en     km
en     km

អ្នកវិភាគ​៖​ CNRP​ បង្កើន​តុល្យភាព​ឥទ្ធិពល​ អាច​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ ត្រឡប់​ថយក្រោយ​វិញ​

Share

ភ្នំពេញ៖ ​នៅ​ពេល​សំណុំរឿង​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ ដែល​ជា​ការ​បើកផ្លូវ​ចាប់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយ​ បាន​ចេញ​មុខជា​សាធារណៈ​ ដោយ​ប្រើ​វោហា​សាស្ត្រ​ចំៗ​ និង​ស៊ីជម្រៅ​វាយបក​លើ​បក្ស​កាន់​អំណាច​ និង​ ប្រព័ន្ធ​តុលាការ​។​

បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ប្រឆាំងនឹងលទ្ឋផលបោះឆ្នោត កាលពីឆ្នំា ២០១៣ ។
បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ប្រឆាំងនឹងលទ្ឋផលបោះឆ្នោត កាលពីឆ្នំា ២០១៣ ។

​ថ្លែង​ទៅ​កាន់​ សកម្មជន​របស់​ខ្លួន​ កាលពី​ថ្ងៃអាទិត្យ​ទី​ ១១​ កញ្ញា​ ជើងឯក​ខាង​សេរីភាព​ បញ្ចេញមតិ​ ដែល​ផ្ដល់​ដោយ​សហរដ្ឋអាមេរិក​ កាលនោះ​លោក​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ កឹ​ម​សុខា​ បាន​ហៅ​ការ​ដឹកនាំ​មួយ​ដោយ​យក​ តុលាការ​ ជា​ឧបករណ៍​នយោបាយ​ របស់​ខ្លួន​ គឺជា​ ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​និយម​។​

​លោក​អំពាវនាវ​ ឱ្យ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ថា​ មាន​កន្លះ​ប្រទេស​ តៀម​ចេញ​ធ្វើ​មហា​បាតុកម្ម​ទូ​ទាំង​ប្រទេស​ ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម​។​ ជំហរ​របស់​បក្ស​ប្រឆាំង​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​គណបក្ស​នេះ​បង្កើន​ តុល្យភាព​ឥទ្ធិពល​ជាមួយ​បក្ស​កាន់​អំណាច​ ដែល​យ៉ាង​ហោច​ណា​ អាច​រុញ​ឱ្យ​បក្ស​កាន់​អំណាច​ត្រឡប់​ថយក្រោយ​វិញ​ គឺ​មិន​ទៅ​រក​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​។​ តែបើ​មិន​អាច​ត្រឡប់​មក​រក​ ភាព​ប្រក្រតី​ វិញ​ គឺ​បក្ស​កាន់​អំណាច​ អាច​ធ្វើ​ឱ្យ​មាន​ព្រឹត្តិការណ៍​មួយ​ដូច​ថ្ងៃ​ ៥​ -៦​ កក្កដា​ ឆ្នាំ​១៩៩៧​ ហើយ​ពេល​នោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិតជា​គ្រោះថ្នាក់​។​ លោក​ នួន​ បូ​រិ​ន​ ជូន​ការ​វិភាគ​៖

 

​ពាក្យ​ថា​ «​ស្លូត​ពេក​ គេ​ជាន់​ កាច​ ពេក​គេ​ស្អប់​»​ មាន​ន័យ​ដូច​ម្ដេច​ ហើយ​ វា​ជះ​ឥ​ទ្ទិ​ពល​អ្វីខ្លះ​ដល់​ តថភាព​សង្គម​ របស់​មនុស្ស​។​ មួយ​ ល្បះ​នេះ​ ពិតជា​មាន​ន័យ​ណាស់​ សម្រាប់​សង្គមមនុស្ស​ យក​មក​សិក្សា​និង​វិភាគ​ ទៅ​លើ​បរិបទ​ នៃ​ការ​ដឹកនាំ​ តាម​បណ្ដា​សហគមន៍​ ក៏​ដូច​ជា​ ប្រទេស​ជាតិ​។​

