en     km
en     km

សហគមន៍​តំបន់​អា​រ៉ែ​ង​បារម្ភ​បាត់បង់​អត្ថប្រយោជន៍​សហគមន៍​បើ​តំបន់​នោះ​បើក​ឱ្យ​មានការ​វិនិយោគ​🔊

Share

ភ្នំពេញ៖ សហគមន៍​តំបន់​អា​រ៉ែ​ង​ សម្តែង​ការ​គាំទ្រ​គម្រោង​របស់​រាជរដ្ឋាភិបាល​ដែល​គ្រោង​សាងសង់​ផ្លូវ​ ស្ពាន​ នៅ​តំបន់​អា​រ៉ែ​ង​។​ ប៉ុន្តែ​ទន្ទឹម​និង​នេះ​ ពួក​គេ​ក៏​សម្តែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ នៅ​ពេល​ដែល​មាន​ផ្លូវថ្នល់​អាច​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ហើយ​នោះ​ អាច​នឹង​មាន​ក្រុមហ៊ុន​ឯកជន​ចូល​វិនិយោគ​ ដែល​ពួក​គេ​ថា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​សហគមន៍​របស់​ពួក​គេ​។​

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​ហានិភ័យ​ថ្មី​សម្រាប់​តំបន់​អា​រ៉ែ​ង​»​នៅ​ម​ជ្ឈ​ មណ្ឌលកីឡា​ និង​កំសាន្ត​លី​ឡា​ ព្រឹក​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​។​

 

ជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ចូលរួមក្នុងកម្មវិធីស្តីពី«ហានិភ័យថ្មីសម្រាប់តំបន់អារ៉ែង»។
ជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ចូលរួមក្នុងកម្មវិធីស្តីពី«ហានិភ័យថ្មីសម្រាប់តំបន់អារ៉ែង»។

​នា​ពេល​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ថែម​ទាំង​ប្រកាស​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ ស្ពាន​ នៅ​តំបន់​អា​រ៉ែ​ង​មាន​ប្រវែង​ប្រមាណ​ ១៨​ គីឡូម៉ែត្រ​ ។​
​គម្រោង​សាងសង់​នេះ​ សហគមន៍​អា​រ៉ែ​ង​គាំទ្រ​ ប៉ុន្តែ​មានការ​ភ័យ​ខ្លាច​នៅ​ពេល​គម្រោង​នេះ​សាងសង់​រួច​ អាច​មាន​ក្រុមហ៊ុន​ឯកជន​ចូល​វិនិយោគ​នៅ​តំបន់​នោះ​ នឹង​បង្ក​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អត្ថប្រយោជន៍​សហគមន៍​។​

​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ អ្នកស្រី​ ញឹក​ ជឿន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១២​ កញ្ញា​នេះ​ថា​ អ្នកស្រី​សប្បាយចិត្ត​នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ រាជរដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ផ្លូវ​ និង​ស្ពាន​នៅ​តំបន់​អា​រ៉ែ​ង​។​ អ្នកស្រី​ ញឹក​ ជឿន​ បន្ត​ថា​ ការ​សាងសង់​នេះ​ នឹង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ចូល​ទៅ​កាន់​តំបន់​នោះ​កាន់តែ​ច្រើន​ថែម​ទៀត​។​ប៉ុន្តែ​អ្នកស្រី​ក៏​មានការ​ព្រួយបារម្ភ​ដែល​ថា​ អាច​នឹង​មាន​ក្រុមហ៊ុន​ឯកជន​ចូល​វិនិយោគ​នៅ​តំបន់​នោះ​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​ជាង​ ៤០០​ គ្រួសារ​។​ «​ឯកជន​ទៅ​ខ្ញុំ​មិនសូវ​សប្បាយចិត្ត​ទេ​ខ្លាច​ប៉ះពាល់​ដល​ចំណូល​របស់ខ្ញុំ​ព្រោះ​គេ​ធ្វើ​គេ​បាន​ទៅ​គេ​ខ្លាំង​ ប្រជាពលរដ្ឋ​នៅ​ទីនោះ​គឺ​អត់​មាន​ មាន​តែ​តិចតួច​បើ​ភ្ញៀវ​ទៅ​ញឹក​ចំណូល​ក៏​បាន​ច្រើន​ដែរ​ តែបើ​ភ្ញៀវ​ទៅ​មួយ​ខែ​ម្តង​អី​ក៏​បាន​តាម​ហ្នឹង​ទៅ​»​។​

​ចំណែក​តំណាង​ជនជាតិ​ដើម​ភាគតិច​ជង​មួយ​រូប​ទៀត​គឺ​ លោក​ វ៉ែន​ វ៉​ន​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ចង់​ធ្វើ​ឱ្យ​តំបន់​នោះ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ហើយ​សម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​ គឺ​ពេល​នោះ​នឹង​ធ្វើ​សហគមន៍​របស់​លោក​បាត់បង់​ផលប្រយោជន៍​ប្រចាំ​ថ្ងៃ​។​

