲ្យមានភាពតានតឹង។ សំខាន់គឺងាកទៅរករួមគ្នាដោះស្រាយរឿងនឹង ហើយអ្វីដែលអាចបំភ្លេចចោលគឺបំភ្លេចទៅដើម្បីរួមគ្នាក៏សាងជាតិ»។
ដូចគ្នានេះលោក ឡុង គីមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្តរជាតិ មានប្រសាសន៍ថា ការជ្រើសរើសផ្លូវនេះ គឺជាការខាតប្រយោជន៍ជាតិ និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង មុខមាត់ក្នុងឆាកអន្តរជាតិ។
លោក ឡុង គឹមឃន៖«កាលណាស្ថានការណ៍នយោបាយមិនល្អ គឺប៉ះពាល់ដល់អ្នកវិនិយោគ ចំនែកនយោបាយការបរទេសរឹតតែពិបាក ព្រោះត្រូវទំនាក់ទំនងជាមួយប្រទេស និងអង្គការក្នុងតំបន់នៅពេលរដ្ឋាភិបាលហាក់ដូចជា បាត់បង់ភាពស្របច្បាប់របស់រដ្ឋាភិបាលខ្លួនឯងបន្តិចម្តង»។
លោកថាបក្សទាំងពីរ គួរតែវិលមកតុចរចា ឬ បន្តវប្បធម៍សន្ទនាឡើងវិញដើម្បីដោះស្រាយវិបត្តិដែលកើតមាននេះ។
លោក ឡុង គឹមឃន៖ «អ្វីដែលល្អបំផុតវិលទៅរកតុចរចារវិញ ដូច្នេះខ្មែរជជែកគ្នាទៅជារឿងដែលចំនេញ ដែលវប្បធម៍សន្ទាធ្លាប់ទទួលបានលទ្ធផលទៅហើយ ដូចជាកំនែទម្រងការធ្វើបញ្ជីបោះឆ្នោតជាដើម សុទ្ធកើតចេញពីខ្មែរជជែកគ្នា»។
យ៉ាងណា គេរំពឹងថា បក្សទាំងពីរ នេះនឹងរកដំណោះស្រាយជាមួយគ្នាវិញ បាន គឺក្រោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ខាងមុខនេះ៕