​នៅ​ពេល​ ក្រុម​មួយ​ ស្លូត​ពេក​ គឺ​ពិតជា​ មនុស្ស​មួយ​ក្រុម​ទៀត​ ប្រមាថ​ និង​ កាន់តែ​គាបសង្កត់​ជិះជាន់​ មិន​ឱ្យ​រើខ្លួន​រួច​ឡើយ​។​

​មិន​ថា​ឡើយ​សង្គម​របស់​មនុស្ស​ សូ​ម្បី​ សង្គម​របស់​សត្វ​ក៏​ដូចនេះ​ដែរ​។​ ឯកសារ​ស្រាវជ្រាវ​ នៃ​សង្គមសត្វ​ បាន​ បង្ហាញ​រូបភាព​ ឃើញ​ថា​សត្វ​ខ្លា​ ដែល​ជា​ប្រភេទ​សត្វ​កាច​សាហាវ​ បាន​ដេញ​ហែក​ស៊ី​ សត្វ​ក្របី​ ហើយ​ទីបំផុត​ ខ្លា​មួយ​ក្រុម​ បាន​ព្រួត​គ្នា​វាយប្រហារ​ ខាំ​ស៊ី​ក្របី​មួយ​ក្បាល​ត្រាច់​ចរណ៍​ដាច់​ហ្វូង​ បាន​ដោយ​ ងាយស្រួល​។​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ឯកសារ​ស្រាវជ្រាវ​ ដដែល​នោះ​ បាន​ បង្ហាញ​ រូបភាព​មួយទៀត​ គឺ​ ខ្លា​មួយ​ក្រុម​មិន​អាច​វាយប្រហារ​ហ្វូង​ក្របី​បាន​ព្រោះ​ពេល​នេះ​ ក្របី​បាន​ សាមគ្គី​គ្នា​ល្អ​ ហើយ​ ការពារ​ មិន​ឲ្យ​ ហ្វូង​ខ្លា​ចូល​វាយប្រហារ​ លើ​ពួក​គេ​ទៀត​ឡើយ​។​ នៅ​ទីបំផុត​ហ្វូង​ខា្ល​បាន​សម្រេច​បោះបង់​ចោល​ មហិច្ឆតា​របស់​ខ្លួន​ ហើយ​ក្របី​ ក៏​រកស៊ី​ទទួលទាន​អាហារ​បាន​ស្រួល​។​

​តែ​សម្រាប់​សង្គមមនុស្ស​ទំនង​មិន​ខុស​ សង្គមសត្វ​ខ្លា​និង​ក្របី​ប៉ុន្មាន​ទេ​ មើលទៅ​បានជា​ រិះរក​ មធ្យោបាយ​ សាមគ្គី​គ្នា​ ដើម្បី​អ្វីមួយ​ ប៉ុន្តែ​សង្គមមនុស្ស​គេ​ មានច្បាប់​មាន​ទម្លាប់​ ដើម្បី​អនុវត្ត​ គឺ​គ្រាន់តែ​ អនុវត្ត​ មិន​ត្រឹមត្រូវ​គឺជា​បញ្ហា​មួយទៀត​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ

លោក​ កឹ​ម​ សុខា​ ដែល​គេ​ថា​រស់នៅ​ដូច​សត្វ​កណ្ដុរ​ខ្លាច​ឆ្មារ​ រយៈពេល​ជិត​៤​ខែ​មកនេះ​ លោក​  បាន​សម្រេច​ ចេញ​បង្ហាញខ្លួន​ ជា​សាធារណៈ​ ដោយ​ឡើង​ថ្លែង​ប្ដេ​ជា្ញ​ការពារ​ខ្លួន​ ទប់ទល់​នឹង​ អំណាចតុលាការ​ ដែល​លោក​ហៅ​ថា​ ជា​ឧ​បរ​កណ៍​នយោបាយ​ បក្ស​កាន់​អំណាច​ កាត់ទោស​ មិន​បាន​ផ្អែក​លើ​ គោលការណ៍​ជា​មូលដ្ឋាន​ រំលោភ​រដ្ឋធម្មនុញ្ញ​។​