​លោក​ វ៉ែន​ វ៉​ន​ សុំ​ឱ្យ​រដ្ឋាភិបាល​ទុក​តំបន់​អា​រ៉ែ​ង​ឱ្យ​សហគមន៍​ជា​អ្នក​ទទួលខុសត្រូវ​ ជា​ពិសេស​លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ទៅ​ដល់​ពួក​គេ​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​។​ លោក​ វ៉ែន​ វ៉​ន​៖​ «​នៅ​ក្នុង​នោះ​មានការ​ព្រួយបារម្ភ​មួយ​ទាក់ទង​ទៅ​នឹង​ទេសចរណ៍​គឺ​ខ្ញុំ​ព្រួយបារម្ភ​ថា​ខ្លាច​ស្ថាប័ន​រដ្ឋាភិបាល​គាត់​ផ្តល់​អាជ្ញា​បណ្ណ​ទៅ​ឱ្យ​ល​ក្រុមហ៊ុន​ឯកជន​ធ្វើ​លើ​វិស័យ​ទេសចរណ៍​ ប្រជាពលរដ្ឋ​គាត់​អត់​មាន​ចំណូល​អ្វី​ដែល​ខ្ញុំ​ចង់បាន​ជាងគេ​នោះ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​គឺ​សហគមន៍​នឹង​តែ​ម្តង​»​។​

ទាក់ទង​នឹង​ករណី​នេះ​ដែរ​ សហ​ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដែល​សកម្ម​ក្នុង​កិច្ចការ​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​លោក​ សាន់​ ម៉ា​ឡា​ សម្តែង​ការ​ព្រួយបារម្ភ​ខ្លាច​រាជរដ្ឋាភិបាល​ប្រគល់​តំបន់​នោះ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដែល​លោក​ថា​ ការ​វិនិយោគ​របស់​ក្រុម ហ៊ុន​ឯកជន​នឹង​ធ្វើ​ឱ្យ​សហគមន៍​រស់នៅ​តំបន់​នោះ​ជួប​ផល​លំបាក​។​ លោក​ សាន់​ ម៉ា​ទ្បា​ «​ប្រសិនបើ​រដ្ឋាភិបាល​គាត់​ចង់ឱ្យ​តំបន់​កន្លែង​ហ្នឹង​ទៅ​ជា​តំបន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បំផុត​ស្រាប់តែ​គាត់​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ ដូច្នេះ​វា​ជា​បញ្ហា​មួយ​អ​ញ្ចឹ​ង​យើង​សួរ​ថា​នៅ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​ ក្រុម​នាយទុន​ដែល​គាត់​មាន​លុយ​ទៅ​វិនិយោគ​គាត់​ទៅ​រៀបចំ​អូ​តែ​ល​ សណ្ឋាគារ​ ជា​ផ្ទះសំណាក់​ផ្សេងៗ​យើង​សួរ​ថា​តើ​ប្រភព​ចំណូល​ទាំងអស់​ហ្នឹង​ចូល​ទៅ​អ្នក​ណា​គឹ​ប្រាកដ​ចូល​ទៅ​ហោប៉ៅ​របស់​នាយទុន​ ចុះ​ប្រជាជន​មូលដ្ឋាន​ប្រក​ដ​ជា​អ្នក​លាងចាន​ ជា​អ្នក​អនាម័យ​ ជា​អ្នក​រត់​តុ​ ហើយនឹង​ធ្វើ​សេវាកម្ម​ទេសចរណ៍​ទៅ​ព្រៃ​អី​ខ្លះ​ចឹ​ងៗ​»​។​

​នៅ​ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​កាលពី​ព្រឹក​មិ​ញ​នេះ​ សហគមន៍​តំបន់​អា​រ៉ែ​ង​ក៏​បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​ដើម្បី​ធានា​យ៉ាង ណា​ឱ្យ​តំបន់​អា​រ៉ែ​ង​មិន​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ជន​    ទុច្ចរិត​មួយ​ចំនួន​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ សៅ​ សុភាព​ មាន​ប្រសាសន៍​ថា​ គម្រោង​សាងសង់​ផ្លូវ​របស់​រាជរដ្ឋាភិបាល​ គឺ​ក្នុង​គោល បំណងសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ តំបន់​អា​រ៉ែ​ង​ ដោយ​លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​អំពី​គម្រោង​នេះ​។​ លោក​ សៅ​ សុភាព​៖«​រឿង​ធ្វើ​ផ្លូវ​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ជាក់ស្តែង​របស់​ ប្រជាពលរដ្ឋ​សហ​មគ​ន៍​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ច​រា​ណ៍​របស់​គាត​ ជា​រឿង​មួយ​។​ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​និង​ការ​ព្រួយបារម្ភ​អំពី​បទល្មើស​ និង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នេះ​គឺ​ ផែនការ​គោលការណ៍​ និង​វិធានការ​ទប់ស្កាត់​លុប​បំបាត់​បទល្មើស​និង​ រួបរួម​គ្នា​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ពាក់ព័ន្ធ​ គឺ​ត្រូវ​ធ្វើការ​ដោះស្រាយ​ទប់​ស្កា​ប់​លុប​បំបាត់​បញ្ហា​បទល្មើស​ ធនធានធម្មជាតិ​»​។​

​តំបន់​អា​រ៉ែ​ង​ គឺជា​តំបន់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង​ត្រូវ​បាន​គេ​ជឿ​ថា​ជា​តំបន់​មាន​សក្តានុពល​ធនធានធម្មជាតិ​ចម្រុះ​ព្រៃឈើ​ប្រណិតៗ​ ហើយ​កន្លង​មក​ក៏​មាន​ក្រុមហ៊ុន​មួយ​ចង់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​នេះ​ដែរ​ តែ​ក្រោយមក​រាជរដ្ឋាភិបាល​ប្រកាស​លុប​វិញ​ ដោយ សារ​មានការ​ជំនា​ស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ពី​ប្រជា​ពល​ជនជាតិ​ដើម​ភាគតិច​៕

Share

Image
Image
Image