ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំង ចំពោះការធ្វើតេស្ដនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពី ទីក្រុងព្យុងយ៉ាង បានសាកល្បងធ្វើតេស្ដនុយក្លេអ៊ែរ កាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ។សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស ចុះផ្សាយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ បានហៅទង្វើការសាកល្បងធ្វើតេស្ដនុយក្លេអ៊ែរ ដោយក្រុងព្យុងយ៉ាង ជាការរំលោភបំពាន ទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្កការសហប្រជាជាតិ (UNSC)។
ក្រសួងការបរទេសកម្ពុជាដដែលនេះ បានចាត់ទុកការសាកល្បងធ្វើតេស្ដ នុយក្លេអ៊ែរ លើ ឧបទ្វីបកូរ៉េ ធ្វើអោយកាន់តែយ៉ាប់យ៉ឺន និងកាន់តែផុយស្រួយ ចំពោះស្ថានការណ៍នៅសន្តិសុខក្នុងតំបន់។
សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀត ថាកម្ពុជាសូមគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះ ដើម្បីជាប្រយោជន៍នៃសន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំង អំពាវនាវដោយទទូចឲ្យ ប្រទេសកូរ៉េខាងជើងគោរព ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ លើកទី៥ កាលពីថ្ងៃសុក្រទី ០៩ កញ្ញា ខណៈមេដឹកនាំ ប្រទេសជឿនលឿន G-20 ជួបប្រជុំគ្នានៅ ប្រទេសចិន។ ភ្លាមៗនោះ មេដឹកនាំដែលចូលប្រជុំក្នុងសន្និសីទកំពូលនេះ បានថ្កោលទោស ក្រុងព្យុងយ៉ាង យ៉ាងខ្លាំង៕