ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាព គម្រាមកំហែងលើគណបក្សសង្គ្រោះជាតិ តាមរយៈការចល័តកងកម្លាំងប្រដាប់អាវុធ តាមរថយន្ដ និងកាណូត នៅលើផ្លូវជាតិលេខ ២ ខាងមុខ និង តាមដងទន្លេបាសាក់ ខាងក្រោយទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ព្រមទាំងឈប់សំចតនៅខាងមុខទីស្នាក់ការគណបក្ស កាលពីយប់ថ្ងៃទី ១២ កញ្ញា ២០១៦។
សេចក្ដីថ្លែងការណ៍បក្សសង្គ្រោះជាតិ ឲ្យដឹងបន្ដថា សកម្មភាពនៃការចល័តកងម្លាំងប្រដាប់អាវុធ តាមរថយន្ដ តាមកាណូត នៅខាងមុខ និង ខាងក្រោយទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ គឺជាកម្មភាពគម្រាមកំហែង បំភិតបំភ័យដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្សសង្ក្រោះជាតិទាំងមូល។ មិនតែប៉ុណ្ណោះទង្វើនេះ មិនមែនជាលើកទីមួយទេ ពោលគឺកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ គឺមានរួចម្ដងមកហើយដែលពេលនោះមានទាំងប្រើប្រាស់ឧត្ថម្ភាគចក្រទៀតផង។
បន្ថែមពីនេះគណបក្សសង្គ្រោះជាតិ យល់ឃើញថា ការដែលរាជរដ្ឋាភិបាលចល័ត កងកម្លាំងប្រដាប់អាវុធតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស នៅខាងមុខ ខាងក្រោយ និងខាងលើទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ មិនមែនត្រឹមតែជាការគម្រាមកំហែងដល់គណបក្សសង្ក្រោះជាតិប៉ុណ្ណោះទេ តែគឺបានបង្កឲ្យមានការភ័យខ្លាចចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសប៉ះពាល់ដល់ដំណើរការនៃចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតនាពេលខាងមុខ។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ អំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគម្រាមកំហែងបែបនេះ ដោយងាក់មកសហការគ្នា រកដំណោះស្រាយរួម ដើម្បីធានាស្ថិរភាព សន្ដិសុខ សុវត្ថិភាព និង សេចក្ដីសុខក្សេមក្សាន្ដ របស់ប្រជាពលរដ្ឋ ហើយជាពិសេស ធានាឲ្យបានបរិយាកាសល្អប្រសើរ សម្រាប់ដំណើរនៃការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតនាពេលខាងមុខ។
ទោះយ៉ាងណាលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានផ្ដលបទសម្ភាសន៍ ជាមួយវិទ្យុស្ដ្រីFM102 លោក បានអះអាងថា ការចល័តទ័ពនៅពេលណាក៏បានដែរ ហើយនៅទីណាក៏បានដែរ គឺជាតួនាទីរបស់កងទ័ពក្នុងការពង្រឹងសណ្ដាប់ធ្នាប់ក្នុងប្រទេស។ លោកបញ្ជាក់ថា ការចល័តទ័ពនេះពុំមែនជាការគំរាមកំហែងទៅលើគណបក្សនយោបាយណាមួយនោះទេ៕