​លោក​បាន​ព្រមាន​ តប​ថា​ នឹង​មាន​មហា​បាតុកម្ម​ ធ្វើ​ឡើង​ទូ​ទាំង​ប្រទេស​ ប្រសិនបើ​ តុលាការ​មិន​លុប​ចោល​សាលក្រម​កាត់ទោស​ លោក​ ករណី​ លោក​ មិន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​។​ ​លោក​បាន​ប្រាប់​សកម្មជន​របស់​លោក​ ឱ្យ​ងើបឡើង​ ដើម្បី​ការពារ​ភាព​ស្របច្បាប់​ របស់​ខ្លួន​ឡើង​វិញ​។

លោក​ កឹ​ម​ សុខា​៖«​ខ្ញុំ​បាន​សម្រេច​ចិត្តជា​ស្រេច​សូម​ជម្រាប់​ជូន​ក្មួយៗ​ យុវជន​ យុវនារី​ ត្រូវ​ពលិកម្ម​គ្រប់​បែប​យ៉ាង​។​ ខ្ញុំ​ធ្វើ​ពលិកម្ម​ ដើម្បី​ជាតិ​ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ គ្មាន​ជម្រើស​ទេ​បងប្អូន​ គ្មាន​ជម្រើស​អាច​ទៅ​សុំ​ឲ្យ​ពួក​ផ្តាច់​ការ​ ប្រគល់​សិទ្ធិ​សេរីភាព​ឲ្យ​យើង​ទេ​ គ្មាន​ជម្រើស​ដើម្បី​ឲ្យ​គេ​ជួយ​ កសាង​លទ្ធិប្រជាធិបតេយ្យ​ទេ​ យើង​រង​ចាំ​រាប់​ឆ្នាំ​មក​ហើយ​។​ យើង​ត្រូវ​ កសាង​លទ្ធិប្រជាធិបតេយ្យ​ដោយ​ខ្លួន​យើង​ យើង​ត្រូវ​ការពារ​សិទ្ធិ​យើង​ដោយ​ខ្លួន​យើង​ទាំងអស់​គ្នា​»​។​

មិន​មាន​តែ​លោក​ កឹ​ម​ សុខា​ អំពាវនាវ​ឱ្យ​មាន​មហា​បាតុកម្ម​ប្រឆាំង​អំពើ​អយុត្តិធម៌​មក​លើ​ បក្ស​សង្គ្រោះ​ជាតិ​ និង​ សង្គម​ស៊ី​វិល​ សូ​ម្បី​ លោក​ សម​ រ​ង្ស៊ី​ ដែល​គេចខ្លួន​ នៅ​ក្រៅប្រទេស​ក៏​ប្រកាស​ឱ្យ​មាន​មហា​បាតុកម្ម​ដែរ​។​

​តែ​បែ​នេះ​ក្ដី​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ​ឥ​សាន​ ព្រមាន​ចាត់ការ​លើ​ បក្ស​សង្គ្រោះ​ជាតិ​។​ លោក​ថា​ ទាំង​លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​ សុទ្ធតែ​អ្នក​ប្រព្រឹត្ត​កំហុស​ ផ្លូវច្បាប់​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​លោក​ សុខ​ ឥ​សាន​៖«​ឥឡូវ​វា​ជា​រឿង​បុគ្គល​ ហើយ​បើ​គណបក្ស​ យកមុខ​មក​ពាំង​រឿង​បុគ្គល​អ​ញ្ចឹ​ង​ ខ្ញុំ​គិត​ថា​គណបក្ស​ ក៏​អាច​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ដែរ​ រឿង​ហ្នឹង​ គឺ​វា​ចេះ​តែ​រាល​ទៅ​មុខ​ ហើយ​ប្រ​សិន​ណា​គាត់​មិន​បែងចែក​ឲ្យ​ច្បាស់​ថា​ អ្វី​ទៅ​ជា​រឿង​បុគ្គល​ អ្វី​ទៅ​ជា​រឿង​រួម​របស់​គណបក្ស​»​។​

​តើ​អ្នកវិភាគ​យល់​ឃើញ​ដូច​ម្ដេច​ ចំពោះ​ការ​ប្រកាន់​ជំហរ​ របស់​បក្ស​ប្រឆាំង​?

​អ្វី​ដែល​ លោក​ កឹ​ម​ សុខា​ បាន​ឡើង​មានការ​ប្ដេជ្ញា​ចិត្ត​ដូចនេះ​ បាន​ធ្វើ​ឱ្យ​អ្នកវិភាគ​ មានការ​ភ្ញាក់ផ្អើល​ ព្រោះ​លោក​ កឹ​ម​ សុខា​ បាន​បាត់​មុខ​ ថ្លែង​ជា​សាធារណៈ​ វាយប្រហារ​ធ្ងន់ៗ​ លើ​ បក្ស​កាន់​អំណាច​ជិត​៤​ខែ​មក​ហើយ​ ចាប់តាំងពី​លោក​ មានរឿង​ក្ដី​នៅ​តុលាការ​ ករណី​ស្រី​ស្នេហ៍​។​

​សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ ពិនិត្យ​ឃើញ​ថា​ សេណា​រូ​យូ​ ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ ជា​វិជ្ជមាន​ព្រោះ​អន្តរជាតិ​ នឹង​ចូល​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត​។​

លោក​ សូ​ ច​ន្ថា​៖​ «​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​សម្ងំ​ស្ងៀម​ មិន​ធ្វើ​សកម្មភាព​អ្វី​ជា​ពិសេស​ លោក​ កឹ​ម​ សុខា​ ថា​ មិន​បា​បញ្ចេញ​សារ​នយោបាយ​អ្វី​ទេ​ ស្ថានការណ៍​វិវត្តន៍​ នៃ​នយោបាយ​គឺ​អត់​ទៅ​មុខ​ទេ​ មាន​ន័យ​ថា​ នៅ​ទ្រឹង​ប៉ុណ្ណឹង​។​ ក៏​ប៉ុន្តែ​បើសិនជា​ លោក​ កឹ​ម​ សុខា​ បញ្ចេញ​សារ​នយោបាយ​ហើយ​មាន​កម្លាំង​យុវជន​ កម្លាំង​ពលរដ្ឋ​ដែល​គាំទ្រ​ មើលទៅ​មាន​ទំងន់​ ខ្ញុំ​គិត​ថា​ កន្លែង​ និង​ សេណា​រី​យូ​ មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ ការ​សម្របសម្រួល​នយោបាយ​ ហើយ​ប្រសិនបើ​មានការ​ធ្វើ​បាតុកម្មអហិង្សា​ ដើម្បី​ឲ្យ​ទម្លាក់​ចោលការ​ចោទ​ ប្រកាន់​លើ​លោក​ កឹ​ម​ សុខា​ ហើយ​មានការ​បង្ក្រាប់​ឈាន​ដល់​ចំនុច​នោះ​ ដែល​សហគមន៍​អន្តរជាតិ​ នឹង​អាច​លូកដៃ​ចូល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ និង​ជួយ​សម្របសម្រួល​ស្ថានការណ៍​ នយោបាយ​»​។​

​ចំណែក​លោក​ បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ មើលឃើញ​ថា​ ភាព​ស្ងប់ស្ងាត់​របស់​មេ​បក្ស​សង្គ្រោះ​ជាតិ​ កន្លង​មក​បាន​នាំ​ភាគី​មួយទៀត​ មើល​ស្រាល​។​

​លោក​បណ្ឌិត​ មាស​ នី​៖​ «​ហាក់ដូចជា​ការ​បង្ហាញ​ជម្រើស​ថ្មី​ ដែល​ក្រោយ​ពី​ការ​ចរចារ​ គេ​មិន​ព្រម​គឺ​ មាន​តែ​គៀងគរ​នៅ​កម្លាំង​មហាជន​ អ្នកគាំទ្រ​ ហើយ​មេដឹកនាំ​ ស្រាប់តែ​បង្ហាញ​ភាពរឹងមាំ​ទោះបី​ ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ពេល​ខាង​មុខ​ក៏​ដោយ​ ប៉ុន្តែ​បង្ហាញ​នូវ​ភាពរឹងមាំ​មួយ​ថា​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ការ​តស៊ូ​តទៅ​ទៀត​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មាន​អាវុធ​ក្នុង​ដៃ​ ដូច​គណបក្ស​ ហ្វ៊ុ​ន​ស៊ី​ន​ ប៉ិច​ នោះ​ទេ​។​ ករណី​ផ្ទុះ​ ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥​ -​ទី​៦​ កក្កដា​ ១៩៩៧​ រវាង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ ប៉ិច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ផ្ដើម​ពី​សភាពការណ៍​នយោបាយ​ តានតឹង​ដែរ​។​ ប៉ុន្តែ​រូបភាព​ពេល​នោះ​ គឺ​ដណ្ដើម​អំណាច​គ្នា​ ក្នុង​រដ្ឋាភិបាល​ ចម្រុះ​ ដែល​ទីបំផុត​ បក្ស​កាន់​អំណាច​សព្វថ្ងៃ​បាន​ប្រយុទ្ធ​ឈ្នះ​លើ​គូប្រកួត​ខ្លួន​។​

​លោក​បណ្ឌិត​ មាស​ នី​ មើលឃើញ​ថា​ បក្ស​កាន់​អំណាច​ អាច​យក​លេស​ ដូច​ថ្ងៃ​ ៥-៦​ កក្កដា​ ១៩៩៧​ ដោយ​បង្វែរសភាពការណ៍​ថ្មី​ ហើយ​ដឹកនាំ​ប្រទេស​មួយ​ដំណាក់​ទៀត​ ដែល​លោក​ថា​ពលរដ្ឋ​នឹង​បន្ត​ការ​ឈឺចាប់​។​

លោក​ បណ្ឌិត​ មាស​ នី​៖«​ស្ថានការណ៍​នយោបាយ​នេះ​ ខ្ញុំ​គិត​ថា​ ប្រសិនបើ​គណបក្ស​ណាមួយ​ក្នុង​នឹង​ មាន​បំណង​ចង់​រុញ​ស្ថានភាព​ និង​ឲ្យ​ដល់​កន្លែង​មួយ​ដែល​អាច​នឹង​កើត​ មាន​អំពើ​ហិង្សា​ ខ្ញុំ​គិត​ថា​ គេ​មិន​ដោះ​ទេ​។​ គេ​ទុក​រហូត​ បើ​ថា​រុញ​ខ្លាំង​ឲ្យ​ដល់​ការ​បង្ហូរឈាម​ដូច​ឆ្នាំ​ ៩៧​ ហើយ​ក្លាយជា​វិធានការ​ក្នុង​ការ​គ្រប់គ្រង​ ស្ថានភាព​ឡើង​វិញ​ កាន់កាប់​អំណាច​បន្ត​ទៀត​ ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ជា​រឿង​មួយ​ដែល​យើង​កំពុង​តែ​តាមដាន​ថា​ តើ​វា​ចូល​កន្លង​ និង​បន្ត​ដែរ​ឬ​ អត់​»​។​

​យ៉ាងណា​ ក៏​ដោយ​ អ្នកវិភាគ​ ទាំង​២​នេះ​ សង្ឃឹមថា​ អ្នកនយោបាយ​ខ្មែរ​មក​ពី​គណបក្សកាន់អំណាច​និង​បក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​ធ្វើ​ឱ្យ​មាន​កំហុស​ ប្រវត្តិសាស្ត្រ​ ហើយ​ នាំ​ឱ្យ​កេ្ម​ង​ជំនាន់​ក្រោយ​ ប្រមាថ​នោះ​ទេ​៕​

Share

Image
Image
Image